ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ុល ពត ជាមេគំនិតឲ្យចាប់បញ្ញវ័ន្ដខ្មែរ មកពីបរទេសដាក់គុក


អតីតប្រធានមន្ទីរស ២១ កាំង ហ្គិចអ៊ាវ ហៅ ឌុច បានប្រកាសកាលពីថ្ងៃពុធថា
ប៉ុល ពត ដែល ជាមេស្ថាបនិករបបកម្ពុជាប្រជាធិបតេយ្យដ៏សម្លាប់រង្គាល បាន
ចែងនយោបាយដើម្បីកំចាត់ក្រុម និស្សិត និង បញ្ញាវ័ន្ដខ្មែរ ដែលបានទៅសិក្សា
នៅបរទេស។

ឌុច បានថ្លែងយ៉ាងដូច្នេះនៅក្នុងសវនាការកាត់ទោសលើរូបគាត់ដោយអង្គជំនុំ
ជម្រះសាលាដំបូងនៃ សាលាក្ដីខ្មែរក្រហម ស្របពេលដែលសាក្សីនៅក្នុងការ
កាត់ទោសនោះ បានបង្ហាញថា សិស្ស និង និស្សិតមកពីក្រៅប្រទេសត្រូវគេ
បញ្ជូនចូលមន្ទីរឃុំឃាំងភ្លាមៗ បន្ទាប់ពីចុះពីលើយន្ដហោះ។

ឌុច បានរៀបរាប់បញ្ជាក់ថា ក្រុមនិស្សិត និងបញ្ញាជន ដែលបានទៅសិក្សានៅ
ប្រទេសក្រៅត្រូវបញ្ជូនមកកាន់មណ្ឌលកែប្រែជាមុន មុននឹងត្រូវចាប់ខ្លួនបញ្ជូន
ទៅកាន់មន្ទីរឃុំឃាំង។

ក៏ប៉ុន្ដែក្រោយមកទៀត ប៉ុល ពត ដែលជាបងធំទីមួយ និងជាអ្នកបង្កើតឲ្យមាន
របបសម្លាប់ជាតិសាសន៍ឯង បានបញ្ជាឲ្យគេបញ្ជូនខ្លួនក្រុមនិស្សិត និងបញ្ញា
វ័ន្ដដែលមកពីបរទេសទៅដាក់គុកទាំងអស់។

"ដល់ក្រោយមក ខ្ញុំឃើញ ជាពិសេសគឺប៉ុល ពតបានសម្រេចមួយរយៈកាលចុង
ក្រោយនេះគឺពួកបញ្ញាជននិងនិស្សិតដែលមកពីបារាំង ចុះពីឡាន វ៉ាលីទៅផ្សេង
មនុស្សទៅផ្សេង ។ មនុស្សចូលស ២១ ។ ដូច្នេះគោលនយោបាយរបស់បក្ស
កុម្មុយនិស្ដកម្ពុជា ដែលប៉ុល ពត ដឹកនាំ វាប្ដូរកាន់តែសាហាវ ឡើងៗ ចំពោះ
បញ្ញាជន។ នេះជារឿងពិត "។

យោងតាមឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្ហាញថា មានសិស្ស
និងនិស្សិតសរុប ចំនួន១៤៩នាក់បានជាប់ឃុំឃាំងនៅមន្ទីរ ស ២១។ និស្សិតនិង
សិស្សទាំងនេះត្រូវចាប់ខ្លួនដោយពួកខ្មែរក្រហមពីតំបន់និងខេត្តនានាក្នុងប្រទេស កម្ពុជា។ដោយឡែកមាននិស្សិត និងបញ្ញាវ័ន្ដសរុបចំនួន១៨៤ នាក់បានត្រូវចាប់
មកដាក់គុកនៅទួលស្លែងនេះដែរ។ ក្រុមបញ្ញាជនទាំងនោះមកពីប្រទេសបារាំង
សហរដ្ឋអាមេរិក កាណាដា អូស្ដ្រាលី រុស្ស៊ី ស្វីស អាល់ហ្សេរី ចិន យូហ្គោស្លាវី
ឆេកូស្លូវ៉ាគី និងអាល្លឺម៉ង់ខាងលិច។

