ព័ត៌មានអំពីកម្ពុជាមានដូចជា លោក កឹម សុខា បញ្ជាក់ជាថ្មីថាលោកមិនក្បត់ជាតិ ខណៈសវនាការលើរូបលោកនៅបន្តពន្យារពេល។ របាយការណ៍របស់អង្គការសិទ្ធិមនុស្សបង្ហាញថា បំណុលវ័ណ្ឌកក្លាយជាហានិភ័យថ្មីនៅសហគមន៍រងគ្រោះដោយជម្លោះដីធ្លី។ ប្រធានាធិបតីចិនអះអាងបន្តការគាំទ្រដល់កម្ពុជា ខណៈអបអរសាទរខួប៧០ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ការប្រកួតប្រជែងរវាងមហាអំណាចអាមេរិក និងចិនតាមរយៈគម្រោងអភិវឌ្ឍន៍ពិភពលោក៖ ផលប្រយោជន៍ និងបញ្ហាប្រឈម»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden គ្រោងជួបនឹងសម្ដេចប៉ាប និងពិភាក្សាជាមួយសម្ព័ន្ធមិត្តដើម្បីកម្ចាត់ក្រុមភេរវកម្មរដ្ឋឥស្លាម។ កិច្ចប្រឹងប្រែងរបស់ម៉ាឡេស៊ីធ្វើទំនើបកម្មទ័ពអាកាសបង្ហាញពីការភ័យខ្លាចប្រទេសចិន។ របាយការណ៍បង្ហាញថា អំពើហិង្សានៅមីយ៉ាន់ម៉ាកើនឡើងតាមកំណើនក្រុមការពារខ្លួន។ អតីតបុគ្គលិកកាសែត Apple Daily ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានហុងកុង។ ការវាយប្រហាររបស់អាមេរិកនៅជិតព្រំដែនស៊ីរី-អ៊ីរ៉ាក់បានសម្លាប់កងជីវពល៥នាក់៕