ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តីកម្ពុជាកំពុងប្រឈមមុខជំងឺមហារីក មាត់ស្បូនដោយការអៀនខ្មាស


ស្រ្តីនៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងជំងឺមហារីកមាត់ស្បូនដែលមាន
អាត្រាខ្ពស់ជាងគេ បើធៀបទៅនឹងជំងឺមហារីកដទៃទៀតនិងប្រទេសជិតខាង។

នៅក្នុងបន្ទប់ពិនិត្យជំងឺផ្នែករោគស្រ្តីនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្នុងទីក្រុង
ភ្នំពេញដែលក្នុងចំណោមស្រ្តីមកពិនិត្យរោគស្រ្តីយូរៗមានស្រ្តីដោយកម្រព្រម
ធ្វើការត្រួតពិនិត្យរកជំងឺមហារីកមាត់ស្បូន។

អ្នកស្រីលឹម មុយហួង អាយុ៤៤ឆ្នាំមកពីខេត្តកំពង់ធំកំពុងឲ្យអ្នកគ្រូពេទ្យពិនិត្យ
អាការៈរោគរបស់គាត់ហើយនេះជាលើកទី២ដែលគាត់បានសំរេចចិត្តពិនិត្យជំងឺ
មហារីកមាត់ស្បូន បន្ទាប់ពីគាត់បានទទួលយោបល់ពីគ្រូពេទ្យថា គាត់គួរតែ
ពិនិត្យរកជំងឺនេះម្តងទៀតហើយ ពីព្រោះគាត់ពិនិត្យលើកមុនតាំងពី២ឆ្នាំមុនមក
ម្ល៉េះ។

"យើងបារម្ភពីសុខភាពយើង។ យើងត្រូវតែមកពេទ្យឲ្យពេទ្យពិនិត្យមើល ក្រែង
លោយើងមានបញ្ហាអ្វី យើងអាចព្យាបាលឲ្យទាន់ពេលវេលា។ យើងអត់ដែល
មកពិនិត្យទៅ កាលណាវាហួសពេលទៅ យើងមិនអាចព្យាបាលបាន”។

អ្នកស្រី លឹម មុយហួងគឺជាស្រ្តីម្នាក់ថិតក្នុងចំណោមស្រ្តីតិចតួចដែលបានដឹងពី
ការពិនិត្យជំងឺនេះដោយការផ្សព្វផ្សាយអំពីជំងឺមហារីកមាត់ស្បូននេះនៅមិនទាន់
បានទូលំទូលាយនៅឡើយ។

លោកវេជ្ជបណ្ឌិត លាង ច័ន្ទឫទ្ធិ ឯកទេសសម្ភពនិងរោគស្រ្តី និងជាអនុប្រធាន
មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឲ្យដឹងថា ជាមធ្យមក្នុង១ថ្ងៃមានអ្នកមកពិនិត្យ
ជំងឺមហារីកមាត់ស្បូនប្រហែល៤ទៅ៥នាក់ដែលជាចំនួនមួយនៅតិចនៅឡើយ
បើទោះបីជាមានសេវាពិនិត្យជំងឺនេះនៅកន្លែងផ្សេងៗទៀតក៏ដោយ។

“នៅក្នុងប្រទេសកម្ពុជាយើងនេះជំងឺមហារីកមាត់ស្បូនច្រើនជាងគេបង្អស់ ដូច្នេះ
ស្រ្តីមួយចំនួនមកពីជនបទ មកពិគ្រោះជំងឺច្រើនតែជាជំងឺមហារីកមាត់ស្បូនហួស
ពេលដែលមានដំណាក់កាលខ្ពស់”។

