បឹងបូរាណដ៏ល្បីល្បាញឈ្មោះលើពិភពលោកមួយ គឺបឹងទន្លេសាប ដែលផ្តល់សន្តិសុខស្បៀងដល់មនុស្សរាប់លាននាក់ក្នុងប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងអនាគតដ៏គ្រោះថ្នាក់ ហើយក្លាយជា បឹងដែលងាប់។ បន្ថែមលើនេះ សហគមន៍ប្រជានេសាទដែលពឹងផ្អែកបឹងធម្មជាតិដ៏ធំមួយនេះ កំពុង «ជំពាក់បំណុលគេធ្ងន់ធ្ងរ» ដោយសារនេសាទត្រីមិនសូវបានច្រើន ពីព្រោះតែកត្តាធម្មជាតិ និងកក្តាមនុស្សជាដើម។ នេះបើយោងតាមអ្នកស្រី Abby Seiff ដែលជាអ្នកនិពន្ធសៀវភៅថ្មីមួយក្បាលដែលមានចំណងជើងថា 'Troubling the Water: A Dying Lake and A Vanishing World in Cambodia' ឬ «បង្កបញ្ហាដល់ទឹក៖ បឹងមួយដែលកំពុងងាប់និងកំពុងអស់សារៈសំខាន់នៅកម្ពុជា»។
អ្នកនាង Abby Seiff គឺជាអ្នកសារព័ត៌មានដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍អស់រយៈពេលជិតមួយទសវត្សរ៍ បានបង្ហាញការរកឃើញថ្មីរបស់អ្នកនាង នៅក្នុងការពិភាក្សាតាមអនឡាញមួយ ដែលរៀបចំដោយអង្គការតាក់តែងគោលនយោបាយមួយ គឺមជ្ឈមណ្ឌល Stimson និងដឹកនាំដោយលោក Brian Eyler ដែលជានាយកគ្រប់គ្រងកម្មវិធីអាស៊ីអាគ្នេយ៍ និងកម្មវិធីថាមពល ទឹក និងនិរន្តរភាពនៃមជ្ឈមណ្ឌលនេះ ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន។
អ្នកនាង Seiff បានលើកឡើងពីការប៉ះពាល់ពីក្នុងស្រុក តំបន់និងពិភពលោក ដោយសារតែសកម្មភាពមនុស្សនិងធម្មជាតិ រាប់ចាប់ពីការឡើងកម្តៅផែនដីដែលបណ្តាលឱ្យមានគ្រោះរាំងស្ងួត និងបរិមាណទឹកថយចុះទាបសម្រាប់បឹង ការសាងសង់ទំនប់វារីអគ្គិសនីរបស់ចិន និងឡាវ នៅទន្លេមេគង្គលើ ដែលតភ្ជាប់ទៅនឹងបឹងទន្លេសាបដែលបង្កបញ្ហាដល់ការបន្លាស់ទីរបស់ត្រី ការនេសាទខុសច្បាប់ដោយប្រើសំណាញ់វែង និងរន្ធតូចៗចាប់ត្រីទាំងតូចទាំងធំ ការបំផ្លាញព្រៃលិចទឹកបំផ្លាញជម្រកត្រី ដើម្បីលក់ ជួលសម្រាប់ដីធ្វើកសិកម្ម ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាមូលហេតុចម្បងដែលនាំឱ្យត្រីត្រូវបំផ្លិចបំផ្លាញ។
អ្នកនាងបាននិយាយថា៖ «អ្នកដឹងថា នោះទំនងជាការរួមចំណែកដល់ការបំផ្លិចបំផ្លាញជម្រុកត្រី ពិតប្រាកដ។ ហើយអ្វីៗទាំងអស់នេះ គឺជាដំណើរការព្រមគ្នា ដែលវាកាន់តែអាក្រក់ទៅៗ»។
