ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគមផ្តៅដំបូងបង្អស់ ត្រូវបង្កើតឡើងនៅកម្ពុជា


ដើម្បីស្តាប់ព័ត៌មាននេះ

ក្រោមកិច្ចសហការរវាងអង្គការមូលនិធិពិភពលោកសម្រាប់អភិរក្សធម្មជាតិ
World Wildlife Fund ហៅកាត់ WWF និងសមាគមសិប្បករកម្ពុជា សមា
គមផ្តៅដំបូងបង្អស់នឹងត្រូវបង្កើតឡើងនៅប្រទេសកម្ពុជា ដើម្បីរក្សានិរន្តភាព
ផ្គត់ផ្គង់ផ្តៅ និងជំរុញការនាំចេញផលិតផលផ្តៅ ទៅទីផ្សារអន្តរជាតិ។

មន្ត្រីរដ្ឋាភិបាល និងមន្ត្រីអង្គការអន្តរជាតិសរុបជាង២០នាក់នឹងជួបជុំគ្នានៅថ្ងៃ
ច័ន្ទនេះនៅទីក្រុងភ្នំពេញដើម្បីបង្កើតសមាគមផ្តៅដំបូងបង្អស់នៅកម្ពុជា ក្រោម
ជំនួយមូលនិធិ និងសហការពីអង្គការមូលនិធិពិភពលោកសម្រាប់អភិរក្សធម្ម
ជាតិWWF និងសមាគមសិប្បករកម្ពុជា។ សមាគមនេះដែលមានឈ្មោះថា
សមាគមផ្តៅកម្ពុជានឹងដើរតួជាអ្នកធានាឲ្យមានការប្រើប្រាស់ផ្តៅប្រកបដោយ
និរន្តភាពនិងបើកទម្លាយការនាំចេញផ្តៅពីប្រទេសកម្ពុជាទៅកាន់ទីផ្សារបរ-
ទេស។

លោក អ៊ូ រតនៈ ប្រធានគម្រោងផ្តៅរបស់អង្គការ WWF និយាយថា សមាគម
ផ្តៅកម្ពុជានឹងប្រមូលផ្តុំសហគ្រាសកែច្នៃផ្តៅនិងសហគមកែច្នៃផ្តៅ ជាពិសេស
សម្រាប់តម្រូវទៅតាមទីផ្សារអន្តរជាតិ។

“បើសិនជានាំចេញ គឺត្រូវការបរិមាណច្រើន អីចឹងសមាគមអាចជួយគ្នា។ ហើយ
មួយទៀតគាត់អាចចែករំលែកបទពិសោធន៍ទាក់ទងនឹងការកែច្នៃម៉ូត គុណភាព
ផលិតរបស់គាត់ហ្នឹងទៅឲ្យអ្នកដទៃទៀត។ ដូច្នេះយើងអាចផលិត បាននូវផលិត
ផលមួយដែលអាចឆ្លើយតបទៅនឹងទីផ្សារអន្តរជាតិ ហើយគាត់មានលទ្ធភាពនូវ
ការនាំចេញ”។

ដើម្បីសម្រេចបាននូវគោលដៅនាំចេញនេះ លោក អ៊ូ រតនៈ លើកឡើងថា សមា-
គមនឹងតាមដានពីការកាប់ផ្តៅធម្មជាតិ ជំរុញឲ្យមានការដាំដុះផ្តៅឡើងវិញដើម្បី
ធានាឲ្យមាននិរន្តភាព ផ្តល់ដល់អ្នកកៃច្នៃនូវចំណេះដឹង បទពិសោធន៍ថ្មី ទាក់ទង
នឹងបច្ចេកទេសកែច្នៃ ការជួញដូរ ការស្វែងរកទីផ្សារជាតិ និងអន្តរជាតិ និងការ
ទាមទារអាជ្ញាប័ណ្ណស្របច្បាប់ ក្នុងការដឹកជញ្ជូនដើម្បីកាត់បន្ថយចំណាយលើ
ការនាំចេញជាដើម។

កម្ពុជា គឺជាប្រទេសមួយក្នុងទ្វីបអាស៊ីដែលសម្បូរទៅដោយផ្តៅធម្មជាតិប្រមាណ
២០ប្រភេទខុសៗគ្នា។ រុក្ខជាតិវល្លិ៍នេះ ដែលមានស្លឹកតូចៗពណ៌ខៀវស្រងាត់
មានគុម្ពធំៗ និង បន្លាស្រួចៗ តែងដុះប្របតាមគុម្ពោតព្រៃ និង តាមជ្រលងភ្នំ
នានានៅទូទាំងប្រទេស។ ក៏ប៉ុន្តែ អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ផ្តៅ
ធម្មជាតិត្រូវគេកាប់បំផ្លាញដើម្បីលក់ឲ្យឈ្នួញនាំចេញទៅប្រទេសវៀតណាម
និងទៅថៃ ដោយមិនមានការប្រុងប្រយ័ត្នដល់ការហិនហោចនាថ្ងៃអនាគត
ឡើយ។

