ព័ត៌មានអំពីកម្ពុជាមានដូចជា មន្រ្តីសុខាភិបាលថា បុរសម្នាក់នៅសៀមរាបស្លាប់ដោយសារជំងឺបេះដូង មិនមែនដោយសារវ៉ាក់សាំងទេ។ លោក ហ៊ុន សែន ឲ្យបិទការធ្វើដំណើររបស់ពលរដ្ឋពីក្រុងព្រះសីហនុទៅតំបន់ផ្សេង។ លោក ហ៊ុន សែន ថាលោកគ្រោងកាន់តំណែងរហូត«ឈប់ចង់ធ្វើ»។ លោក ហ៊ុន សែន បន្តការពារវ៉ាក់សាំងចិន ខណៈចាក់វ៉ាក់សាំង AstraZenecaទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក WHO។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «អន្តរាគមន៍អាស៊ានក្នុងវិបត្តិមីយ៉ាន់ម៉ា៖ ឱកាស និងឧបសគ្គ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប៉ូលិសមីយ៉ាន់ម៉ាបំបែកការតវ៉ាប្រឆាំងម្តងទៀត មួយថ្ងៃបន្ទាប់ពីអង្គការសហប្រជាជាតិថា មនុស្ស៣៨នាក់បានត្រូវគេសម្លាប់កាលពីថ្ងៃពុធ។ ប៉ូលិសវិមានសភាសហរដ្ឋអាមេរិកព្រមានពីការគំរាមកំហែងនៅថ្ងៃព្រហស្បតិ៍។ កូរ៉េខាងត្បូងស៊ើបអង្កេតការស្លាប់មនុស្ស ២ នាក់ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca។ ជំងឺកូវីដ១៩វិវត្តថ្មីនៅប្រទេសប្រេស៊ីលអាចធ្វើឲ្យវ៉ាក់សាំងលែងមានប្រសិទ្ធភាព។ ភរិយាប្រធានាធិបតី Biden និងរដ្ឋមន្ត្រីអប់រំអាមេរិកចុះមូលដ្ឋានដើម្បីជំរុញការបើកសាលារៀនឡើងវិញ៕