អ្នកនិពន្ធរូបនេះក៏បានថ្លែងបន្ថែមថា សហគមន៍ប្រជានេសាទមិនអាចពឹងផ្អែកលើប្រាក់ចំណូលពីការនេសាទទៀតទេ ដោយសារគ្មានត្រី ចាប់តាំងពីឆ្នាំ ២០១៦។ ហេតុដូច្នេះប្រជានេសាទកំពុងស្ថិតក្នុងស្ថានភាពជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ ដែលបច្ចុប្បន្ននេះចាប់ពីបុគ្គល និងសហគមន៍ដែលអ្នកនាងបាននិយាយជាមួយ។
អ្នកនាង Abby Seiff បានថ្លែងថា៖ «អ្នកដឹងទេថា ក្នុងឆ្នាំ ២០១៦ មានគ្រោះរាំងស្ងួត ភ្លើងឆេះព្រៃដ៏គួរឲ្យរន្ធត់ ហើយការចាប់ត្រីមានចំនួនតិចណាស់ ដូច្នេះប្រជានេសាទគ្រប់រូបទាំងអស់ត្រូវជំពាក់បំណុលគេយ៉ាងខ្លាំង»។
អ្នកនាងបានពន្យល់ថា ប្រជាជនមកពីសហគមន៍នេសាទកំពុងសម្រុកទៅធ្វើការនៅក្រៅប្រទេស ដូចជាប្រទេសថៃ ហើយខ្លះធ្វើចំណាកស្រុកទៅខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា។
អ្នកនាងបានបន្តថា៖ «ដោយសារតែបំណុលទាំងអស់នោះហើយដែលជាកត្តាជំរុញឲ្យប្រជានេសាទ ទៅធ្វើការក្នុងការដ្ឋានសំណង់ និងទៅធ្វើការក្នុងរោងចក្រកាត់ដេរ»។
ខណៈពេលដែលរបាយការណ៍ចុងក្រោយស្តីពីជលផល ឲ្យដឹងថា ត្រីបានធ្លាក់ចុះពីជាង ៤១៣.២០០ តោន ក្នុងមួយឆ្នាំ ក្នុងឆ្នាំ ២០២០ មកនៅត្រឹមជិតជាង ៣៨៣.០៥០ តោន ក្នុងឆ្នាំ ២០២១ ក្រោមផែនការកំណត់ ៤៥១.០០០ តោននោះ អ្នកនាង Seiff ក៏បានបរិយាយថា ប្រជានេសាទគ្រប់រូបមានកម្ចីមីក្រូហិរញ្ញវត្ថុសម្រាប់ចំណាយលើសំណាញ់ មង អន្ទាក់ត្រី និងចំណាយផ្សេងៗទៀតដើម្បីទ្រទ្រង់ជីវភាព។ ប៉ុន្តែក៏មានអ្នកខ្លះមានកម្ចីបន្ទាប់បន្សំបន្ថែមទី ២ ទៀតផងដែរ គឺខ្ចីពីអ្នកជិតខាង ដើម្បីរ៉ាប់រងការចំណាយលើការព្យាបាលជំងឺ និងសេវាថែទាំសុខភាព។
អ្នកនិពន្ធសៀវភៅជនជាតិអាមេរិកាំងរូបនេះ ក៏បានសង្កត់ធ្ងន់ថា ការនិយាយអំពីបឹងទន្លេសាបដែលសម្បូរត្រីលោតចូលទូក និងការដួសត្រីដោយកន្ត្រក គឺគ្រាន់តែជា «ការចងចាំ» ពីរឿងនិទានប៉ុណ្ណោះនាពេលសព្វថ្ងៃនេះ។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានបង្កើតច្បាប់ជាច្រើនដើម្បីដើម្បីការពារបឹងទន្លេសាបនិងបរិស្ថាននោះ ក៏ប៉ុន្តែលទ្ធភាពនៃការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងដើម្បីការពារជលផលត្រីនិងសក្តានុពលរបស់បឹងធម្មជាតិមួយនេះ នៅតែមានចន្លោះប្រហោងនៅឡើយ។ កាលពីចុងខែមីនានាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានដាក់ចេញវិធានការខ្លាំងៗបន្ថែមទៀត ចំពោះការនេសាទខុសច្បាប់ និងការកាប់បំផ្លាញព្រៃឈើ។
