ល្ខោនបាសាក់ដែលធ្លាប់មានប្រជាប្រីយ៍ភាពយ៉ាងខ្លាំងជាសិល្បៈកំសាន្តសម្រាប់
ប្រជាពលរដ្ឋខ្មែរមួយចំនួនធំកាលពីសម័យទសវត្សរ៍១៩៦០និង ១៩៧០នោះ
សព្វថ្ងៃហាក់បីដូចជាកំពុងតែប្រឈមមុខនឹងការបាត់បង់ការសំដែងរបស់ខ្លួន។
ការកត់សំគាល់នេះបានលេចឡើងបន្ទាប់ពីរោងសំរាប់សំដែងល្ខោនក្នុងទីក្រុង
ភ្នំពេញលែងមាន ហើយការសំដែងតាមកញ្ជក់ទូរទស្សន៍ក៏មិនសូវមាន រីឯការ សំដែងតាមជនបទក៏មានឃើញដោយកម្រ។
លោក សេក សាវុធ អនុប្រធានសាលាល្ខោននៃសាលាវិចិត្រសិល្បៈ បានឲ្យដឹង
ថា ល្ខោនបាសាក់ក្នុងអំឡុងពេលនេះកំពុងថិតក្នុងស្ថានភាពយ៉ាងអាក្រក់ ហើយ
ត្រូវការសង្រ្គោះជាបន្ទាន់ពីរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា ប្រសិនបើនៅតែមិនមានវិធានការដើម្បីជួយស្រោចស្រង់
ល្ខោនបាសាក់ទេនោះ ល្ខោនបាសាក់អាចនឹងបាត់បង់នៅពេលណាមួយឆាប់មិន
ខាន។
“ស្ថានភាពឥឡូវចុះខ្សោយ ខ្សោយមែនទែន ត្រូវសង្រ្គោះ ពីព្រោះវាធ្ងន់ធ្ងរ យើង
គ្រាន់តែបាននៅសំរាប់បង្ហាត់ដើម្បីថែឲ្យវានៅនឹង ធ្វើឲ្យវារស់ឲ្យតែមានមាន វា
គ្រាន់តែបានផ្ទប់ប៉ុណ្ណឹងទេ ប៉ុន្តែបច្ចុប្បន្ននេះចុះខ្សោយ ចុះដាបហើយ”។
លោក ចាន់ ផល ប្រធានការិយាល័យសិល្បៈមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជ
ធានីភ្នំពេញនិងជាគ្រូបង្ហាត់ល្ខោននិងរបាំបានទទួលស្គាល់ការធ្លាក់ចុះនេះដែរ ហើយការធ្លាក់ចុះបន្ថែមទៀតស្របពេលដែលមានវិបត្តិសេដ្ឋកិច្ចពិភពលោក
បានកើតមានឡើង។
លោកបានបញ្ជាក់ឲ្យដឹងថា កាលពីឆ្នាំកន្លងទៅក្រុមល្ខោនរបស់លោកមានអ្នក
មកជួលឲ្យចេញសំដែងតាមពិធីបុណ្យផ្សេងៗប្រហែល១៨ថ្ងៃក្នុង១ខែ ក៏ប៉ុន្តែ
ក្នុងឆ្នាំនេះក្រុមល្ខោនរបស់លោកចេញសំដែងជាមធ្យមក្នុង១ខែបានតែ៣ដង
ប៉ុណ្ណោះ។
“ល្ខោនបាសាក់សព្វថ្ងៃនេះគឺថាមានការធ្លាក់ចុះច្រើន ។ ឆ្នាំទៅមិញមានគេជួល
ច្រើន លេងនៅតាមភូមិស្រុក ។ ឆ្នាំនេះធ្លាក់ចុះដោយសេដ្ឋកិច្ចធ្លាក់ចុះ”។
លោក ចាន់ ផល បានបន្តទៀតថា ក្នុងចេញការសំដែងម្តងៗលោកបានប្រាក់
ឈ្នួល ប្រហែល៨០០ដុល្លាអាមេរិក ក៏ប៉ុន្តែប្រាក់ទាំងនោះយកមកចែកគ្នាក្នុង
ម្នាក់បានប្រហែលជា៦ម៉ឺនរៀល ស្មើ១៥ដុល្លាតែប៉ុណ្ណោះ ហើយនៅសល់ប៉ុន្មាន
ត្រូវចំណាយទៅលើការតុបតែងឆាក ឈ្នួលឡាននិងថ្លៃម៉ាស៊ីនភ្លើងជាដើម ដែល
ជាហេតុធ្វើឲ្យជីវភាពអ្នកសំដែងល្ខោនជួបប្រទះការយ៉ាប់យឺនមែនទែន។
លោក ឌី សុផល ដែលជាអ្នកសំដែងល្ខោនជាង២០ឆ្នាំកន្លងមកហើយ បានឲ្យ
ដឹងថា ជីវភាពអ្នកសំដែងល្ខោនសុទ្ធតែជួបការលំបាកទាំងអស់គ្នា ហេតុដូច្នេះ
លោកឆ្លៀតពេលទំនេររត់ម៉ូតូឌុប ទើបអាចជួយដោះស្រាយជីវភាពបាន។
”បើនិយាយពីរឿងជីវភាពអ្នកសិល្បករល្ខោនបាសាក់នេះគឺយ៉ាប់ជាងគេតែម្តង
