ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការហោរាសាស្រ្ត ត្រូវបង្កើតឡើង


គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្រ្ត និងប្រពៃណីទំនៀមទំលាប់ខ្មែរទើបតែ ត្រូវបានបង្កើតឡើងដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវនិងចងក្រងជាឯក
សារអំពីទំនៀមទម្លាប់បុណ្យប្រពៃណីខ្មែរផ្សេងៗ។

ក្រសួងធម្មការ និង កិច្ចការសាសនាបានបង្កើតគណៈកម្មការស្រាវជ្រាវវិជ្ជាហោរា
សាស្រ្ត និង ប្រពៃណីទំនៀមទំលាប់ខ្មែរកាលពីថ្មីៗនេះ ដែលមន្ត្រីរដ្ឋាភិបាលបាន
អះអាងថា គណៈកម្មការនេះបង្កើតឡើងដើម្បីស្រាវជ្រាវនិងចងក្រងជាឯកសារ
អំពីទំនៀមទំលាប់ប្រពៃណីខ្មែរ។

យោងទៅតាមសេចក្តីសំរេចរបស់ក្រសួងធម្មការ និងកិច្ចការសាសនាកាលពីដើម
ខែសីហានេះបានបញ្ជាក់ថា គណៈកម្មការនេះមានភារកិច្ចស្រាវជ្រាវវិជ្ជាហោរា
សាស្រ្តរៀបចំធ្វើប្រតិទិន និងមហាសង្រ្កាន្តប្រចាំឆ្នាំគណៈកម្មការដដែលនេះក៏
ធ្វើការសិក្សាស្រាវជា្រវប្រពៃណីទំនៀមទំលាប់ខ្មែរទំនៀមទម្លាប់សាសនាព្រះរាជ
ពិធីទ្វារទសមាស បុណ្យជាតិនិងអន្តរជាតិ ចងក្រងបោះពុម្ពផ្សាយរាល់ឯកសារ
ទាក់ទងទៅនឹងព្រះរាជពិធីបុណ្យផ្សេងៗ បុណ្យប្រពៃណីសាសនាដើម្បីទុកជា
ឯកសារសិក្សាស្រាវជា្រវដល់កូនចៅជំនាន់ក្រោយៗ។

លោក មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ និងកិច្ចការសាសនា និងជាប្រធានគណៈ
កម្មការស្រាវជ្រាវវិជ្ជាហោរាសាស្រ្ត និង ប្រពៃណីទំនៀមទម្លាប់ខ្មែរបានឲ្យដឹងថា
គណៈកម្មការនេះបង្កើតឡើងដើម្បីចងក្រងនិងស្រាវជា្រវ ឯកសារ និងទំនៀម
ទម្លាប់ប្រពៃណីខ្មែរឲ្យមានភាពច្បាស់លាស់ត្រឹមត្រូវ។

លោកបញ្ជាក់ថា កន្លងមកដោយសារមិនទាន់មានក្រុមសំរាប់ធ្វើការងារនេះជា
ហេតុបណ្តាលឲ្យមានភាពប្រទាញប្រទង់គ្នា ដូចជាពិធីបុណ្យប្រពៃណីទំនៀម
ទម្លាប់ខ្មែរនិងបុណ្យទំនៀមសម្លាប់សាសនាខ្លះត្រូវបានប្រារព្ធធ្វើមានលក្ខណៈ
ខុសប្លែកៗពីគ្នា ជាហេតុធ្វើឲ្យក្មេងៗជំនាន់ក្រោយមានការយល់ច្រឡំខុសជា
ច្រើនទៅលើទំនៀមសម្លាប់ប្រពៃណីរបស់ខ្មែរ។

“ក្រសួងធម្មការដែលមានពុទ្ធសាសនិកបណ្ឌិតជាឃ្លាំងដំកល់ឯកសារមួយដែល
ប្រពៃណីទំនៀមទម្លាប់គួរតែឯកភាពគ្នាកុំឲ្យមានទំនាស់ទាស់ទែងគ្នារបៀបហែរ
បុណ្យខ្មោច ឬក្រុងពាលី ក្រុងពាលីមានផលប្រយោជន៍អីអានេះអត់ទាន់មានដឹង
ទេមានតែក្រសួងធម្មការទេដែរដឹងក្បូនច្បាប់ក្បួនខ្នាត”។

គណៈកម្មការនេះមានសមាសភាពចំនួនចំនួន១៦នាក់និងគណៈអភិបាលគ្រប់
គ្រងចំនួន៦នាក់ដែលមន្ត្រីទាំងនោះភាគច្រើនជាមន្រ្តីរបស់ក្រសួងធម្មការនិង
សាសនានិងមន្រ្តីរបស់វិទ្យាស្ថានពុទ្ធសាសនិកបណ្ឌិត។

លោកមិន ឃិន បានបន្តថាគណៈកម្មការនេះនឹងចាប់ដំណើរការនៅឆ្នាំ២០១០
ដោយធ្វើការពឹងទៅលើឯកសារមួយចំនួននិងមានចុះទៅតាមមូលដ្ឋានគ្រប់ខេត្ត
ក្រុងទាំងអស់ដូចជាតាមភូមិប្រជាពលរដ្ឋរស់នៅនិងតាមទីវត្តអារាមជាដើម។

ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោក មាជ ប៉ុណ ទីប្រឹក្សាអមក្រុមជំនុំទំនៀម
ទំលាប់ខ្មែរនៃវិទ្យាស្ថានពុទ្ធសាសនិកបណ្ឌិតបានឲ្យដឹងថានៅវិទ្យាស្ថានពុទ្ធ
សាសនិកបណ្ឌិតមានក្រុមសំរាប់ធ្វើការងារនេះរួចទៅហើយដូច្នេះការបង្កើត
គណៈកម្មការនេះឡើងលោកមិនហ៊ានសនិដ្ឋានបានថាមានប្រយោជន៍ឬមួយ
យ៉ាងណានោះទេ។

“ខ្ញុំដូចជារកនឹកមិនឃើញថាមានប្រយោជន៍រឺមិនមានប្រយោជន៍នោះទេពីដើម
ឡើយមិនដែរមានផង”។

លោកមាជ ប៉ុណមានបន្តថាតាមពិតការងាររបស់គណៈកម្មការនេះមានចែងក្នុង
អនុក្រិតរបស់ក្រសួងធម្មការ និង សាសនារួចហើយ ដូច្នេះបើសិនជាមិនមាន
គណៈកម្មការនេះទេក៏មន្រ្តីក្នុងក្រសួងត្រូវតែធ្វើការងារនេះដែរ៕ ចប់

XS
SM
MD
LG