ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេទិកាម្ចាស់ឆ្នោត-មន្ត្រី រក្សាតម្លៃសន្លឹកឆ្នោត


ដើម្បីលើកតម្លៃសន្លឹកឆ្នោតរាស្ត្រខ្មែរ និង ដោយឃើញភាគរយអ្នកទៅបោះឆ្នោត
ធ្លាក់ចុះជាលំដាប់ ពីជាង៨៥%ក្នុងឆ្នាំ១៩៩៣ មកជាង៦០%ក្នុងឆ្នាំ២០០៨នោះ
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌Comfrelបានពង្រីក
បេសកកម្មពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ទៅដល់ការពង្រឹងតម្លៃសន្លឹក
ឆ្នោត ដោយជំរុញឱ្យអ្នកជាប់ឆ្នោតគោរពពាក្យសន្យាអំឡុងពេលឃោសនាបោះ
ឆ្នោត។
[ - សិទ្ធិ និងតួនាទីប្រជាពលរដ្ឋចូលរួមនៅឃុំ សង្កាត់។
- យើងមកជួបជុំគ្នាអស់ហើយឬ?
- ចា៎ បាទ
​ - បងប្អូនទាំងអស់គ្នា​ តើក្នុងឃុំរបស់យើងមានបញ្ហាអ្វីខ្លះ?
- លោកពូ នៅក្នុងឃុំយើងសព្វថ្ងៃនេះ យុវជនប្រើគ្រឿងញៀនច្រើនឡើងៗ
ហើយ។
- ការលូចប្លន់នៅតែមាន។
- ការលូចឆក់ប្លន់ គឺបណ្តាលមកពីការប្រើប្រាស់គ្រឿងញឿន ល្បែងស៊ីសង
គ្មានការងារធ្វើ ហើយម៉្យាងទៀត មកពីភាពធូររលុងនៃការអនុវត្តច្បាប់
មែនទេ?
- ចា៎ បាទ អញ្ចឹងហើយ។ ​ល្អណាស់។
- បាទ មានអ្នកណាមានយោបល់ទៀតទេ?]

លោកគល់ បញ្ញានាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី
និងយុត្តិធម៌ Comfrel បានសម្តែងការព្រួយបារម្ភអំពីការធ្លាក់ចុះនៃភាគរយអ្នក
បោះឆ្នោត ដោយសារតែអ្នកនយោបាយភាគច្រើនមិនគោរពពាក្យសន្យាពេល
ឃោសនារកសម្លេងឆ្នោត ដូចជាការសន្យាអំពីវិសមភាពgender ការចូលរួម
របស់ស្ត្រីក្នុងវិស័យនយោបាយ បញ្ហាថ្នាំញៀន ព្រៃឈើដីធ្លី ចោរកម្ម បញ្ហា
នេសាទអភិបាលកិច្ចល្អ អប់រំ ការអភិវឌ្ឍន៍ កាត់បន្ថយភាពក្រីក្រ ។ល។គឺពាក្យ
សន្យារាប់មិនអស់ទេ។

លោកនិយាយថា ដើម្បីរក្សាតម្លៃសន្លឹកឆ្នោត និង តម្លៃនៃការបោះឆ្នោតគណៈ
កម្មាធិការComfrelបានរៀបចំវេទិកាសាធារណៈ ដើម្បីឱ្យម្ចាស់ឆ្នោតមានឱកាស
សាកសួរ ឬលើកសំណូមពរទៅតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់
ស្រុក-ខណ្ឌ និង ខេត្ត-ក្រុង ដែលអ្នកជាប់ឆ្នោតដើម្បីឱ្យគោរពពាក្យសន្យារបស់
ខ្លួន។

លោកគល់ បញ្ញាបានលើកឡើងថា ជាអកុសលវេទិការវាងម្ចាស់ឆ្នោត និង
តំណាងរាស្ត្រនេះ កម្រមានការចូលរួមពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា
ដែលកាន់អំណាចនោះ។ ដូច្នេះលោកត្រូវពង្រីកយុទ្ធសាស្ត្រពីវេទិការវាងម្ចាស់
ឆ្នោតនិងតំណាងរាស្ត្រដែលបានសន្យា និងបានទទួលសម្លេងឆ្នោតផ្តាល់ពីរាស្ត្រ
មកធ្វើវេទិការវាងម្ចាស់ឆ្នោត និងក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ខណ្ឌនិង ខេត្ត-
ក្រុង ដែលមិនបានទទួលសម្លេងឆ្នោតផ្ទាល់ពីរាស្ត្រវិញ បើទោះបីជាវេទិកានោះ
មានការអបអរសាទរពីពលរដ្ឋ និងកម្រមានការរារាំងពីអាជ្ញាធរក្តី។

