- ហេតុផលនៅពីក្រោយការប៉ុនប៉ងរបស់បុរសវ័យ ២០ ឆ្នាំក្នុងការធ្វើឃាតលើអតីតប្រធានាធិបតីអាមេរិកលោក Donald Trump នៅតែជាអាថ៌កំបាំង ពីរថ្ងៃក្រោយជនសង្ស័យឈ្មោះ Thomas Matthew Crooks ត្រូវបានបាញ់សម្លាប់ ហើយទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិក (FBI) មិនអាចកំណត់និន្នាការមនោគមវិជ្ជាដែលអាចជំរុញឱ្យបុរសនេះបាញ់ប្រហារលើលោក Trump នោះទេ។ ទីភ្នាក់ងារស៊ើបការសម្ងាត់ FBI កំពុងធ្វើការស៊ើបអង្កេតលើការបាញ់ប្រហារនៅយុទ្ធនាការឃោសនារបស់លោក Trump នៅក្នុងក្រុង Butler រដ្ឋ Pennsylvania ដែលបានធ្វើឱ្យអតីតប្រធានាធិបតីរងរបួស ហើយអ្នកចូលរួមម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួស កាលពីថ្ងៃសៅរ៍កន្លងទៅ។ ទីភ្នាក់ងារ FBI ដែលទទួលខុសត្រូវលើការការពារប្រធានាធិបតី និងអតីតប្រធានាធិបតី ក៏បានចេញមុខការពារខ្លួននៅថ្ងៃចន្ទ ដោយប្រឆាំងនឹងការរិះគន់ចំពោះបរាជ័យរបស់ខ្លួននៅក្នុងការរកឃើញខ្មាន់កាំភ្លើងមុនហេតុការណ៍កើតឡើង ដែលបានបាញ់ប្រហារលោក Trump ចំត្រចៀកខាងស្តាំ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters៕
- ប៉ូលិសមានតម្រុយពីភាពមិនប្រក្រតី មុនការប៉ុនប៉ងធ្វើឃាតលើលោក Trump ដោយយុវជន Crooks
អ្នកចូលរួមយុទ្ធនាការឃោសនារបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានឃើញបុរសវ័យ ២០ឆ្នាំ ឈ្មោះ Thomas Matthew Crooks ដើរនៅខាងក្រៅបរិវេណដែលមានរនាំងដែកបាំងវេទិកានៃការឃោសនារបស់លោក Trump នៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃសៅរ៍ ទី១៣ ខែកក្កដាកន្លងទៅ តែប៉ុន្មានវិនាទីប៉ុណ្ណោះមុនពេលការប៉ុនប៉ងបាញ់ធ្វើឃាតលើលោក Trump បានកើតឡើង។ ប៉ូលិសប្រចាំការនៅទីតាំងបានទទួលរបាយការណ៍អំពីសកម្មភាពមិនប្រក្រតីរបស់យុវជន Crooks ដែលក្រោយមកបានវារឡើងលើដំបូលនៃសំណង់អគារនៅក្បែរវេទិកា។ អ្នកដែលបានឃើញហេតុការណ៍នោះបានស្រែកនិងចង្អុលទៅទីតាំងរបស់យុវជន Crooks ដែលមានកាន់កាំភ្លើងប្រភេទ AR-15។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
មន្ត្រីប៉ូលិសម្នាក់ប្រចាំក្រុង Butler បានប្រទះឃើញយុវជន Crooks នៅលើដំបូល ហើយបានសហការជាមួយមន្ត្រីម្នាក់ទៀតឲ្យលើកខ្លួនឡើងដើម្បីបានឡើងលើដំបូលនោះ ប៉ុន្តែមន្ត្រីរូបនោះបានធ្លាក់មកដីវិញដោយរបួសកជើង។ ប៉ុន្មានវិនាទីក្នុងពេលនោះ យុវជន Crooks ក៏បានធ្វើការបាញ់ប្រហារពីលើដំបូល ហើយមន្ត្រីស៊ើបការសម្ងាត់ FBI ខាងលបបាញ់ ក៏បានបាញ់សម្លាប់យុវជន Crooks ភ្លាមៗក្រោយការបាញ់ប្រហារបានកើតឡើង។
ការប៉ុនប៉ងធ្វើឃាតលើលោក Trump ដោយយុវជនវ័យ ២០ឆ្នាំរូបនេះ បានបណ្តាលឲ្យលោក Trump របួសត្រង់ត្រចៀកខាងស្តាំ និងបណ្តាលឲ្យអ្នកចូលរួមម្នាក់ឈ្មោះ Corey Comperatore អាយុ ៥០ឆ្នាំស្លាប់ និងអ្នកចូលរួមពីរនាក់ទៀតរងរបួស។ មកទល់ពេលនេះ គេមិនទាន់ដឹងពីមូលហេតុនៅពីក្រោយការប៉ុនប៉ងធ្វើឃាតរបស់យុវជន Crooks នេះនៅឡើយទេ៕