ដំណាលគ្នានេះដែរលោកស្រីឡុង ចេង នាយសាលផ្នែករោគស្រ្តីនៅមន្ទីរពេទ្យមិត្ត
ភាពខ្មែរសូវៀតបានឲ្យដឹងថា ក្នុង១ខែមានស្រ្តីប្រមាណជា១៣០នាក់មកពិនិត្យ
ជំងឺមហារីកមាត់ស្បូន ក្នុងនោះមាន៣ទៅ៤នាក់កោសិកាស្បូនមានភាពមិនប្រ-
ក្រតី ហើយមាន១០នាក់ផ្សេងទៀតបានកើតជំងឺមហារីកមាត់ស្បូនរួចទៅហើយ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលដែលបានផ្សព្វផ្សាយកាលពីឆ្នាំ
២០០៨បង្ហាញឲ្យដឹងថា ជំងឺមហារីកមាត់ស្បូនមានអត្រាច្រើនជាងគេបំផុតក្នុង
ចំណោមមហារីកដែលកើតមាននៅលើស្រ្តីកម្ពុជា។ ស្ទើរតែទាំងអស់នៃស្រ្តីដែល
ស្លាប់ដោយសារជំងឺនេះគឺស្លាប់ក្នុងវ័យក្មេង។

លោកស្រី វេជ្ជបណ្ឌិត ប្រាក់ ពិសិដ្ឋរង្សី ប្រធាននាយកដ្ឋានការពារសុខភាពនៃ
ក្រសួងសុខាភិបាល មានប្រសាសន៍ថា ចំពោះស្រ្តីនៅក្នុងប្រទេសកម្ពុជាក្នុង
ចំណោមស្រ្តី១០០០០នាក់ យ៉ាងហោចណាស់មានស្រ្តី២៦នាក់បានកើតជំងឺនេះ
ដែលជាអត្រាមួយខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង ដូចជា
ប្រទេសថៃ និងវៀតណាម។

លោកស្រី្តវេជ្ជ បណ្ឌិតបានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលកើតមហារីក១០០
នាក់មានអ្នកកើតមហារីកមាត់ស្បូនប្រមាណជា២៦នាក់ មហារីកដោះមាន២០
នាក់ មហារីកស្បូន៦នាក់ និងចំពោះមហារីកដទៃទៀតមានចាប់ពី០.១%ទៅ
៥.១%តែប៉ុណ្ណោះ។

ក្រុមគ្រូពេទ្យបានឲ្យដឹងថា មូលហេតុដែលនាំឲ្យស្រ្តីកម្ពុជាប្រឈមមុខនឹងគ្រោះ
ថា្នក់ជំងឺមហារីកមាត់ស្បូនច្រើនបែបនេះ កត្តាសំខាន់គឺកង្វះព័ត៌មាន ការយល់
ដឹង និងភាពអៀនខ្មាសរបស់ស្រ្តីខ្មែរ។

លោកស្រីវេជ្ជបណ្ឌិត ប្រាក់ ពិសិដ្ឋរង្សី បានឲ្យដឹងបន្ថែមថា ស្រ្តីខ្មែរមានការខ្មាស់
អៀនច្រើនក្នុងការទៅរកគ្រូពេទ្យពិភាក្សាឬពិនិត្យអំពីរោគស្រ្តី ហើយភាគច្រើន
ស្រ្តីនៅតាមជនបទងូតទឹកមិនសូវមានបន្ទប់ទឹក ជាហេតុធ្វើឲ្យពួកគេមិនបានដុស
លាងសម្អាតប្រដាប់ភេទបានល្អ ជាមូលហេតុដែលបណ្តាលឲ្យមានអត្រាជំងឺនេះ
ខ្ពស់។

"អញ្ចឹងសូមណែនាំស្រ្តីទាំងអស់ សូមកុំឲ្យខ្មាសអៀន ធ្វើដូចម្តេចឲ្យគាត់មក
ពិភាក្សាជាមួយគ្រូពេទ្យក្នុងការស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូននេះ ថ្វីត្បិតតែ
មានការចាយលុយមែន ចំណាយលុយបន្តិចបន្តួច ប៉ុន្តែយើងអាចការពារសុខ
ភាពយើងបាន។ អញ្ចឹងធ្វើដូចម្តេចដើម្បីការពារ គឺយើងស្រាវជា្រវមុន កាត់
បន្ថយកុំឲ្យយើងឈានដល់ជំងឺមហារីកមាត់ស្បូននេះ”។

