ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាបង្កើតក្រុមហ៊ុនអាកាសចរណ៍ជាតិ បន្ទាប់ពីបានដួលរលំ


ប្រទេសកម្ពុជាទើបតែបង្កើតក្រុមហ៊ុនអាកាសចរណ៍ជាតិថ្មីមួយ បន្ទាប់ពីក្រុម
ហ៊ុន អាកាសចរណ៍ជាតិមួយបានដួលរលំ។ ក្រុមមន្រ្តីរដ្ឋាភិបាល សង្ឃឹមថា
ក្រុមហ៊ុនអាកាសចរណ៍ជាតិនេះ នឹងជួយជំរុញការរីកចំរើនផ្នែកសេដ្ឋកិច្ច និង
ទេសចរណ៍។

ក្រុមហ៊ុនអាកាសចរណ៍ថ្មីរបស់ប្រទេសកម្ពុជា គឺក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ
ដែលវិនិយោគរួមគ្នាជាមួយដៃគូមកពីប្រទេសវៀតណាម នឹងចាប់ផ្ដើមការ
ហោះហើរជាផ្លូវការរបស់ខ្លួនចាប់ពីថ្ងៃនេះតទៅ ដែលមន្ដ្រីរដ្ឋាភិបាលខ្មែររំពឹង
ថា ការបង្កើតក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ច
និងទេសចរណ៍ ឲ្យបានខ្លាំងក្លា ជាបន្ថែមទៀត។

ក្រុមហ៊ុនអាកាសចរណ៍ជាតិថ្មីនេះ ត្រូវបានបង្កើតឡើងបន្ទាប់ពីក្រុមហ៊ុនហោះ
ហើរជាតិរបស់ខ្មែរ Royal Air Cambodge បានដួលរលំកាលពីជិត ៨ ឆ្នាំមុន
ដោយជាប់បំណុលម៉ាឡេស៊ី ចំនួន៣៣លានដុល្លារហូតដល់សព្វថ្ងៃនេះ ដែល
បានបណ្ដាលឲ្យបុគ្គលិកជាង ២០០ នាក់បាត់បង់ការងារ។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខា ស្ដីពីការបង្កើតក្រុមហ៊ុនជាតិនេះកាលពីល្ងាចថ្ងៃ
អាទិត្យក្នុងទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៏ថា
ការបង្កើតក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ នេះជាផ្នែកមួយនៃគោល
នយោបាយបើកចំហជើងមេឃនៅកម្ពុជា និងជួយសម្រួលការធ្វើដំណើរតាមផ្លូវ
អាកាសរបស់ប្រជាជនកម្ពុជា។ លោក ហ៊ុន សែន ដែលអមដោយឧបនាយក
រដ្ឋមន្រ្តីវៀតណាម លោក Truong Vinh Trong បាន អះអាងថា ក្រុមហ៊ុន
អាកាសចរណ៍ជាតិនេះ នឹងជួយជម្រុញទាំងផ្នែកទេសចរណ៍ ទាំងសេដ្ឋកិច្ច។ “ជោគជ័យនៃការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជានឹងនាំមក
នូវមោទនភាពជាតិ និងរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ដែលជា
ខឿននៃការរីកលូតលាស់សេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ” ។

ជាមួយគ្នានេះដែរ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍
ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិថ្មីរបស់ប្រទេសកម្ពុជានេះ នឹងជួយស្រោចស្រង់
ទេសចរទៅកាន់ខេត្តសៀមរាប ដែលកំពង់តែធ្លាក់ចុះ។

ក្រោមការវិនិយោគនូវទឹកប្រាក់ចំនួន ១០០ លានដុល្លា ដែលចាប់ដៃគូជាមួយ
ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់វៀតណាម គឺក្រុមហ៊ុន Vietnam Airlines
ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ នឹងប្រើប្រាស់យន្ដហោះប្រភេទ ATR
72-500 ចំនួន ២ គ្រឿង សម្រាប់ការហោះហើរជំហានដំបូង ដែលភ្ជាប់ខ្សែ
ហោះហើររវាងទីក្រុងភ្នំពេញនិងខេត្តសៀមរាប និង រួមទាំងការហោះហើរទៅ
កាន់ក្រុងហូជីមិញផងដែរ។ យន្តហោះATRអាចផ្ទុកអ្នកដំណើរបានចំនួន៧២
នាក់ក្នុងមួយគ្រឿង។