យោងតាមតួលេខពីអង្គការWWFពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៦ ផ្តៅធម្មជាតិ យ៉ាង
ហោចណាស់ ៣.០០០តោន ត្រូវនាំចេញដោយខុសច្បាប់ទៅប្រទេសវៀតណាម
និង១២.០០០តោនទៀតត្រូវនាំចេញទៅប្រទេសថៃ។

ដើម្បីជៀសវាងវិនាសកម្មធនធានផ្តៅ ចាប់ពីពាក់កណ្តាលឆ្នាំ ២០០៨មក អង្គ
ការWWFបានបង្កើតសហគមការពារនិងដាំផ្តៅឡើងវិញនៅខេត្តកំពត។ រហូត
មកដល់ពេលនេះ គម្រោងគ្រប់គ្រងផ្តៅប្រកបដោយនិរន្តភាពនេះ បានពង្រីក
ទៅដល់៤ខេត្តផ្សេងទៀតហើយ រួមមានខេត្តព្រះសីហនុ កោះកុង កំពង់ធំ និង
ព្រះវិហារ។ ប៉ុន្តែសកម្មភាពដាំផ្តៅនាបច្ចុប្បន្ននេះមានតែមួយកន្លែងប៉ុណ្ណោះគឺ
នៅក្នុងសហគមព្រែកត្នោតនៃខេត្តកំពតដែលដាំលើផ្ទៃដីប្រមាណ២៥ហិចតា។
គេអាចយកផ្តៅទៅកែច្នៃជាគ្រឿងសង្ហារឹមផ្សេងៗ ដូចជា តុ ទូ កៅអី សាឡុង
ជាដើម។ ផលិតផលផ្តៅទាំងនេះមានការពេញនិយមណាស់នៅទ្វីបអឺរ៉ុប អា-
មេរិកនិងកាណាដា ។ ជាក់ស្តែង ក្នុងមួយឆ្នាំៗ ការជួញដូរផលិតផលគ្រឿង
សង្ហារឹមធ្វើពីផ្តៅក្នុងទីផ្សារអន្តរជាតិមានចំនួនប្រមាណ ៤ពាន់លានដុល្លារអា-
មេរិក នេះបើយោងទៅតាមលោកអ៊ូ រតនៈនៃអង្គការ WWF។ ក្នុងនោះ ផលិត
ផលផ្តៅ ប្រហែលជា៨០ភាគរយនាំចេញពីប្រទេសឥណ្ឌូណេស៊ី។ ចំណែកប្រ-
ទេសម៉ាឡេស៊ីថៃ និងវៀតណាម ក៏ជាប្រទេសនាំចេញផលិតផលផ្តៅដែរ ។
ដោយឡែក នៅប្រទេសកម្ពុជាវិញ ហូតមកដល់ពេលនេះ មិនមានការនាំចេញ
ផលិតផលផ្តៅ ឬគ្រឿងសង្ហារឹមធ្វើពីផ្តៅ ទៅទីផ្សារពិភពលោកទាល់តែសោះ។
ហើយបច្ចុប្បន្ន មានប្រជាជនប្រមាណតែ៨០០គ្រួសារប៉ុណ្ណោះនៃខេត្តកំពត
ដែលទទួលបានផលចំណេញ ផ្នែកសេដ្ឋកិច្ចពីផ្តៅនេះ តាមរយៈការបណ្តុះកូន
ផ្តៅ ដាំផ្តៅ កែច្នៃ និងលក់ផលិតផលផ្តៅជាដើម ។ ពួកគេអាចកាប់ផ្តៅបានប្រ-
មាណជាងកន្លះតោនក្នុងមួយខែ និងអាចកែច្នៃតុ និងកៅអីបានជាងប្រមាណ
៤០ប៉ុណ្ណោះ សម្រាប់ចែកចាយតាមសហគ្រាសមួយចំនួននៅរាជធានីភ្នំពេញ
និង ខេត្តសៀមរាប។