ជាមួយគ្នានេះដែរ លោកស្រ្តីវេជ្ជបណ្ឌិតពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិកនៃ
សមាគមថែទាំសុខភាពគ្រួសារកម្ពុជា ហៅកាត់ថា រ៉ាក់ បានឲ្យដឹងថា ក្នុង១
ឆ្នាំជាមធ្យមមានអ្នកមកទទួលយកសេវាកម្មនៅគ្លីនិករ៉ាក់ប្រមាណជា១៣ម៉ឺន
នាក់ក្នុងនោះ១០ភាគរយបានធ្វើការតាមដានរកមហារីកមាត់ស្បូន ហើយមាន
ប្រហែលជា៦ទៅ៧ភាគរយមានការប្រែប្រួលកោសិកាមាត់ស្បូន។

"១០ភាគរយក្នុងចំណោមស្រ្តីដែលបានមកទទួលនៅកន្លែងខ្ញុំគឺតិចណាស់ អញ្ចឹង
ហើយបានជាពួកខ្ញុំនេះគឺបានធ្វើការពង្រីកការផ្សព្វផ្សាយខ្លាំងមែនទែន។ ឆ្នាំនេះ
សមាគម រ៉ាក់ បានបង្កើតបន្ថែមការផ្សព្វផ្សាយតាមរយៈកម្មវិធីវិទ្យុ។ ក្នុងចំណោម
ស្រ្តីដែលមានមកធ្វើតេស្តតាមដានរកមើលមហារីកមាត់ស្បូននេះ គឺ យើងឃើញ
ថា អត្រាវិជ្ជមានរបស់ស្រ្តីគឺនៅក្នុងសមាគម រ៉ាក់ គឺមានកម្រិតខ្ពស់”។

បញ្ហាដែលធ្វើឲ្យស្រ្តីប្រឈមជាខ្លាំងនេះ លោកស្រីវេជ្ជបណ្ឌិតប្រាក់ ពិសិដ្ឋរង្សី
ប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល បានឲ្យដឹងបន្តថា
ដើម្បីកាត់បន្ថយជំងឺស្បូននេះ កាលពីឆ្នាំ២០០៧ ក្រសួងសុខាភិបាលបាន
បណ្តុះបណ្តាលមន្រ្តីជំនាញតាមមន្ទីរពេទ្យឲ្យចេះពិនិត្យរកជំងឺនេះ មានការចុះ
អប់រំដល់ស្រ្តីតាមភូមិ និងនៅតាមមន្ទីរពេទ្យ ពេលដែលស្រ្តីមកទទួលយកសេវា
ផ្សេងៗ។ ហើយនៅចុងឆ្នាំ២០០៩នេះ ក្រសួងមានគម្រោងផ្សព្វផ្សាយតាមវិទ្យុ
និងទូរទស្សន៍អំពីជំងឺនេះឲ្យកាន់តែទូលំទូលាយដើម្បីឲ្យប្រជាពលរដ្ឋយល់ច្បាស់
អំពីជំងឺមហារីកមាត់ស្បូននេះ។

ក្រុមគ្រូពេទ្យជំនាញបានផ្តល់ដំបូន្មានថា ជាទូទៅស្រ្តីដែលធ្លាប់បានឆ្លងកាត់ការ
រួមភេទរួចហើយ ត្រូវពិនិត្យរកជំងឺមហារីកមាត់ស្បូននេះឲ្យបានម្តងក្នុង១ឆ្នាំ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលដដែលបានឲ្យដឹងបន្ថែមថា
គេប្រទេះឃើញជំងឺមហារីកមាត់ស្បូនច្រើនជាងគេចំពោះស្រ្តី ក្នុងចំណោមមហា
រីកដទៃទៀតនៅលើសកលលោក ដែលក្នុងនោះមានស្រី្តចំនួន ១.៤ លាននាក់
បានកើតជំងឺនេះនៅឆ្នាំ២០០១។ ហើយក្នុង ១ ឆ្នាំៗ ស្រ្តីច្រើនជាង ៤៦ ម៉ឺននាក់
បានកើតជំងឺនេះ ដែលក្នុងនោះមានស្លាប់ជាង ២៣ម៉ឺននាក់ ហើយជិត៩៥%
កើតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាជាដើម៕

XS
SM
MD
LG