លោកគល់ បញ្ញា និយាយថា“កន្លងមកយើងបានបន្ថយវេទិកាថ្នាក់ជាតិ ដែល
យើងហៅអ្នកតំណាងរាស្ត្រ អាហ្នឹងមានបញ្ហាត្រង់ថា ក្រៅពីគណបក្សអត់កាន់
អំណាច គេចូលរួម រីឯគណបក្សកាន់អំណាចអត់ចូលរួមទេ ។ អញ្ចឹងហើយ
បានមកដល់ឥឡូវ យើងបន្ថយវេទិកាហ្នឹង។ យើងធ្វើតែសិក្ខាសាលាទេ ដែល
យើងអញ្ជើញអ្នកតំណាងរាស្ត្រចូលរួម”។

លោកហ៊ុន ណេង អភិបាលខេត្តកំពង់ចាម និងជាបងប្រុសរបស់លោកយករដ្ឋ
មន្ត្រី ហ៊ុន សែន មកពីគណបក្សប្រជាជនកម្ពុជា បានអះអាងថា កន្លងមក
តំណាងរាស្ត្រគណបក្សកាន់អំណាចមិនសូវមានពេលចូលរួមវេទិកាសាធារណៈ
របស់ Comfrel ទេ ដោយសាររវល់ចុះអភិវឌ្ឍមូលដ្ឋានតាមពាក្យសន្យាជាមួយ
ម្ចាស់ឆ្នោត។

“គណបក្សប្រជាជនគេអ្នកធ្វើ។ មិនមែនអ្នកនិយាយចោលឯណា។ គេមានលទ្ធ
ភាពត្រូវធ្វើប្រឡាយទឹក ប្រឡាយទឹក ត្រូវធ្វើវត្តលោក វត្តលោក អណ្តូងទឹក
សាសា​ សាលា។ល។”។

ទោះជាយ៉ាងណាក៏ដោយ លោកហ៊ុន ណេងទទួលស្គាល់ថា វេទិការវាងម្ចាស់
ឆ្នោត និងមន្ត្រីជាវេទិកាសំខាន់ ហើយក្រុមប្រឹក្សាខេត្ត-ក្រុង ស្រុក-ខណ្ឌ នឹង
មានភារកិច្ចជួបជាមួយម្ចាស់ឆ្នោតក្នុងវេទិកាសាធារណៈ ស្តាប់សំណើប្រជាពល
រដ្ឋ និងពិភាក្សាផែនការអភិវឌ្ឍន៍។

“អង្គការនានាបានស្នើសុំមកមកអាជ្ញាធរដើម្បីធ្វើវេទិកាជួបរវាងម្ចាស់ឆ្នោតនិង
តំណាងរាស្ត្រអី អញ្ចឹងណា៎។ បាទ សំខាន់ណាស់។ គេធ្លាប់ធ្វើទេតើ។ គេធ្វើ
ជាបន្តបន្ទាប់ទេតើ”។

លោក ប៉ិន សារឿន អ្នកសម្របសម្រួលគណៈកម្មាធិការ Comfrel នៅខេត្ត
ពោធិសាត់ បាននិយាយថា ប្រជាពលរដ្ឋពេញចិត្តវេទិកាសាធារណៈនេះ។

“កន្លងមក ខ្ញុំទៅធ្វើ គេចូលរួមគគ្រឹកគគ្រេង គេគាំទ្រ។ ​គេសប្បាយចិត្តណាស់
ណា៎។ ប្រជាពលរដ្ឋសួរក្រុមប្រឹក្សាឃុំ ដែលបានសន្យាជាមួយប្រជាពលរដ្ឋ ថា
ធ្វើបានប៉ុន្មាន ហើយអ្វីខ្លះ ដែលធ្វើមិនបាន?​”

