ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុស្សរណៈកម្ពុជា-ថៃឆ្នាំ២០០០ នោះជាជម្រើសមិនឈ្លាសវៃ


ខណៈដែលរដ្ឋាភិបាលកម្ពុជាពេញចិត្តនឹងដំណើរការចរចាព្រំដែនជាមួយថៃតាម
អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០នោះ លោកសៀន ប៉េងសែ អតីតរដ្ឋមន្ត្រី
ក្រសួងឧស្សាហម្មខ្មែរ រំពឹងថា ការចរចានេះនឹងចេះតែជួបវិបត្តិគ្មានទីបញ្ចប់និង
មិនមានលទ្ធផលល្អទេ។

លោកសៀន ប៉េងសែ អះអាងថា កម្ពុជាជ្រើសរើសផ្លូវខាតប្រយោជន៍ដោយចុះ
ព្រមព្រៀងអនុស្សរណៈយោគយល់គ្នានេះ។

បន្ទាប់ពីកម្ពុជាចប់សង្គ្រាម សមាហរណកម្មកម្លាំងភាគីខ្មែរក្រហម និង មាន
ទំនាក់ទំនងពាណិជ្ជកម្មតាមព្រំដែន ប្រទេសទាំងពីរបានចាប់ផ្តើមចរចាព្រំ
ដែននិងបានចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នានៅថ្ងៃ១៤ ខែមិថុនាឆ្នាំ
២០០០។

លោកសៀន ប៉េងសែ អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មខ្មែរ និយាយថា ដោយ
សារកម្ពុជាតូច ខ្សោយ កម្ពុជាគួរជ្រើសរើសផ្លូវច្បាប់ដែលខ្លួនមានប្រៀប ប្រើ
ផែនទីធ្លាប់ឈ្នះក្តីប្រាសាទព្រះវិហារនៅតុលាការអន្តរជាតិក្រុងឡាអេ ជាជាង
ធ្វើការចរចាតាមរយៈអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០រវាងកម្ពុជា-ថៃ ។

“ឆ្នាំ១៩៦២ ដែលតុលាការគេសម្រេច វាច្បាស់លាស់អស់ហើយ។ តំបន់សអត់
ដែលមានទេ ហេតុអីបានមានតំបន់ស? ជជែកគ្នាតទៅទៀតធ្វើអី? ខ្ញុំថា វាអត់
បានការទេ ពីព្រោះយើងជជែកគ្នា ហើយយើងធ្វើស្មូមជូជក់ទៅសុំគេ។ប្រទេស
យើងតូច ហើយយើងមានច្បាប់អន្តរជាតិ យើងយកច្បាប់អន្តរជាតិធ្វើទៅ”។

លោកសៀន ប៉េងសែនិយាយថា អនុស្សរណៈឆ្នាំ២០០០រវាងខ្មែរ-ថៃធ្វើឱ្យព្រំ
ប្រទល់ដែលច្បាស់លាស់នៅប្រាសាទព្រះវិហារធ្លាក់ក្នុងស្ថានភាពដែលថៃចង់
បានគឺតំបន់ស ដែលជាយថាហេតុ ថៃមិនអនុញ្ញាតឱ្យខ្មែរសង់ផ្សារនៅជើង
ប្រាសាទព្រះវិហារក្នុងទឹកដីខ្មែរ ដោយយកអនុស្សរណៈឆ្នាំ២០០០នេះមកធ្វើ
ជាសំអាង។

“ពួកខាងភ្នំពេញគេថា ខ្ញុំយកសន្ធិសញ្ញានិយាយផ្តេសផ្តាស។ឥឡូវសៀមមិន
ឱ្យយើងសង់ផ្សារ វាដុតនោះណា៎។ យើងធ្វើ វាអត់ឱ្យធ្វើទេ ព្រោះវាផ្ទុយសន្ធិ
សញ្ញាការយោគយល់គ្នា។ ខ្មែរយើងអត់ដឹងថា យើងធ្វើសន្ធិសញ្ញានេះវាផ្ទុយ
ប្រយោជន៍របស់យើង។ គ្រាន់តែ យើងចង់ធ្វើអីនៅប្រាសាទព្រះវិហារ គាត់អត់
ព្រម។ គាត់ថា អាហ្នឹងតំបន់ស”។

លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង និងជាប្រធានគណៈកម្មការព្រំដែនខ្មែរអះអាង
ថា អនុស្សរណៈឆ្នាំ២០០០មិនមានដាក់តំបន់ប្រសាទព្រះវិហារជាតំបន់សទេ។ អនុស្សរណៈនេះចែងអំពីសហប្រតិបត្តិការធ្វើព្រំដែនគោករួម ប្រវែង៨០៥គ.ម.
ពីខ្នងភ្នំដងរែកដល់មាត់សមុទ្រ ។ លោកនិយាយថា ការអះអាងរបស់លោក
សៀន ប៉េងសែខុសការណ៍ពិត។

