ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារពិភពលោកសុំឱ្យរដ្ឋាភិបាល យកចិត្តទុកដាក់លើទំនាស់ដីធ្លី


របាយការណ៍របស់ធនាគារពិភពលោកដែលបានដាក់ផ្សាយជាសាធារណៈកាល
ពីពេលថ្មីៗនេះដោយវាយតម្លៃលើគម្រោងរៀបចំដែនដី និង រដ្ឋបាលដីធ្លីរបស់
ធនាគារពិភពលោកបង្ហាញនូវការស្នើសុំឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមលើ
បញ្ហាទំនាស់ដីធ្លី និង ការបណ្តេញពលរដ្ឋក្រីក្រចេញពីទីក្រុង ដែលកំពុងតែកើត
មាននៅប្រទេសកម្ពុជា។

របាយការណ៍ជាភាសាអង់គ្លេសដែលមាន១៩ទំព័រហើយចុះផ្សាយតាមគេហទំព័រ
របស់ធនាគារពិភពលោកបានឱ្យដឹងថា មានក្រុមបេសកម្មសិក្សាវាយតម្លៃមួយ
បានមកធ្វើការវាយតម្លៃលើគម្រោងកាលពីថ្ងៃទី ៣០ខែមីនា ដល់ថ្ងៃទី១២ ខែ
មេសាឆ្នាំ២០០៩ដោយសារចង់ដឹងពីលទ្ធផលនៃគម្រោងដែលទាក់ទងនឹងករណី
បណ្តេញប្រជាពលរដ្ឋចេញនាពេលថ្មីៗនេះដើម្បីផ្តល់ជូនថ្នាក់គ្រប់គ្រងធនាគារ
ពិភពលោកនូវការវាយតម្លៃដ៏ហ្មត់ចត់មួយអំពីស្ថានភាពជាក់ស្តែង រួមមានការ
ផ្សារភ្ជាប់រវាងគម្រោងលើបញ្ហាដ៏រស៊ើបមួយនេះ។

របាយការណ៍បានដាក់ចេញនូវអនុសាសន៍ចំនួន១១ចំណុចដែលក្នុងនោះមានការ ធានាឱ្យបានថាមានវិធានការបណ្តោះអាសន្នដើម្បីការពារដីរបស់ជនជាតិដើមភាគ
តិចរហូតដល់ពេលមានការអនុវត្តច្បាប់បានត្រឹមត្រូវយកចិត្តទុកដាក់ដល់ទីតាំង
លំនៅថ្មីរបស់ជន ដែលត្រូវគេបណ្តេញចេញពីទីលំនៅឱ្យបានសមស្របតាម
ស្តង់ដាអន្តរជាតិ និង ការណ៍ដែលតម្រូវឱ្យធនាគាពិភពលោកជួយសាលាក្រុង
ភ្នំពេញក្នុងការសិក្សាបទពិសោធន៍ពីប្រទេសដទៃសម្រាប់ជួយកម្ពុជាក្នុងការកែ
លំអទីក្រុងដោយមានការយកចិត្តទុកដាក់លើជនក្រីក្រ។

ប៉ុន្តែមុនពេលដែលអនុសាសន៍ទាំងនេះត្រូវបានអនុវត្តនិងកែលម្អគម្រោង ដែល
មានទឹកប្រាក់២៤,៣លានដុល្លារមួយនេះត្រូវបានរដ្ឋាភិបាលសម្រេចបញ្ឈប់មុន
ពេលបញ្ចប់ជាផ្លូវការនៅដំណាច់ឆ្នាំនេះ បន្ទាប់ពីដំណើរការអស់រយៈពេលជាង
៧ឆ្នាំ។

នៅក្នុងពិធីមួយកាលពីថ្ងៃចន្ទ លោកហ៊ុន សែនប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រ-
កាសបញ្ឈប់គម្រោងនេះជាផ្លូវការក្រោមហេតុផលថា មានលក្ខខណ្ឌច្រើនពេក។
“ឱ្យនៅស្រកេកស្រកាកនៅហ្នឹង។ បន្តិចលក្ខខណ្ឌ បន្តិចព្យួរ។ មិនបាច់ព្យួរទេឱ្យ
វាចប់បណ្តោយទៅ ចរចាមិនត្រូវគ្នាហើយ។ មិនមែនមិនត្រូវគ្នាទេ អាហ្នឹងវា
លក្ខខណ្ឌច្រើនពេក។ ទោះបីជាត្រូវគ្នាក៏ឈប់ដែរ”។