បានតែខែប្រាំងទេ ចេះតែបានតក់ៗចិញ្ជឹមកូនរៀន ហើយដល់ខែវស្សានាំគ្នារត់
ម៉ូតូឌុប ហើយលេងសំដែងតាមបុណ្យបាន៣ម៉ឺន ៣ម៉ឺន៥ពាន់អញ្ជឹងទៅសំដែង
និយាយរួមទៅតាំងពីម៉ោង៩យប់រហូតដល់ជិតភ្លឺ ហើយសំដែងបានប្រាក់តែ
ប៉ុណ្ណឹង បើការរកស៊ីយកអាជីពសំដែងល្ខោនបាសាក់នេះចិញ្ជឹមខ្លួនបានត្រឹម
តែវេទនាតែម្តង”។
ល្ខោនបាសាក់បានចាប់កំណើតតាំងពីឆ្នាំ ១៩៣០ ហើយនៅក្នុងឆ្នាំ ១៩៨៣ដល់
ឆ្នាំ ១៩៩០ ល្ខោនបាសាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន
រហូតដល់មានក្រុមល្ខោនជាង១០០ក្រុមទូទាំងប្រទេស សំរាប់សំដែងបំរើជូន
ប្រជាជនទស្សនា។ ក៏ប៉ុន្តែនៅពេលនេះមានក្រុមល្ខោនប្រហែលជា១០ក្រុម
ប៉ុណ្ណោះ។ ចាប់ពីឆ្នាំប្រហែល១៩៩០មក រោងល្ខោនជាច្រើនក្នុងទីក្រុងភ្នំពេញ
បានបិទទ្វារ ឈប់សំដែងតទៅទៀត។
ល្ខោនបាសាក់ភាគច្រើនត្រូវបានគេជួលសំដែងតាមពិធីបុណ្យផ្សេងៗនៅតាម
បណ្តាខេត្តនិងជាយក្រុងភ្នំពេញ។ ជាទូទៅដើម្បីធ្វើការសំដែងល្ខោនក្នុងមួយ
លើកៗគេត្រូវការអ្នកសំដែងប្រមាណជាង៣០នាក់និងត្រូវការរៀបចំឆាកសំដែង
និងតុបតែងឆាកជាច្រើនទៀតផង។
ការធ្លាក់ចុះនៃការនិយមសិល្បៈល្ខោន ជាហេតុធ្វើឱ្យមានការបង្វែរការសំដែង
ល្ខោនតាមការបញ្ចាំងតាមទូរទស្សន៍ទៅវិញ ដោយនៅក្នុងប្រទេសកម្ពុជាមាន
ទូរទស្សន៍ក្នុងស្រុកប្រមាណជា ១០ប៉ុស្តិ៍ បូកថែមទាំងបណ្តាញទូរទស្សន៍ខ្សែ
កាប២ប៉ុស្តិ៍ផង ។ ក៏ប៉ុន្តែមានតែទូរទស្សន៍ប្រហែលជា ៣ ឬ ៤ប៉ុស្តិ៍ប៉ុណ្ណោះ
ដែលមានកម្មវិធីបញ្ចាំងល្ខោនក្នុង១សប្តាហ៍ម្តង ប្រហែលជា១ម៉ោងទៅ១ម៉ោង
កន្លះក្នុង១លើក។
លោក ម៉ៅ អាយុទ្ធ ប្រធានសមាគមទូរទស្សន៍កម្ពុជាបានឲ្យដឹងថា លោកតែង
តែបំផុសឲ្យបណ្តាញទូរទស្សន៍ទាំងអស់មានកម្មវិធីល្ខោនបាសាក់ ក៏ប៉ុន្តែរហូត
មកដល់ពេលនេះទូរទស្សន៍ភាគច្រើននៅមិនទាន់មានការចាក់ផ្សាយលោ្ខន
បាសាក់នេះនៅឡើយ ។ ការខ្វះអ្នកជួយឧបត្ថម្ភក្នុងកម្មវិធីនោះ ជាហេតុធ្វើឲ្យ
ម្ចាស់ទូរទូស្សន៍ត្រូវចំណាយថវិកាច្រើនក្នុងការផលិត។
មូលហេតុដែលនាំឲ្យមានការធ្លាក់ចុះការសំដែងល្ខោនបាសាក់បែបនេះ លោក
ជិន ជុន អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថា គឺ
បណ្តាលមកពីកត្តាច្រើនយ៉ាង ដូចជាសេដ្ឋកិច្ចមានការរីកចំរើនខ្លាំង ទូរទស្សន៍
មានកម្មវិធីច្រើនសំបូរបែប និង ជីវភាពអ្នកសំដែងល្ខោនជួបប្រទេះការលំបាក
ជាដើម។
ដើម្បីលើកស្ទួយវិស័យនេះឡើងវិញ លោក ជិន ជុន បានបន្ថែមថា ក្រសួងបាន
ដាក់គម្រោងធ្វើការប្រឡងក្រុមល្ខោននៅឆ្នាំ ២០១០ខាងមុខនេះ និងមានយុទ្ធ
សាស្ត្រជាច្រើនទៀតដើម្បីជំរុញឲ្យវិស័យនេះមានភាពប្រសើរឡើង ៕ ចប់