លោក Phan Ngoc Minh នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍វៀត
ណាមអ៊ែរឡាញ មានប្រសាសន៏ថា យន្តហោះប្រភេទ Airbus មួយទៀតនឹង
ត្រូវមកដល់កម្ពុជានៅក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០០៩នេះ។ លោកMinh បន្ថែម
ថា ក្រោយពីដំណើរការបានមួយឆ្នាំ ក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរ នឹងបង្កើនចំនួន
យន្តហោះរហូតដល់ ៨ គ្រឿង ក្នុងនោះមានយន្ដហោះធុន Airbus ចំនួន ៣
គ្រឿង។

ចាប់តាំងពីក្រុមហ៊ុនអាកាសចរណ៍ជាតិលើកដំបូងRoyal Air Cambodgeបាន
ដួលរលំបះជើងនៅខែតុលា ឆ្នាំ ២០០១ មក កម្ពុជា ទើបតែអាចរកដៃគូសម្រាប់
បង្កើតក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ខ្លួនឡើងវិញបាននៅពេលនេះ។

អស់រយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអាកាសចរណ៍ចម្រុះកម្ពុជា និង
បរទេស ជាច្រើន ដែលបានសាកល្បងបើកការហោះហើរទាំងក្នុងនិងក្រៅស្រុក
ត្រូវបានបរាជ័យនិងក្ស័យធុន និងបានដួលរលំទៅវិញជាបន្តបន្ទាប់ ក្នុងនោះមាន
ក្រុមហ៊ុន Royal Phnom Penh Airways, Kampuchea Airlines, Angkor
Airways​ Corporations។

រហូតមកដល់បច្ចុប្បន្ន មានតែក្រុមហ៊ុនអាកាសចរណ៍បរទេសជិត ១០ ក្រុម
ហ៊ុនប៉ុណ្ណោះដែលកំពុងប្រកួតប្រជែងដឹកជញ្ជូនអ្នកដំណើរ ដែលភាគច្រើនជា
ភ្ញៀវទេសចរបរទេស មកទស្សនាទឹកដីដែលធ្លាប់រុំារៃដោយសង្គ្រាមស៊ីវិលមួយ
នេះ។ហើយក្រុមហ៊ុនបរទេសមួយចំនួនក្នុងចំណោមនោះក៏ធ្វើការដឹកជញ្ជួន
អ្នកដំណើរក្នុងស្រុកដែរ។

លោក Phan Ngoc Minh អធិប្បាយថា ក្រុមហ៊ុនអាកាសចរណ៍ជាតិនេះនឹង
ក្លាយជាក្រុមហ៊ុនប្រកួតប្រជែងមួយយ៉ាងរឹងមាំ។

“ខ្ញុំជឿជាក់យ៉ាងមុតមំាថា ក្រុមហ៊ុនអាកាសចរណ៍អង្គរកម្ពុជា នឹងមានភាព
រឹងមាំក្នុងពេលឆាប់ៗ ដែលនឹងជួយគាំទ្រវិស័យអាកាសចរណ៍ជាតិរបស់កម្ពុជា
គាំទ្រដល់ការអភិវឌ្ឍន៌របស់កម្ពុជា និង ផ្តល់ផលចំណេញដល់ប្រទេសនេះ
ផងដែរ”។

លោក ម៉ៅ ហាសវ៉ាណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍
ស៊ីវិល រៀបរាប់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិថ្មីរបស់ខ្មែរ កម្ពុជា អង្គរ អ៊ែរ
នេះនឹងហោះហើរដំបូងបំផុត ក្នុងទិសដៅសម្រាប់ការហោះហើរក្នុងស្រុកនិង
ទៅកាន់ប្រទេសវៀតណាម។

“មួយសប្តាហ៍ហោះពីភ្នំពេញ-សៀមរាប សៀមរាប-ភ្នំពេញហ្នឹង៣២ជើង។ ផ្លូវ
អន្តរជាតិ ពីភ្នំពេញ-ទីក្រុងហ៊ូជីមិញ ហ៊ូជីមិញ-ភ្នំពេញ ហ្នឹងមួយសប្តាហ៍ ១៤
ជើង។ពីសៀមរាប-ហ៊ូជីមិញ ហ៊ូជីមិញ-សៀមរាប ១សប្តាហ៌ក៏១៤ជើងដែរ” ។

ប្រទេសកម្ពុជា ត្រូវគេដឹងថាធ្លាប់ជួបប្រទះគ្រោះថ្នាក់ធ្លាក់យន្ដហោះធំៗ ចំនួន
២លើករួចមកហើយ ដែលបណ្ដាលឲ្យអ្នកដំណើរសរុបជាង ៨០ នាក់ស្លាប់
បាត់បង់ជីវិត។

លោក ម៉ៅ ហាសណាវ៉ាល បញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរ
អ៊ែរ នេះ នឹងត្រូវបានធានាផ្នែកសុវត្ថិភាព៕ ចប់

XS
SM
MD
LG