ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ថា ពលរដ្ឋនៅភ្នំពេញត្រៀមទទួលវ៉ាក់សាំង AstraZeneca នៅសល់ ខណៈវ៉ាក់សាំង ១,៥ លានដូសមកដល់នៅសប្តាហ៍ក្រោយ។ អ្នកជំងឺម្នាក់ទៀតនៅកម្ពុជាស្លាប់ដោយសារជំងឺកូវីដ១៩។ ក្រសួងព័ត៌មានដកអាជ្ញាបណ្ណព័ត៌មានរបស់លោក ផែង វណ្ណៈ ដែលវាយប្រហាររឿងវាយលោកនេននឹងរំពាត់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកការទូតកំពូលអាមេរិកនិងចិនប៉ះទង្គិចពាក្យសម្តីគ្នាជាសាធារណៈ នៅឯកិច្ចប្រជុំលើកដំបូងក្រោមរដ្ឋបាលលោក Biden។ សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រទេសជិតខាង។ ខ្មាន់កាំភ្លើងថា ការបាញ់ប្រហារមិនមានចេតនាខាងជាតិសាសន៍ទេ ខណៈប្រធានាធិបតីនិងអនុប្រធានាធិបតី នឹងធ្វើដំណើរទៅក្រុង Atlanta។ ប្រធានាធិបតីឥណ្ឌូណេស៊ីជំរុញឲ្យបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា និងចង់ឲ្យអាស៊ានពិភាក្សាបញ្ហានេះ។ ក្រុមប្រទេសបួនទប់ទល់នយោបាយវ៉ាក់សាំងការទូតរបស់ចិន។ ឧក្រិដ្ឋកម្មពាក់ព័ន្ធការស្អប់ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីកើន ១៥០% ក្នុងទីក្រុងធំៗនៅសហរដ្ឋអាមេរិក។ អង្គការសហប្រជាជាតិថា ការសម្លាប់ក្រុមបាតុករដោយយោធាមីយ៉ាន់ម៉ាកំពុងកើនឡើង និងព័ត៌មានផ្សេងៗទៀត៕