ក្បួនរថយន្តធំៗដឹកជញ្ជូនជំនួយ មានរួមស្បៀងអាហារ ថ្នាំពេទ្យនិងទឹកបានចាប់ផ្តើមបើកចូលក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃសៅរ៍តាមច្រកRafah ដែលត្រួតត្រាដោយប្រទេសអេហ្ស៊ីប។
រូបថតតាមទូរទស្សន៍បានបង្ហាញក្បួនរថយន្តដឹកទំនិញធំៗបើកចូលតាមច្រកព្រំដែនពីផ្នែកអេហ្ស៊ីប។ បើតាមពួកហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្កាហ្សាថាមានរថយន្តដឹកទំនិញធំៗប្រមាណ២០គ្រឿងប៉ុណ្ណោះនឹងបើកចូលហ្កាហ្សានៅថ្ងៃសៅរ៍ ដោយនាំយកជំនួយមានកម្រិត។
រថយន្តដឹកទំនិញធំៗទាំងនេះបានចតបន្តគ្នាបីបួនថ្ងៃមកហើយរង់ចាំការបើកព្រំដែន។ រថយន្តធំៗដឹកជំនួយមនុស្សធម៌កាលពីថ្ងៃសៅរ៍ជាលើកដំបូងហើយដែលជំនួយត្រូវបានអនុញ្ញាតឱ្យចូលក្នុងតំបន់ហ្កាហ្សាតាំងពីពួកហាម៉ាសបានធ្វើការវាយប្រហារនាំឱ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលា ដែលបណ្តាលឱ្យមនុស្សប្រមាណ១ ពាន់៤រយនាក់ស្លាប់ និងនាំឱ្យមានការទម្លាក់គ្រាប់បែកនិងការបាញ់ផ្តក់ពីអ៊ីស្រាអែលនិងនាំឱ្យអ៊ីស្រាអែលរាំងខ្ទប់តំបន់ហ្កាហ្សាទាំងស្រុង។
ស្ថានទូតសហរដ្ឋអាមេរិកនៅអ៊ីស្រាអែលបានព្រមានថាជនបរទេសទាំងឡាយណាដែលប៉ុនប៉ងចាកចេញពីតំបន់ហ្កាហ្សានៅពេលច្រកព្រំដែនបើក«គួររំពឹងថាមានភាពចលាចលនិងគ្មានរបៀបរៀបរយនៅផ្នែកទាំងពីរនៃច្រកនេះ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់សន្និសីទសន្តិភាពក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីបនៅថ្ងៃសៅរ៍ថារថយន្តធំៗដឹកជំនួយដែលបានជាប់គាំងនៅព្រំដែនរវាងអេហ្ស៊ីបនិង តំបន់ហ្កាហ្សាជា«វត្ថុសម្រាប់ជួយជីវិតមនុស្ស»ត្រូវតែអនុ ញ្ញាតឱ្យបើកចូលក្នុងតំបន់ហ្កាហ្សា។ លោកក៏បានថ្លែងអំណរគុណប្រទេសអេហ្ស៊ីបដែលបានសម្របសម្រួលឱ្យមានការដឹកជញ្ជូនជំនួយនេះ។
លោក Guterres បាននិយាយថា«យើងត្រូវការ យើងត្រូវការដាច់ខាតឱ្យរថយន្តធំៗ ទាំងនេះដឹកជញ្ជូនជំនួយឱ្យបានឆាប់រហ័សតាមអាចធ្វើបាន ហើយឱ្យបានច្រើនគ្រឿងតាមការចាំបាច់»។
លោកបានបន្ថែមថា«យើងមិនមែនទន្ទឹងចាំក្បួនរថយន្តធំៗមួយខ្សែមកទេ យើងទន្ទឹងរង់ចាំក្បួនរថយន្តធំៗច្រើនខ្សែដែលត្រូវអនុញ្ញាតឱ្យដឹកជញ្ជូនជំនួយទៅកាន់គ្រប់ទី កន្លែងក្នុងតំបន់ហ្កាហ្សាដើម្បីផ្តល់ការជួយឧបត្ថម្ភឱ្យបានគ្រប់គ្រាន់ដល់ប្រជារាស្ត្រនៅតំបន់ហ្កាហ្សា»។ មានមនុស្សជាង២លាននាក់រស់ក្នុងតំបន់ហ្កាហ្សានោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden បានមានប្រសាសន៍កាលពីថ្ងៃពុធទី១៨តុលានៅក្រុងTel Avivថាអ៊ីស្រាអែលបានយល់ព្រមអនុញ្ញាតឱ្យជំនួយមនុស្ស ធម៌មានកម្រិតចាប់ផ្តើមដឹកចូលក្នុងតំបន់ហ្កាហ្សាពីប្រទេសអេហ្ស៊ីប ដោយមានលក្ខ ខ័ណ្ឌឱ្យមានការត្រួតពិនិត្យនិងថាជំនួយទាំងនេះសម្រាប់តែជនស៊ីវីលហើយមិនមែនឱ្យពួកហាម៉ាសទេ។
