ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជារំពឹងចំណូល៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំពីអាជីវកម្មរ៉ែមាសវិនិយោគដោយក្រុមហ៊ុនអូស្រ្តាលី។ ស្ថានទូតប្រទេសប្រជាធិបតេយ្យបារម្ភអំពីការចាប់ឃុំខ្លួនសកម្មជនបរិស្ថាន។ ក្រុម«ស្ត្រីថ្ងៃសុក្រ»បន្តការតវ៉ា ខណៈសម្ពាធពីខាងក្រៅឲ្យដោះលែងស្វាមីមិនទាន់មានលទ្ធផល។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកធ្វើដំណើរទៅអឺរ៉ុបដើម្បីចូលរួមសន្និសីទអំពីប្រទេសលីប៊ី។ សហភាពអឺរ៉ុបដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀតប្រឆាំងប្រទេសមីយ៉ាន់ម៉ា។ កូរ៉េខាងជើងផ្តល់សារមិនច្បាស់លាស់ស្តីពីការចរចាជាមួយសហរដ្ឋអាមេរិក។ ប្រតិបត្តិការរបស់តួកគីបង្កើនជម្លោះក្នុងចំណោមពួកឃឺដនៅក្នុងប្រទេសអ៊ីរ៉ាក់។ អង្គការ UNESCO ផ្តល់យោបល់ឲ្យបញ្ចូលតំបន់ផ្កាថ្មប៉ប្រះទឹករបស់អូស្ត្រាលីក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ អ៊ីស្រាអែលស៊ើបអង្កេតជាផ្លូវការអំពីការរត់ជាន់គ្នាក្នុងពិធីបុណ្យដែលបណ្តាលឲ្យមានមនុស្សស្លាប់។ អង្គការសហប្រជាជាតិថាជំនួយស្បៀងអាហារមិនបានទៅដល់តំបន់ Tigray ទេ ហើយប្រជាជនកំពុងតែស្លាប់ និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