លោកបានមានប្រសាសន៍ថា៖ «ហើយខ្ញុំនៅតែបញ្ជាក់អ៊ីចឹង អស់លោករាយការណ៍បទល្មើសនេសាទ មានប៉ុននេះ បានលុបបំបាត់ប៉ុននេះ តែអាធុនតូច អាធុនធំ អត់ទាន់ប៉ះ។ ព្រៃឈើក៏អ៊ីចឹង នេសាទក៏អ៊ីចឹង អត់ទាន់ប៉ះទេ»។
លោកបានព្រមានបន្ថែមថា មន្ត្រីដូចជាអភិបាលខេត្ត និងរដ្ឋមន្ត្រីដែលពាក់ព័ន្ធនឹងការបង្ក្រាប មិនគួរនៅក្នុងតំណែងទេ ប្រសិនបើពួកគេមិនអាចបញ្ឈប់សកម្មភាពនោះបាន។ វិធានការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាដើមខែមិថុនាខាងមុខនេះ គឺជាផ្នែកមួយដែលអ្នកវិភាគមួយចំនួននិងអ្នកជំនាញដូចជាលោក Brian Eyler នៃ មជ្ឈមណ្ឌល Stimson Center លើកឡើងថា អ្នកនយោបាយអាចប្រើជាយុទ្ធនាការ «ត្រីច្រើន សន្លឹកឆ្នោតច្រើន» និងថា សៀវភៅនេះនឹងជួយដល់ការពិភាក្សានៅថ្ងៃអនាគត។
អ្នកនិពន្ធ Abby Seiff ក៏បានបញ្ជាក់ផងដែរថា ការបង្ក្រាបសកម្មភាពខុសច្បាប់ផ្សេងៗនៅបឹងទន្លេសាបនេះ បង្ហាញថាជារឿងសំខាន់ និងជាការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ប៉ុន្តែអ្នកនាងបានចោទសួរថា តើវិធានការបែបនេះមិនដឹងថាគ្រប់គ្រាន់ឬក៏អត់នោះទេ។ ទោះយ៉ាងណាក៏ដោយ អ្នកនាងបានសង្កត់ធ្ងន់ថា វាចាំបាច់ត្រូវមានការប្រឹងប្រែងរួមគ្នាដើម្បីប្រឆាំងអំពើពុករលួយ ដែលជាកិច្ចការដ៏លំបាក ពីព្រោះគេត្រូវការរដ្ឋាភិបាលដែលមាន «ឆន្ទៈនយោបាយ» ហើយការចូលរួមពីប្រជាពលរដ្ឋ ដែលបច្ចុប្បន្នពួកគេកំពុងត្រូវការការគាំទ្រផ្នែកសង្គមកិច្ចនោះ។ អ្នកនាង Abby Seiff សំដៅលើសកម្មភាពកន្លងទៅរបស់រដ្ឋាភិបាល ដែលមិនបានរកឃើញជនសង្ស័យសំខាន់ៗ ឬអ្នកនៅពីក្រោយសកម្មភាពខុសច្បាប់ ដែលកម្រត្រូវបានគេកាត់ទោសក្រៅពីពលរដ្ឋសាមញ្ញ។
លោក ងិន ប៊ុនឫទ្ធិ បានគាំទ្រការលើកឡើងរបស់អ្នកនាង Abby Seiff ជុំវិញបញ្ហានៅបឹងទន្លេសាប។ លោក ងិន ប៊ុនឫទ្ធិ ជាអ្នកស្រាវជ្រាវកសិកម្មនៅកម្ពុជា ដែលបច្ចុប្បន្នកំពុងស្ថិតនៅរដ្ឋCalifornia (កាលីហ្វ័រញ៉ា) បានប្រាប់ VOA ថា មូលហេតុចម្បងនៃការបំផ្លិចបំផ្លាញបឹងទន្លេសាប គឺជាបុព្វហេតុរបស់មនុស្ស ជាជាងធម្មជាតិ។ លោកពន្យល់ថា ការកាប់បំផ្លាញព្រៃឈើ និងនេសាទខុសច្បាប់ ភាគច្រើនស្ថិតក្រោមមន្ត្រីមានអំណាច ព្រោះថាអ្នកដែលប្រព្រឹត្ត និងមនុស្សអនុវត្តច្បាប់ គឺចេញពីប្រភពតែមួយ ដែលផ្សំគំនិតគ្នា។ ដូច្នេះលោកថា វាជារឿងពិបាកដោះស្រាយ។
