ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ថា មិនមានអ្នកណាម្នាក់រងគ្រោះដោយសារចាក់វ៉ាក់សាំងកូវីដ១៩ទេ។ ពលរដ្ឋមួយចំនួន ត្អូញត្អែរអំពីសាំងឡើងថ្លៃ ប៉ុន្តែមន្រ្តីថា តម្លៃទីផ្សារអន្តរជាតិ។ របាយការណ៍ថ្មី៖ ជលផលអាងទឹកទន្លេមេគង្គ កំពុងរងសម្ពាធយ៉ាងខ្លាំង។ កម្ពុជា គ្រោងចុះហត្ថលេខាពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយ។ គ្រូបង្រៀនម្នាក់បន្តរត់គេចខ្លួន ក្រោយសាលាឧទ្ធរណ៍ខេត្តបាត់ដំបងរក្សាបទចោទញុះញង់តាមបណ្តាញសង្គមហ្វេសប៊ុក។ សិទ្ធិមនុស្សនិងប្រជាធិបតេយ្យកម្ពុជា ថយមកចំណុចចាប់ផ្តើមរយៈពេល៣០ឆ្នាំក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកវិភាគនិយាយថា កេរដំណែលរបស់លោក Powell ជាអ្នកការពារសម្ព័ន្ធមិត្តអឺរ៉ុបដែលធ្វើឲ្យរុស្ស៊ីបាត់បង់ឱកាស។ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលីស្ទិកពីនាវាមុជទឹករបស់ខ្លួន ខណៈមានការព្រួយកង្វល់ពីការប្រជែងផ្នែកសព្វាវុធក្នុងឧបទ្វីបកូរ៉េ។ ប្រទេសនូវែលសេឡង់ បន្តបិទសកម្មភាពសង្គមនៅទីក្រុង Auckland ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩៕