ព័ត៌មានអំពីកម្ពុជាមានដូចជា ពលរដ្ឋបារម្ភខ្លាំងពីសន្តិសុខស្បៀងនិងបំណុល ខណៈការបិទខ្ទប់ក្រុងបន្តមួយសប្តាហ៍ទៀត។ លោក ហ៊ុន សែន ចង់ឃើញការបែងចែកវ៉ាក់សាំងកូវីដ១៩ដោយសមធម៌ ខណៈកម្ពុជាចាក់វ៉ាក់សាំងបានច្រើនជាងប្រទេសអាស៊ាន។ កម្ពុជារកឃើញមនុស្សជាង ៥០០ នាក់ទៀតឆ្លងកូវីដ១៩ ខណៈករណីស្លាប់កើនឡើងដល់ ៨២ នាក់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អាស៊ានកែប្រែពាក្យពេចន៍លើសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការដោះលែងអ្នកទោសនយោបាយមីយ៉ាន់ម៉ា។ នាវាមុជទឹករបស់ឥណ្ឌូណេស៊ីត្រូវរកឃើញបាក់ជា ៣ ផ្នែក និងស្លាប់នាវិក ៥៣ នាក់។ «មានយុត្តិធម៌»គឺជាប្រតិកម្មពិភពលោកចំពោះការកាត់ទោសលោក Derek Chauvin ជាឃាតករសម្លាប់លោក George Floyd។ សហរដ្ឋអាមេរិកនឹងបញ្ជូនខ្យល់អុកស៊ីសែនទៅកាន់ប្រទេសឥណ្ឌា។ ក្រុមឧទ្ទាមមីយ៉ាន់ម៉ាអះអាងថាបានដណ្ដើមកាន់កាប់មូលដ្ឋានយោធាមួយកន្លែងនៅជិតព្រំដែនថៃ។ សហរដ្ឋអាមេរិកប្ដេជ្ញាជួយប្រទេសនៅទ្វីបអាមេរិកកណ្តាលដើម្បីដោះស្រាយបញ្ហាចំណាកស្រុក។ សហរដ្ឋអាមេរិកដាក់សម្ពាធបន្តលើប្រទេសអេត្យូពីឲ្យបញ្ចប់ជម្លោះនៅតំបន់ Tigray និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