លោក ងិន ប៊ុនឫទ្ធិ ថ្លែងថា៖ «អ៊ីចឹងអ្នកកាន់អំណាចហ្នុងជាអ្នកអនុវត្តផង និងជាអ្នកប្រព្រឹត្ត (ផង) ជាមនុស្សតែមួយ។ ប្រជាពលរដ្ឋសាមញ្ញគ្នាម៉េចហ៊ានធ្វើ បើថាធ្វើទៅ ត្រូវមានទោស ហើយបើអ្នកកាន់ច្បាប់ រំលោភច្បាប់មានអ្នកណាចាប់ពួកគេទៀត»។
លោកបានពន្យល់ទៀតថា បញ្ហានេះកើតឡើងព្រោះអ្នកកាន់អំណាចស្ថិតនៅពីក្រោយខ្នងអ្នកប្រព្រឹត្ត ហើយចែកផលប្រយោជន៍គ្នា យកលុយសូកប៉ាន់ទប់ពីក្រោមដល់លើ។
លោកបន្ថែមថា៖ «វាជាប្រព័ន្ធគឺថាជាប្រព័ន្ធពីលើដល់ក្រោម ពីក្រោមដល់លើ សុទ្ធតែអ្នកមានអំណាច។ បើគ្មានអំណាចក៏មិនអាចធ្វើបានទេ ព្រោះទាំងនោះជាការងារល្មើសច្បាប់ មនុស្សម្នាក់ល្មើសច្បាប់ បើគ្មានពាក់ព័ន្ធនឹងអ្នកមានអំណាចខាងលើ គេចាប់បានបាត់ហើយ តែចាប់មិនបានដោយមានប្រព័ន្ធពីលើដល់ក្រោម ពីក្រោមទៅលើចឹងណា»។
លោក ងិន ប៊ុនឫទ្ធិ បានផ្តល់យោបល់ថា ប្រជាពលរដ្ឋត្រូវស្វែងរកផែនការជំនួសសម្រាប់វិស័យកសិកម្ម ជាជាងនេសាទ ឬចាំដំណោះស្រាយ នៅពេលមិនអាចតទល់ជាមួយនឹងមន្ត្រីមានអំណាចបាន។ លោកបានបន្ថែមថា រដ្ឋាភិបាលត្រូវជួយប្រជាពលរដ្ឋតាមផែនការនានា ក្នុងការស្តារបឹងទន្លេសាបឡើងវិញ និងយកភក់នៅបាតបឹងដែលជាជីនោះសម្រាប់ការដាំដុះរបស់ប្រជាពលរដ្ឋ ផ្តល់គ្រាប់ពូជ និងតម្រូវការផ្សេងៗទៀតដល់ប្រជានេសាទក្នុងការធ្វើកសិកម្ម។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានប្រាប់ VOA ថា បឹងទន្លេសាបដែលគេស្គាល់ថាជាអាងដែលមានត្រីច្រើនជាងគេនាពេលនេះ កាន់តែខ្សត់ត្រីជាងមុន ដោយសារការនេសាទខុសច្បាប់ដែលកំពុងរីករាលដាល និងកំពុងរងគ្រោះពីវិធានការធូរលុងនិងកត្តាផ្សេងៗទៀត។
លោកបញ្ជាក់ថា៖ «ហើយបើសិនជាយើងមិនអាចគ្រប់គ្រងបានទេ បើមិនមានវិធានការច្បាស់លាស់ទេ វានឹងបង្កផលប៉ះពាល់ធំដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ហើយយើងឃើញហើយ មួយរយ:ពេលកន្លងមកនេះ យើងនាំត្រីមកពីវៀតណាម មកពីថៃអីណា ចូលមកក្នុងប្រទេសកម្ពុជា ទាំងត្រីចញ្ចឹមទៀតបាទ។ អ៊ីចឹងយើងឃើញថាតើកេរ្តិ៍ឈ្មោះនៃបឹងទន្លេសាបជាជង្រុកត្រីនោះ នៅឯណាវិញបាទ»។