គោលដៅនៃការអនុវត្តន៍គម្រោងរៀបចំដែនដី និង រដ្ឋបាលដីធ្លី ដែលបានចាប់
ដំណើរការពីខែមិនាឆ្នាំ២០០២មកគឺដើម្បីជួយរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តន៍
កម្មវិធីគោលនយោបាយដីធ្លី។ ចាប់តាំងពីមានដំណើរការមក គម្រោងបានផ្តល់
ប័ណ្ណកម្មសិទ្ធិដីធ្លីប្រមាណ១,១លានក្បាលដល់ម្ចាស់កម្មសិទ្ធ។ ក្រៅពីលើកឡើង
ថា នេះជាចំណុចល្អរបាយការណ៍ត្រួតពិនិត្យមើលរបស់ធនាគារពិភពលោកបាន
ដាក់ការស្តីបន្ទោសលើការយឺតយ៉ាវឬមិនបានអនុវត្តសកម្មភាពខ្លះ ដូចជាពុំមាន
ការចូលរួមរបស់អង្គការមិនមែនរដ្ឋាភិបាល ឬ អង្គការសង្គមស៊ីវិលក្នុងការផ្សព្វ
ផ្សាយព័ត៌មាននិងការវិវត្តន៍លឿននៅក្នុងទីផ្សារដីធ្លីចំពោះអសុវត្ថិភាពនៃការកាន់
កាប់ដីសម្រាប់ជនក្រីក្រ ជាពិសេសនៅតំបន់ទីក្រុង និង សម្រាប់ជនជាតិដើម
ភាគតិច។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកក្រោយពីរដ្ឋាភិបាលបាន
សម្រេចឈប់ធ្វើសហការ លោកស្រី Annette Dixon នាយិកាប្រចាំប្រទេស
សម្រាប់តំបន់អាស៊ីអគ្នេយ៍បានបញ្ជាក់ថាៈ

"សុវត្ថិភាពដីធ្លី និងការដោះស្រាយទំនាស់ដីធ្លីប្រកបដោយតម្លាភាពនិងត្រឹមត្រូវ
ហើយនិងការផ្លាស់ប្តូរទីលំនៅ គឺ ស្ថិតនៅក្នុងចំណោមបញ្ហាប្រឈមធំៗបំផុត
សម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ។ ប្រជាពលរដ្ឋដែលគ្មានដីធ្លី ឬកម្ម
សិទ្ធិដីធ្លី គឺទំនងជានឹងក្រីក្រ ហើយនឹងបន្តក្ររហូត"។

ក្រុមសិទ្ធិមនុស្សនានាបានបញ្ជាក់ថា បញ្ហាដីធ្លី ដែលកើតមានឡើងនៅក្នុងប្រ-
ទេសកម្ពុជាចំពោះជនក្រីក្រនៅក្នុងទីក្រុង មានដូចជាការបណ្តេញចេញពីទីលំ
នៅដោយបង្ខំ ហើយទាក់ទងនឹងបញ្ហានេះ កាលពីខែកក្កដាធនាគាពិភពលោក
បានចូលរួមជាមួយនឹងសហគមន៍អ្នកផ្តល់ជំនួយជាច្រើនទៀត ស្នើសុំឱ្យរដ្ឋាភិ
បាលបញ្ឈប់ការបណ្តេញប្រជាជនក្រីក្រចេញពីទីក្រុងដោយបង្ខំ ។

រីឯសម្រាប់ជនក្រីក្រនៅទីជនបទវិញ ជាពិសេសជនជាតិដើមភាគតិចត្រូវបានគេ
វាតយកដី ក្រោមលេសអភិវឌ្ឍន៍ហើយបានផ្តល់សំណងតិចតួច ។ នៅតំបន់ខ្លះ
មានការរំលោភយកដីពីសំណាក់អ្នកមានអំណាចដោយសារប្រជាពលរដ្ឋមិនបាន
យល់ដឹងអំពីច្បាប់និងមិនបានចុះបញ្ជីដីធ្លីបានត្រឹមត្រូវហើយមានប្លង់កម្មសិទ្ធិដី
ជាន់គ្នាដោយសារតែតម្លៃដីធ្លីឡើងខ្ពស់។