“បើថា លោកអត់ដឹងអីទេ កុំចេះតែអះអាងអត់ត្រូវការណ៍ពិត ណា៎។ គេហាម
មិនឱ្យយើងសង់ផ្សារឡើងវិញហ្នឹង គេអាងអំណះអំណាងថា យើងរំលោភ
មាត្រា៥នៃអនុស្សរណៈឆ្នាំ២០០០។យើងបានប្រាប់ទៅថៃវិញថា អ្វីដែលយើង
កំពុងធ្វើតាមបញ្ជារបស់សម្តេចអគ្គតេជោហ៊ុន សែន សាងសង់ផ្សារឡើងវិញ
គឺថា យើងយោងមាត្រា៥នៃអនុស្សរណៈ ពីព្រោះយើងធ្វើអ្វីឱ្យទៅជាស្ថានភាព
ដើមវិញ។ ស្ថានភាពដើមវាមានផ្សារ។អនុស្សរណៈចុះថ្ងៃ១៤ខែ៦ឆ្នាំ២០០០។
ផ្សារមានតាំងពីឆ្នាំ១៩៩៨”។

ប្រទេសថៃបានជំទាស់មិនឱ្យប្រទេសកម្ពុជាដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌ
ពិភពលោកទេ ។ ក្រោយពីអង្គការយូណេស្កូទទួលស្គាល់ប្រាសាទព្រះវិហារជា
បេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ៧កក្កដា២០០៨មក មានការប៉ះទង្គិចគ្នាប្រដាប់
អាវុធ ដែលបានសម្លាប់ទាហានភាគីទាំងសង្ខាង យ៉ាងតិច ៧ នាក់នៅក្នុងការ
ប្រយុទ្ធគ្នា មានឆេះផ្ទះ ឆេះផ្សារជាដើម។

លោក សៀន ប៉េងសែរំឭកថា ក្នុងប្រវត្តិសាស្ត្រក៏ដូចបច្ចុប្បន្ន ថៃព្យាយាមប្រើ
ពេលវេលាចរចាដើម្បីផលប្រយោជន៍ខ្លួន។

“ជំនាន់ដើមគេមិនចង់ឱ្យយើងប្តឹងទៅតុលាការអន្តរជាតិក្រុងឡាអេទេ។សព្វថ្ងៃ
គេមិនចង់ឱ្យយើងប្តឹងទៅណាទៀត។ សន្ធិសញ្ញាមួយក្នុងឆ្នាំ២០០០គឺថា បើមាន
រឿងព្រំប្រទល់ដែន យើងត្រូវជជែកគ្នា។ អាហ្នឹងយើងប្តឹងវាអត់បានទេ”។

លោកវ៉ា គឹមហុងមានប្រសាសន៍ថា រដ្ឋាភិបាលមិនបានធ្វើអនុស្សរណៈយោគ
យល់គ្នានេះដោយខាតប្រយោជន៍ខ្មែរទេ ។ អនុស្សរណៈនេះនៅតែរក្សាលទ្ធ
ផលនៃការសម្រេចរបស់តុលាការអន្តរជាតិឆ្នាំ ១៩៦២ ដដែល។

“បើលោកមើលMOUឆ្នាំ២០០០នេះ គេយោងទាំងអស់អ្វីដែលមានពីមុនមក។
គេយោងទាំងអស់ អនុសញ្ញា សន្ធិសញ្ញា ផែនទី ឯកសារ ពិធីសារ១៩០៧។
ទាំងអស់ហ្នឹង គេយោងទាំងអស់ ទាំងផែនទី”។

ទោះជាយ៉ាងណាលោកវ៉ា គឹមហុង អះអាងថា ជម្រើសធ្វើសហប្រតិបត្តិការធ្វើព្រំ
ដែនរួមជាជម្រើសបឋម ក្នុងនាមជាប្រទេសជិតខាងល្អ ហើយរដ្ឋាភិបាលកម្ពុជា
មិនបានបិទសិទ្ធិខ្លួនឯងធ្វើការប្តឹង ក្នុងករណីដែលការបោះបង្គោលព្រំដែនខុស
ពីផែនទីបារាំង-សៀមនោះ។ ក៏ប៉ុន្តែលោកសៀន ប៉េងសែ ព្រួយបារម្ភថា ការចរ
ចានេះនឹងអូសបន្លាយ ហើយអាចនឹងមានឧប្បត្តិហេតុអកុសលធ្ងន់ធ្ងរ។

ក្រោយពីទទួលបានឯករាជ្យពីអាណាព្យាបាលបារាំង កម្ពុជាបានចាប់ផ្តើមទាម
ទារប្រាសាទព្រះវិហារពីប្រទេសថៃវិញក្នុងឆ្នាំ ១៩៥៨ ក្រោយពីកម្ពុជាទាមទារ
បានខេត្តខ្លះពីថៃមកវិញ ដូចជាខេត្តបាត់ដំបង សៀមរាបជាដើម ។ ទំនាស់នេះ
បានតឹងតែងឡើង ដែលមានការផ្តាច់ទូតនៅឆ្នាំ ១៩៥៨ ហើយកម្ពុជាបានដាក់
ពាក្យបណ្តឹង ទៅតុលាការអន្តរជាតិក្រុងឡាអេ ដែលបានសម្រេចប្រគល់ប្រា-
សាទព្រះវិហារមកខ្មែរវិញនៅឆ្នាំ១៩៦២។

អតីតកាលព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ បានប្តឹងទៅតុលាការអន្តរ
ជាតិទាន់ពេល មុនថៃបញ្ចប់សមាជិកភាពរបស់ខ្លួនក្នុងតុលាការអន្តរជាតិក្នុងឆ្នាំ
១៩៦១ បើមិនដូច្នេះទេ កម្ពុជាមិនអាចប្តឹងថៃឡើងតុលាការអន្តរជាតិ ឈ្នះក្តី
ប្រាសាទព្រះវិហារបានទេ៕ ចប់

XS
SM
MD
LG