មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃសុក្រនេះ បានឲ្យដឹងពីការចង់ចូលរួមរបស់កម្ពុជាក្នុងអនុសញ្ញាក្រុង Cape Town ដែលអាចបើកផ្លូវឲ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជាមានភាពងាយស្រួលក្នុងការទិញ ឬជួលយន្តហោះដើម្បីបម្រើដល់សកម្មភាពអាកាសចរណ៍ស៊ីវិលនៅក្នុងប្រទេស។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុនពេលចាប់ផ្តើមសិក្ខាសាលាស្តីពី«អាកាសចរណ៍ និងអនុសញ្ញាទីក្រុង Cape Town» រៀបចំឡើងដោយស្ថានទូតសហរដ្ឋអាមេរិក ក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រនេះ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា កម្ពុជាចង់ចូលរួមអនុសញ្ញាក្រុង Cape Town ដែលមានសារៈសំខាន់ដល់វិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។
«Cape Town convention [អនុញ្ញាក្រុង Cape Town] នេះមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាសមាជិក ជាពិសេសគឺប្រទេសកម្ពុជាយើង ដែលវិស័យអាកាសចរណ៍ស៊ីវិលយើងកំពុងតែរីកចម្រើន។ បាទ ដូចគាត់មានប្រសាសន៍អ៊ីចឹងគឺ Cape Town convention ហ្នឹងបានផ្តល់អត្ថប្រយោជន៍មកដល់ប្រទេសជាសមាជិក ដូចជាការជួលយន្តហោះធូរថ្លៃ ការរកយន្តហោះក៏ងាយស្រួល ហើយនឹងការទំនាក់ទំនងដើម្បីទទួលបាននូវយន្តហោះក៏ស្រួលដែរ។ ហើយម៉្យាងទៀត យើងធ្លាប់មានបញ្ហាប្រឈមពីមុនៗ មកបាទ ដូចជាការជួលយន្តហោះមកអ៊ីចឹង ដោយសារយើងអត់បាន មិនមែនជាសមាជិក យើងមានការលំបាកក្នុងការជួលយន្តហោះ ហើយថ្លៃទៀត»។
យ៉ាងណាក៏ដោយ កម្ពុជាត្រូវការពេលវេលាក្នុងការសិក្សាពីតម្រូវការនានា ដែលអាចឲ្យកម្ពុជាបានចូលជាសមាជិកក្នុងអនុសញ្ញានេះ។ នេះបើតាមការបញ្ជាក់របស់លោកស៊ិន ចាន់សេរីវុត្ថា។
កម្ពុជាមិនទាន់ជាប្រទេសហត្ថលេខីលើអនុសញ្ញាក្រុង Cape Town នេះទេ។ ការអនុម័តលើអនុសញ្ញានេះអាចអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជាជួលឬទិញយន្តហោះ និងឧទ្ធម្ភាគចក្របានតម្លៃថោក ហើយនេះគឺជាអ្វីដែលអាចពង្រឹងវិស័យនេះ ហើយអនុញ្ញាតឲ្យក្រុមហ៊ុនទាំងនោះទទួលបានបច្ចេកទេសផ្នែកអាកាសចរណ៍ចុងក្រោយនៅលើទីផ្សារ។ នេះបើតាមសុន្ទរកថារបស់លោក Michael Newbill ភារធារីស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ។
លោកភារធារី Michael Newbill បានផ្តល់ការកត់សម្គាល់ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក៏កំពុងតែមានកំណើនយ៉ាងឆាប់រហ័សដែរ ហើយកំពុងតែធ្វើពាណិជ្ជកម្មច្រើនឡើងក្នុងទីផ្សារអន្តរជាតិ ដោយពាណិជ្ជកម្មខ្លះធ្វើតាមផ្លូវអាកាស។ ពលរដ្ឋរបស់ខ្លួនទាំងអ្នកធ្វើទេសចរណ៍ ទាំងអ្នកធ្វើដំណើរទាក់ទងនឹងជំនួញក៏ត្រូវការផងដែរនូវសេវា និងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ទំនើបដើម្បីទ្រទ្រង់ដល់ពាណិជ្ជកម្ម និងការធ្វើដំណើរអន្តរជាតិ ដែលកំពុងតែមានកំណើននេះ។
លោកភារធារីបានប្រាប់ក្រុមអ្នកកាសែតថា កំណើនភ្ញៀវទេសចរមកទស្សនាកម្ពុជាអាចជំរុញឲ្យប្រទេសនេះចូលរួមជាមួយអនុសញ្ញាក្រុង Cape Town ដែលនឹងអនុញ្ញាតឲ្យកម្ពុជាទទួលបានបច្ចេកវិទ្យាអាកាសចរណ៍ទំនើបៗពីសហរដ្ឋអាមេរិក។ លោកបានថ្លែងជាភាសាអង់គ្លេស ដោយមានការប្រែសម្រួលជាភាសាខ្មែរថា៖
«ប្រទេសកម្ពុជាគឺថា មានកំណើនទេសចរច្រើនណាស់ ដូច្នេះវាត្រូវតែមានទំនាក់ទំនងជាមួយនឹងអាកាសចរណ៍។ ដូច្នេះ វារួមចំណែកយ៉ាងច្រើនទៅដល់កំណើនទេសចរ ដូច្នេះហើយបានយើងស្ថានទូតអាមេរិកមានការចាប់អារម្មណ៍ ជួយនៅក្នុងការពង្រីកវិស័យអាកាសចរណ៍នេះដើម្បីជួយដល់វិស័យទេសចរណ៍»។
ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេឱ្យដឹងថា បានទាញយកប្រយោជន៍រួចហើយពីអនុសញ្ញាក្រុង Cape Town ដូចជាប្រទេសវៀតណាម ភូមា សិង្ហបុរី និងឥណ្ឌូនេស៊ី។ ហើយកាលពីថ្ងៃពុធកន្លងទៅនេះ សិក្ខាសាលាស្តីពី«អាកាសចរណ៍ និងអនុសញ្ញាទីក្រុង Cape Town» ក៏ត្រូវបានធ្វើឡើងនៅប្រទេសឡាវដើម្បីពិភាក្សាស្តីពីវិធីជំរុញទៅមុខទាក់ទងនឹងអនុសញ្ញានេះ។
ការរៀបចំសិក្ខាសាលាស្តីពី«អាកាសចរណ៍ និងអនុសញ្ញាទីក្រុង Cape Town»របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានធ្វើឡើង នៅក្រោយពេល រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការមួយដើម្បីសិក្សាគម្រោងសាងសង់អាកាសយានដ្ឋានថ្មីមួយក្នុងរាជធានីភ្នំពេញ បន្ថែមលើអាកាសយានដ្ឋានដែលមានស្រាប់ក្នុងរាជធានី៕