លោកសង្កត់ធ្ងន់ថា ជាទម្លាប់គេមិនសូវបានធ្វើតាមកិច្ចសន្យាទេ ពីព្រោះ
តំណាងរាស្ត្រសព្វថ្ងៃមិនមែនធ្វើការដើម្បីប្រជាពលរដ្ឋទេ គឺដើម្បីបក្ស។ លោក
បន្ថែមថា គណបក្សប្រជាជនបានធ្វើតាមកិច្ចសន្យាបានច្រើនជាងគេ ពីព្រោះ
គណបក្សនេះកាន់អំណាច រីឯគណបក្សប្រឆាំងបានខំប្រឹងតាមលទ្ធភាពខ្លួនតែ
ប៉ុណ្ណោះ។

“សព្វថ្ងៃតំណាងរាស្ត្រមិនមែនតំណាងប្រជាពលរដ្ឋទេគឺតំណាងបក្ស។អាហ្នឹង
ខ្ញុំនិយាយឱ្យច្បាស់។ គណបក្សកាន់អំណាច គេមានឥទ្ធិពលទូទាំងខេត្ត។ គេ
ធ្វើអី គេធ្វើបាន។ គណបក្សប្រឆាំង គេជួយ ឧបមាថា មានបញ្ហាដីធ្លី គេជួយ
ប្រជាពលរដ្ឋធ្វើពាក្យបណ្តឹង ពាក្យអី។ គេធ្វើអន្តរាគមន៍អីណា៎។ គាត់ជួយទៅ
តាមលទ្ធភាព ដែលគាត់មាន”។

លោកហោ ហំ សមាជិកក្រុមប្រឹក្សាឃុំបាត់កណ្តោល ស្រុកក្រគរ ខេត្តពោធិសាត់
និយាយថា វេទិកាមានសារៈសំខាន់សម្រាប់តម្លាភាព អភិបាលកិច្ចល្អជាដើម។

“ប្រជាពលរដ្ឋគាត់មើលឃើញថា មានអ្នកបំផ្លាញហើយ ទប់ស្កាត់បានហើយ
មិនចាប់ជនល្មើសដាក់ទោសទណ្ឌ។ គាត់មើលឃើញអត់ធ្វើតាមក្រិត្យក្រម
នីតិវិធីនៃច្បាប់ទេ គាត់នឹងមកលើកនៅវេទិកាថា អ្នកនេះធ្វើអញ្ចេះៗៗ”។

លោកគល់ បញ្ញាមានប្រសាសន៍ថា លោកមិនកំណត់ប្រធានបទទេគឺមូលដ្ឋាន
កំណត់ប្រធានបទខ្លួនឯងតាមបញ្ហាដែលកើតមានក្នុងមូលដ្ឋាន លើកលែងតែ
ប្រធានបទពីបញ្ហាស្រី្ត។

“បញ្ហាស្ត្រី? មកពីយើងគិតថា បញ្ហាស្ត្រីជាបញ្ហាសំខាន់ ហើយវា កើតមាន
គ្រប់ស្រុក ជាពិសេសអំពើហិង្សាក្នុងគ្រួសារ ការចូលរួមរបស់ស្ត្រីក្នុងកិច្ចការ
ងារសុខភាព ការងារអប់រំ ការងារសង្គម គឺថា យើងលើកទឹកចិត្តឱ្យមានការ
ជជែកបញ្ហាស្ត្រីមួយដាច់ដោយឡែក”។

លោកស្រី លន់ ស៊ីថាន់ អ្នកសម្របសម្រួលវេទិកាសាធារណៈនេះនៅខេត្តព្រះ
វិហារ និយាយថា វេទិការបស់លោកស្រីនឹងផ្តោតលើបញ្ហាស្រី្ត វិសមភាពភេទ
ជាដើម។

“ប្រធានបទផ្តោតទៅលើស្រ្តីដែលរងគ្រោះ និងកុមារអី អញ្ចឹង។ ចង់ឱ្យស្រីឈរ
ជាបេក្ខេជនបាន៣០% ជំរុញគាត់។ គណបក្សអីដាក់ មកច្រើនតែដាក់ស្រ្តីនៅ
ក្រោមពេក អត់បានបន្ទាប់ៗ។ ចា៎ យើង ឃើញក្មេងប្រុសរៀនបានច្រើនជាង
ក្មេងស្រី កន្លងមក។ ក្មេងស្រីរៀនបានត្រឹមថ្នាក់ទី ៧ ​ឬ ទី ៨ យ៉ាងច្រើន គាត់
ឈប់។ ឪពុកម្តាយចង់ឱ្យជួយធ្វើការងារផ្ទះច្រើនជាង”។

