ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា កម្ពុជារកឃើញករណីឆ្លងកូវីដ ៦០នាក់ថែមទៀត ជាង៤០នាក់ជាជនជាតិខ្មែរ។ សភាអឺរ៉ុបអំពាវនាវឲ្យមានការផ្សះផ្សាជាតិនៅកម្ពុជា ខណៈមិនមានដំណោះស្រាយនយោបាយ។ ការបំបៅកូនរបស់ប៉ូលិសទទួលការកោតសរសើរ រិះគន់ និងព្រមាន។ បទសម្ភាសន៍ VOA៖ លោក សម រង្ស៊ី ជឿថាលោក បៃដិន អឺរ៉ុបនិងអង្គការសហប្រជាជាតិ នឹងជួយដោះស្រាយនយោបាយកម្ពុជា។ លោក ប៉ុក ថន អ្នកកែទម្រង់ប្រព័ន្ធអប់រំកម្ពុជានិងមេដឹកនាំសហគមន៍ខ្មែរអាមេរិកាំងដ៏ឆ្នើម ទទួលមរណភាពដោយជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា បន្ទាប់ពីបានទប់ស្កាត់ជំងឺកូវីដ១៩ តំបន់អាស៊ីបូព៌ាមានភាពយឺតយ៉ាវខាងវ៉ាក់សាំង។ ប្រទេសថៃផ្អាកការចាក់វ៉ាក់សាំង AstraZeneca ដោយសារការព្រួយកង្វល់ពីផលប៉ះពាល់។ លោក Biden បញ្ជាឲ្យរដ្ឋនានា មានវ៉ាក់សាំងសម្រាប់ពលរដ្ឋអាមេរិកាំងពេញវ័យទាំងអស់នៅត្រឹមថ្ងៃទី ១ ខែឧសភា។ ការតវ៉ាប្រឆាំងមានកាន់តែច្រើនឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលកូរ៉េខាងត្បូងបានផ្អាកការផ្លាស់ប្តូរខាងវិស័យការពារប្រទេស៕