យោងតាមឯកសារនានាបានបញ្ជាក់ថា មាននិស្សិត និង បញ្ញាជនដែលបានទៅ
សិក្សានៅក្រៅប្រទេសយ៉ាងតិចចំនួន ១៥០០ នាក់ត្រូវបានបញ្ជូនឲ្យវិលត្រឡប់
មកកាន់ប្រទេសកម្ពុជាវិញ ឬ បានវិលមកវិញដោយស្ម័គ្រចិត្ដ បន្ទាប់ពីពួកខ្មែរ
ក្រហមឡើងកាន់អំណាច។

លោកAndré Locard ប្រវត្តិវិទូបារាំងបានឲ្យដឹងថា ក្រុមនិស្សិតទាំងនោះបាន
ជឿការឃោសនារបស់ អៀង សារី អតីតឧបនាយករដ្ឋមន្ដ្រី និង ជារដ្ឋមន្ដ្រីការ
បរទេសនៅសម័យខ្មែរក្រហម ។ អៀង សារី បានឃោសនាថា ប្រទេសកម្ពុជា
ត្រូវការរៀបចំឡើងវិញ ហើយត្រូវការធនធានមនុស្សដែលបានទៅសិក្សានៅក្រៅ
ប្រទេស ។ អៀង សារី បច្ចុប្បន្នកំពុងស្ថិតក្រោមការឃុំឃាំងជាបណ្ដោះអាសន្ន
របស់សាលាក្ដីខ្មែរក្រហម។

លោកAndré Locard បញ្ជាក់ថា ប៉ុល ពតបានបញ្ជាឲ្យអប់រំនិស្សិតទាំង១.៥០០
នាក់នោះឡើងវិញ ក៏ប៉ុន្ដែ២ ភាគ ៣ នៃចំនួនបញ្ញាជនទាំងនេះត្រូវសម្លាប់ចោល
ដោយសារតែ ប៉ុល ពត គិតថា ពួកគេមិនអាចអប់រំបានទេ ។ ម្យ៉ាងវិញទៀត
ប៉ុល ពតគិតថា ក្រុមបញ្ញាជនទាំងនោះជាប្រភពអ្នកពុករលួយ មិនស្អាតស្អំ។

សម្រាប់លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា គឺថា ការកំចាត់ក្រុម
និស្សិត និង បញ្ញាវ័ន្ដរបស់ ប៉ុល ពត ជាពិសេស បញ្ញាជនមកពីបរទេស គឺជា
នយោបាយលុបបំបាត់វណ្ណៈ ហើយបង្កើតឲ្យមានវណ្ណៈតែមួយក្នុងសង្គម ពោល
គឺ មានតែវណ្ណៈកម្មករ និងកសិករប៉ុណ្ណោះ។

"នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គេយកវណ្ណៈកម្មករ កសិករជាធំ។ ហើយ
អញ្ចឹង នេះគឺជាយុទ្ធសាស្រ្ដមួយដើម្បីបោសសំអាត ឬក៏សម្រិតសម្រាំងវណ្ណៈ
កម្មករ កសិករ "។

ក៏បុន្ដែនៅទីបំផុតទៅគោលនយោបាយបន្សុតវណ្ណៈរបស់ប៉ុល ពត បានជួបបរា
ជ័យ ហើយរបបគ្រប់គ្រងរបស់ខ្លួនបានដួលរលំ ដោយបន្សល់ទុកនូវការស្លាប់
បាត់បង់ប្រជាពលរដ្ឋស្លូតត្រង់ជិត២ លាននាក់ និងការនិរាសព្រាត់ប្រាស់ក្រុម
គ្រួសារយ៉ាងវេទនា។ ជនសង្ស័យចំនួន ៥ នាក់ដែលទទួលខុសត្រូវចំពោះរបប
នេះត្រូវចាប់ខ្លួនយកមកកាត់ទោស។ ដោយឡែក ប៉ុល ពត បានស្លាប់កាលពី
ឆ្នាំ ១៩៩៨ គឺមុនការកាត់ទោសមកដល់៕ ចប់

XS
SM
MD
LG