លោក Guterres បាននិយាយថា«ខ្ញុំដឹងថាមានកិច្ចព្រមព្រៀងមួយរវាងអេហ្ស៊ីបនិងអ៊ីស្រាអែលដើម្បីឱ្យការណ៍នេះអាចធ្វើបាន តែសេចក្តីប្រកាសទាំងនេះត្រូវបានធ្វើដោយមានលក្ខខ័ណ្ឌខ្លះនិងការរឹតត្បិតខ្លះ»។
លោកបានថ្លែងថាអង្គការសហប្រជាជាតិបានពិភាក្សាជាមួយអេហ្ស៊ីប អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកឱ្យបំភ្លឺអំពីលក្ខខ័ណ្ឌទាំងនេះនិងអំពីការកម្រិតការរឹតត្បិតដើម្បីធ្វើឱ្យរថយន្តដឹកជញ្ជូនជំនួយទៅតំបន់ហ្កាហ្សាបាន។
អ្នកនាំពាក្យអង្គការសហប្រជាជាតិម្នាក់បានប្រាប់ពួកអ្នកកាសែតនៅបូរី New York កាលពីថ្ងៃសុក្រ ទី២០ តុលាថាលោក Guterres ចង់ឃើញមានយន្តការមួយនៅនឹងកន្លែងសម្រាប់ការផ្ទៀងផ្ទាត់ឆាប់រហ័សតែម៉ត់ចត់នៃរថយន្តដឹកជញ្ជូនជំនួយទាំងនេះតាមច្រកRafah លោកចង់ឱ្យមុខនាទីអង្គការអឌ្ឍចន្ទក្រហមអេហ្ស៊ីបនិងស្ថាប័នអេហ្ស៊ីបឯទៀតៗត្រូវទទួលស្គាល់ ហើយលោកចង់ឱ្យប្រាកដប្រជាថាទីភ្នាក់ងារអង្គ ការសហប្រជាជាតិដែលជួយក្រុមជនភៀសខ្លួនប៉ាឡេស្ទីន UNRWA មានប្រេងឥន្ធនៈគ្រាប់គ្រាន់ក្នុងតំបន់ហ្កាហ្សា ដើម្បីឱ្យពួកគេអាចចែកចាយជំនួយសង្គ្រោះបាន។
លោក Farhan Haq អ្នកនាំពាក្យបាននិយាយថា«ទាំងនេះជាអ្វីៗដែលយើងត្រូវការឱ្យកើតមាន»ដោយលោកមិនបាននិយាយបន្ថែមអំពីភាគីណាដែលរារាំងសំណើសុំទាំងនេះទេ។
គ្មានស្បៀងអាហារ ប្រេងឥន្ធនៈ ទឹកនិងការផ្គត់ផ្គង់ខាងវេជ្ជសាស្ត្រត្រូវបានដឹកជញ្ជូនចូលក្នុងតំបន់ហ្កាហ្សាទេហើយដែនដីនេះគ្មានភ្លើងអគ្គិសនីទាំងស្រុងអស់ជាច្រើនថ្ងៃមកហើយ។ អង្គការសហប្រជាជាតិបានស្ទង់ប្រមាណថាអ្នកស្រុកតំបន់ហ្កាហ្សាមួយលាននាក់បានធ្វើតាមការបញ្ជាឱ្យជម្លៀសដោយអ៊ីស្រាអែលហើយបានទៅកាន់ផ្នែកខាងត្បូងដែនដីនោះ។ នៅពេលនេះប្រជារាស្ត្រនៅទីនោះប្រុងប្រៀបសម្រាប់ការលុក លុយតាមផ្លូវគោករបស់អ៊ីស្រាអែល។
នៅក្នុងសប្តាហ៍នេះលោក Guterres បានអំពាវនាវឱ្យមានការឈប់បាញ់គ្នាខាងមនុស្សធម៌ជាបន្ទាន់ហើយលោកបាននិយាយកាលពីថ្ងៃសុក្រថាការឈប់បាញ់គ្នាអាច«ធ្វើឱ្យអ្វីៗស្រួលជាងមុនច្រើននិងនាំឱ្យមនុស្សគ្រប់គ្នាមានសុវត្ថិភាពជាងមុនច្រើនដែរ»តែវាមិនមែនជាការតម្រូវដំបូងសម្រាប់ការដឹកជញ្ជូនជំនួយចូលក្នុងតំបន់ហ្កាហ្សាទេ។
នៅពេលអង្គការសហប្រជាជាតិរង់ចាំការយល់ព្រម ទីភ្នាក់ងារនានារបស់ខ្លួនបានដឹកជញ្ជូនជំនួយតាមយន្តហោះជាងបីពាន់តោនទៅកាន់ Rafah។ កម្មវិធីស្បៀងអាហារពិភពលោកមានអាហារអាចបរិភោគបានភ្លាមៗនិងម្ហូបកំប៉ុងមួយពាន់តោនដែលគ្រប់ គ្រាន់សម្រាប់ចិញ្ចឹមមនុស្សកន្លះលាននាក់ក្នុងពេលមួយសប្តាហ៍នៅRafahឬតាមផ្លូវទៅតំបន់ហ្កាហ្សា។ អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃសុក្រថាមានសម្ភារៈពេទ្យនិងឱសថថែមទៀតត្រូវបានដឹកជញ្ជូនទៅដល់ចំណតយន្តហោះអេហ្ស៊ីបនៅជិតបំផុតនឹងច្រកព្រំដែន Rafah គឺគ្រប់គ្រាន់សម្រាប់ធ្វើការវះកាត់ចំនួនមួយពាន់៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