លោក ប៉ែន បូណា សកម្មជនសិទ្ធិមនុស្សមួយរូបរបស់អង្គការអាដហុក ដែល
មានការយល់ដឹងច្រើនពីបញ្ហាសិទ្ធិជនជាតិភាគតិច បានប្រាប់វីអូអេសម្លេងសហ
រដ្ឋអាមេរិកថា ដោយសារកង្វះខាតក្នុងការអនុវត្តន៍ច្បាប់និងចុះបញ្ជីឱ្យបានត្រឹម
ត្រូវ ជនជាតិភាគតិចនៅខេត្តរតនគីរីបានក្លាយជាជនរងគ្រោះពីការរំលោភយក
ដីនិងព្រៃឈើសហគន៍ហើយបញ្ហានេះនៅបន្តកើតមានឡើងនៅឡើយ។

“មានបុគ្គលអ្នកមានលុយមានអំណាចមួយចំនួនធំបានចុះទៅខេត្តរតនគីរីដើម្បី
បង្កើតឯកសារមួយដែលមិនពេញច្បាប់ ដោយឱ្យសហគមន៍ជនជាតិភាគតិចដែល
លោកទទួលការគំរាមកំហែង បញ្ចុះបញ្ចូលផង ហើយផ្តិតមេដៃលើឯកសារហ្នឹង
ហើយមានអាជ្ញាធរឃុំបោះត្រាទៀត ហើយគេក៏យកឯកសារទាំងហ្នឹង ដែលមិន
ពេញតាមផ្លូវច្បាប់ទៅធ្វើការរុករានដីព្រៃ ឬ មួយរំលោភយកដីចំការពនេចររបស់
សហគមន៍ជនជាតិដើមភាគតិចដែលតាមផ្លូវច្បាប់រដ្ឋចាត់ទុកថា ជាកម្មសិទ្ធិរបស់
រដ្ឋ”។

ប្រជាពលរដ្ឋមួយរូបមកពីខេត្តស្វាយរៀងដែលអះអាងថា លោកគឺជាជនរងគ្រោះ
ម្នាក់ក្នុងការរំលោភយកដីពីសំណាក់មន្រ្តីយោធាបានធ្វើការចោទប្រកាន់ថា ដីមួយ
កន្លែងក្នុងភូមិ តាពៅ ឃុំបាវិត ស្រុក ចន្រ្ទា ខេត្ត ស្វាយរៀង ទំហំជាងពីរហិកតា
ដែលលោកកាន់កាប់តាំងពីឆ្នាំ១៩៨០មក ត្រូវបានមន្ត្រីសូរិយោដីខេត្តចេញប្លង់កម្ម
សិទ្ធិដោយលោកមិនបានដឹង បើទោះបីជាលោកធ្វើស្រែនៅលើដីនោះជារៀងរហូត
មកក៏ដោយ។

លោកឯក សារឿន អតីតយោធិនមួយរូបដែលបច្ចុប្បន្នរស់ក្នុងស្ថានភាពក្រីក្របាន
បង្ហាញពីភាពទាល់ច្រកក្នុងការស្វែងរកដំណោះស្រាយដែលលោកបានប្តឹងតាំងពី
ឆ្នាំ២០០០មក ។ នៅក្នុងបទសម្ភាសន៍មួយជាមួយវីអូអេ សម្លេងសហរដ្ឋអាមេរិក
លោកបានគំរាមថានឹងដុតខ្លួនធ្វើអត្តឃាត។

“បំណងរបស់ខ្ញុំថាខ្ញុំត្រូវតែស្លាប់ដើម្បីកុំឱ្យសម្តេចហ៊ុន សែន គាត់គ្មានបំណងជួយ
ដោះស្រាយប្រជាពលរដ្ឋដែលរងគ្រោះក្រោយៗទៀត ខ្ញុំនឹងធ្វើជាគំរូមួយឱ្យពិភព
លោកនិងប្រជាពលរដ្ឋក្នុងស្រុកខ្មែរ ឱ្យគាត់បានឃើញ ខ្ញុំឥតខ្លាចទេព្រោះខ្ញុំរស់
នៅសព្វថ្ងៃនេះ ខ្ញុំពិបាកណាស់វេទនាណាស់ចាប់តាំងពីចេញពីតស៊ូមក”។

នៅមានបញ្ហាមួយចំនួនដែលរបាយការណ៍របស់ធនាគារពិភពលោកបានស្នើសុំ
ឱ្យដោះស្រាយជាបន្ទាន់ដែរ គឺការគូសផែនទីដីរបស់រដ្ឋនៅតំបន់ទីក្រុង ព្រោះ
នៅទីនេះ ហើយដែលមានការបណ្តេញជនក្រីក្រជាច្រើនក្រោមលេសថាប្រជាជន
ដែលត្រូវបានបណ្តេញចេញកំពុងប្រើប្រាស់ដីសាធារណៈរបស់រដ្ឋ៕ ចប់

XS
SM
MD
LG