លោកបានថ្លែងបន្ថែមថា មានត្រីសរីរាង្គកម្រពីបឹងទន្លេសាបក្នុងប្រទេសកម្ពុជាឥឡូវនេះ។ លោកជំរុញឱ្យសកម្មភាពក្នុងស្រុក និងអន្តរជាតិ ឬដៃគូអន្តរជាតិ ស្តារស្ថានការណ៍នៅបឹងទន្លេសាប លើវិស័យជលផល ស្តារព្រៃលិចទឹក ស្តារបឹងរាក់ រក្សាប្រភេទត្រីកម្រ ជីវសាស្ត្រចម្រុះ បរិស្ថានផ្សេងៗ រួមទាំងគ្មានភូមិបណ្តែតទឹកក្នុងបឹងទន្លេសាបរបស់និគមន៍ជនវៀតណាម ដែលអ្នកជំនាញនិយាយថា វាជាផ្នែកមួយនៃការបង្ហូរជាតិពុលបំផ្លាញបរិស្ថាននិងត្រីក្នុងបឹងទន្លេសាប ជាបឹងផ្តល់ត្រីទឹកសាបធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានទទួលស្គាល់ដោយ អង្គការ UNESCO ថា ជាតំបន់អភិរក្សជីវបរិស្ថានចម្រុះកាលពីឆ្នាំ ១៩៩៧។
ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យម្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក អ៊ឹង ទ្រី មិនបានឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកនិពន្ធសៀវភៅពីបឹងទន្លេសាបទេ ដោយគ្រាន់តែបានថ្លែងអំពីបញ្ហាមួយជាឧទាហរណ៍ គឺកំណើនពលរដ្ឋរស់នៅតាមបឹងទន្លេសាប។
មន្ត្រីកម្ពុជារូបនេះថ្លែងថា៖ «ខ្ញុំមិនហ៊ានថាយ៉ាងម៉េចទេ ព្រោះរឿងហ្នឹងជាការយល់ដឹងរបស់ថ្នាក់បញ្ញវ័ន ដែលគាត់អ្នកសរសេរទៅលើបញ្ហានេះ។ អ៊ីចឹងគ្រាន់តែខ្ញុំចង់ជម្រាបថា យើងមើលកាលពីមុនប្រជាពលរដ្ឋរបស់យើងប៉ុន្មានគ្រួសារ ដែលរស់នៅបឹងទន្លេសាប»។
លោកលើកយកតែករណីមួយនៅឃុំចុងឃ្នៀស ខេត្តសៀមរាប ជាប់នឹងបឹងទន្លេសាបភាគខាងជើង ដែលកាលពីទសវត្សរ៍ ១៩៩០ មានពលរដ្ឋរស់នៅតែ ២០០ គ្រួសារប៉ុណ្ណោះ។ យ៉ាងតិចមានពលរដ្ឋជាង ១.០០០ គ្រួសាររស់នៅតំបន់នោះ នាពេលបច្ចុប្បន្ននេះ។
លោកបានបញ្ជាក់ថា ក្រោយពីមានបទបញ្ជារបស់នាយករដ្ឋមន្ត្រី ក៏មានការដាក់វិធានការថ្នាក់ជាតិនិងមូលដ្ឋាន ជាបុស្តិ៍អន្តរាគមន៍តាមខេត្តជាប់បឹងទន្លេសាប ចុះបង្រ្កាបបទល្មើសបានច្រើនករណី។
«ហើយក្រោយពីចំណាត់ការហ្នឹងមក យើងឃើញថាបទល្មើសជលផលរបស់យើងមានការថយចុះច្រើន អ៊ីចឹងពួកដែលថាដាក់មង ដាក់អួនធំហ្នឹងក៏លែងហ៊ានដែរ»។
នៅក្នុងរបាយការណ៍ពីខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ បន្ទាយមានជ័យ ស្តីពីវិធានការចាប់ពីថ្ងៃទី ២ ខែមេសា ដល់ ថ្ងៃទី ៧ ខែមេសា ដែលវីអូអេទទួលបាន បញ្ជាក់ឲ្យដឹងថា មានការចាប់ខ្លួនជនសង្ស័យចំនួន ២៩ នាក់ ឃុំខ្លួនមនុស្សចំនួន ១២ នាក់ មានដីកាកោះមនុស្សចំនួន ២០ នាក់ រឹបអូសកាណូតចំនួន ៥៩ គ្រឿង របាំងស្បៃមុងចំនួន ២.៣០០ រឹបអូសបង្គោលចម្រឹង ចំនួន ១២.១៣០ ឧបករណ៍ឆក់ត្រី អួនហ៊ុមវែងមានចម្ងាយរហូតដល់ជាង ១.០០០ម៉ែត្រក៏មាន ក្រៅពីឧបករណ៍នេសាទមួយចំនួនទៀត៕