ព័ត៌មានអំពីកម្ពុជាមាន សំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី៩ឆ្លងផុតគណៈរដ្ឋមន្ត្រី ក្រោមសន្ធឹកគាំទ្ររបស់បក្សកាន់អំណាច។ តុលាការចោទលោក សម រង្ស៊ី ពីបទរួមគំនិតក្បត់ថ្មីទៀត ចំពោះការប្រកាសឲ្យពលរដ្ឋក្រោកផ្តួលរដ្ឋាភិបាល។ ក្រុមជនរងគ្រោះត្រូវការយុត្តិធម៌និងសំណងពេលសាលាក្តីខ្មែរក្រហមអំពាវនាវឲ្យមានការចូលរួមគំនិតចម្រុះ។ អនាគតគ្រួសារមួយត្រូវបានបំផ្លាញដោយសារជំងឺកូវីដ១៩ ក្នុងពេលតែមួយប៉ព្រិចភ្នែក។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សមាជិកព្រឹទ្ធសភាអាមេរិកព្រមព្រៀងពង្រីកសិទ្ធិរបស់រដ្ឋាភិបាលដើម្បីខ្ចីប្រាក់។ ក្រុមមន្ត្រីអាមេរិក មានគម្រោងចរចាជាមួយប្រទេសម៉ិកសិក។ លោក Biden សរសើរអំពីជោគជ័យនៃការតម្រូវឲ្យចាក់វ៉ាក់សាំងកូវីដ១៩។ ក្រសួងការពារជាតិអាមេរិកមិនបញ្ជាក់អំពីកងកម្លាំងពិសេសអាមេរិកនៅកោះតៃវ៉ាន់។ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបជំរុញឲ្យរុស្ស៊ីស្វែងរកនិងដាក់ទោសមេខ្លោងសម្លាប់អ្នកកាសែតនៅឆ្នាំ២០០៦។ ក្រសួងហិរញ្ញវត្ថុអាមេរិកថា ពលរដ្ឋអាមេរិកាំងអ្នកមានបំផុតគេចបង់ពន្ធរាប់ពាន់លានដុល្លារ៕