លោកស្រីបន្តថា តាមរយៈវេទិកាទាំងនេះ ស្ត្រីមានការយល់ដឹងអំពីសិទ្ធិរបស់
ខ្លួន និងហ៊ានរាយការណ៍អំពីអំពើហិង្សានានាមកលើពួកគាត់។

លោកគល់ បញ្ញាមានប្រសាសន៍ថា វេទិកាទាំងនេះក៏នឹងបញ្ជ្រៀបច្បាប់ភូមិបាល
ថ្មី ដែលតម្រូវឱ្យពលរដ្ឋស្វះស្វែងរកក្រុមប្រឹក្សាឃុំ-សង្កាត់ ខណ្ឌ-ស្រុក ខេត្ត-
ក្រុង សម្របសម្រួលទំនាស់ដីធ្លី ជាជាងដោះស្រាយទំនាស់តាមរយៈតុលាការ
ដែលល្បីថា អយុត្តិធម៌ និងពុករលួយនោះ។

លោកគល់ បញ្ញាបន្តថា បើទោះជាជួបឧបសគ្គអញ្ជើញតំណាងរាស្ត្រគណបក្ស
កាន់អំណាចក្តី ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការ Comfrel បានប្តូរ
យុទ្ធសាស្ត្រគឺពង្រីកវេទិកាសាធារណៈរវាងម្ចាស់ឆ្នោតនិងក្រុមប្រឹក្សាឃុំ-សង្កាត់
ស្រុក-ខណ្ឌ និងខេត្ត-ក្រុងវិញ ដែលមានកិច្ចសហការពីគ្រប់គណបក្ស បើទោះ
ជាក្រុមប្រឹក្សាទាំងនេះមិនបានទទួលសន្លឹកឆ្នោតដោយផ្ទាល់ពីម្ចាស់ឆ្នោតក្តី។
រហូតបច្ចុប្បន្ននេះ គណៈកម្មាធិការរបស់លោករៀបចំវេទិកានេះបានជាង៣០០
ហើយ ។

លោកគល់ បញ្ញាបានប្រាប់ឱ្យដឹងថា នាសប្តាហ៍ចុងក្រោយក្នុងខែសីហានេះ
Comfel រៀបចំវេទិកានៅតាមខេត្ត-ក្រុងចំនួន១២ទៀត។

“យើងពង្រីកបេសកកម្មយើង។ បេសកកម្មស្នូលនោះគឺជំរុញឱ្យមានការបោះ
ឆ្នោតដោយសេរី និង យុត្តិធម៌ហ្នឹងហើយ។ ប៉ុន្តែយើងបានពង្រីកបេសកកម្ម
យើងធ្វើម៉េចឱ្យលទ្ធផលបោះឆ្នោតហ្នឹងមានអត្ថន័យដល់ប្រជាពលរដ្ឋ។ អញ្ចឹង
យើងគិត សង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមទៅបោះឆ្នោតទៀត បើគាត់មើល
ឃើញថា វាមានន័យនៃការចូលរួមរបស់គាត់នៅពេលបោះឆ្នោតហ្នឹង ”។

លោកគល់ បញ្ញាបន្តថា ការបោះឆ្នោតមានន័យលុះត្រាតែវាជាការបោះឆ្នោត
សេរី យុត្តិធម៌ផង ហើយម្ចាស់ឆ្នោតមានលទ្ធភាពដេញដោលឱ្យអ្នកជាប់ឆ្នោត
គោរពាក្យសន្យារបស់ខ្លួនផង បើមិនដូច្នេះទេ ចំនួនពលរដ្ឋចេញទៅបោះឆ្នោត
នឹងបន្តធ្លាក់ចុះ ពីព្រោះសន្លឹកឆ្នោតរបស់គេឥតន័យ បើទោះជាការបោះឆ្នោត
សេរី និងយុត្តិធម៌ក៏ដោយ៕

XS
SM
MD
LG