លោក ម៉ែន ស៊ីនឿន ប្រធានសមាគមសិប្បករកម្ពុជាមានប្រសាសន៍ថា កម្ពុជា
មិនទាន់មានលទ្ធភាពនាំចេញផលិតផលធ្វើពីផ្តៅ ដូចប្រទេសក្នុងតំបន់នោះ
ទេ ដោយសារភាពទន់ខ្សោយផ្នែកគុណភាព សោភ័ណភាពនិងបទពិសោធន៍
នាំចេញរបស់សិប្បករខ្មែរ។

“គុណភាព យើងធ្វើទៅវានៅវៀចវ៉ច។ វាអត់ទាន់ចំស្តង់ដា ខ្វះខាងរចនាម៉ូត។
យើងធ្វើទៅដដែលៗ អត់មានជំនាញ ខាងប្រាស្រ័យទាក់ទងរកទីផ្សារ អត់
មានជំនាញខាងការនាំចេញទេ”។

បន្ថែមពីលើនេះ លោកទេព អស្នារិទ្ធ មន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាននៃអង្គការ
WWFបានថ្លែងថា អ្នកកែច្នៃផ្តៅនៅកម្ពុជាមិនទាន់អនុលោមតាមគោលការណ៍
បរិស្ថាន ដែលជាការទាមទាររបស់ទីផ្សារអន្តរជាតិនៅឡើយ ។ គោលការណ៍
បរិស្ថានគឺមិនត្រូវខ្ជះខ្ជាយផ្តៅក្នុងពេលកែច្នៃ និងមិនប្រើប្រាស់ជាតិគីមី ដែលនាំ
ឲ្យមានផលប៉ះពាល់អវិជ្ជមានលើគុណភាពផលិតផល និងប៉ះពាល់ដល់បរិស្ថាន
ជាដើម។ ដូច្នេះ សមាគមនឹងជួយឲ្យសហគ្រាសកែច្នៃផ្តៅទាំងឡាយប្រើបច្ចេក
ទេសកែច្នៃ ដែលធានានូវគុណភាពខ្ពស់ ដើម្បីឲ្យផលិតផលផ្តៅរបស់ខ្មែរមាន
លក្ខណៈប្រកួតប្រជែងគ្រប់គ្រាន់។

លោកឃុន ថន ប្រធានសហគ្រាសកែច្នៃនិងលក់ផ្តៅ ‘ឃុន ប៊ុនឡាង’ ដែលធ្លាប់
ច្រានចោលការបញ្ជាទិញពីអន្តរជាតិ ដោយសារកង្វល់ពីការមានផ្តៅមិនគ្រប់
គ្រាន់សម្រាប់កែច្នៃនោះសង្ឃឹមថា ក្រៅពីជួយពង្រីកទីផ្សារនាំចេញ សមាគម
ផ្តៅកម្ពុជានឹងអាចធានាឲ្យបាននូវការផ្គត់ផ្គង់ធនធានផ្តៅ សម្រាប់កែច្នៃឲ្យបាន
ទាន់ពេលវេលានិងប្រកបដោយនិរន្តភាព។

“សំខាន់ឲ្យមានវត្ថុធាតុដើម ហើយនិងគេមកកុម៉្មង់ យើងហ៊ានទទួលគេ វា
សង្ឃឹមហើយ។ ហើយបើថា ក្រោយពីបង្កើតហើយ ឧទាហរណ៍ មានភ្ញៀវគេ
ចង់កុម្ម៉ង់យើងអត់ហ៊ានទទួលគេដដែលៗ អីចឹងសមាគមអត់រស់បានទេ”។

នៅឆ្នាំ ២០១៥ អង្គការមូលនិធិពិភពលោកសម្រាប់អភិរក្សធម្មជាតិ WWFនឹង
ជំរុញឲ្យមានការនាំចេញផលិតផលផ្តៅកែច្នៃនៅក្នុងស្រុកសរុប យ៉ាងហោច
ណាស់៥០ភាគរយ ទៅកាន់អឺរ៉ុប អាមេរិក និងជប៉ុន។

លោកឡាវ សុថាផល អនុប្រធាននាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់
នៃរដ្ឋបាលព្រៃឈើ បានថ្លែងថា ជោគជ័យនៃការនាំចេញផលិតផលផ្តៅទៅកាន់
ទីផ្សារអន្តរជាតិនឹងជួយជំរុញសេដ្ឋកិច្ចសហគមន៍ឲ្យរីកចំរើននិងធ្វើឲ្យប្រជាជន
តាមទីជនបទមានជីវភាពល្អប្រសើរ៕ ចប់

XS
SM
MD
LG