ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុមសិទ្ធិមនុស្សថា រដ្ឋាភិបាលកាន់តែមានអំណាចច្រើនគ្រប់គ្រងអ៊ិនធឺណិត ក្រោយបង្កើតអនុក្រឹត្យចម្រូងចម្រាសមួយ។ បាតុកម្មនៅទីក្រុងហុងកុងត្រូវបានរំលេចត្រួសៗ ក្នុងសវនាការសំណុំរឿងក្បត់ជាតិរបស់បក្សប្រឆាំង។ ក្រុមសិទ្ធិមនុស្សថា ការបង្កកសវនាការលោក កឹម សុខា អាចធ្វើឲ្យខាតបង់សេដ្ឋកិច្ច ទោះចំណេញនយោបាយ។ ក្រុមមន្រ្តីព្រមានថា អ្នកចែករំលែកព័ត៌មាន«ក្លែងក្លាយ»អំពីការស្លាប់ដោយចាក់វ៉ាក់សាំង ត្រូវជាប់ពន្ធនាគារ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា យុវនារីមីយ៉ាន់ម៉ាម្នាក់ដែលត្រូវប៉ូលិសបាញ់ក្នុងពេលបាតុកម្ម បានស្លាប់ហើយ។ លោក Biden សន្យាផ្តល់ប្រាក់៤ពាន់លានដុល្លារដល់កម្មវិធីវ៉ាក់សាំង COVAX នៅឯជំនួប G7 នៅថ្ងៃសុក្រនេះ។ ស្រ្តីនិងជនជាតិអាហ្វ្រិកដំបូងត្រូវបានជ្រើសតាំងជាប្រធានអង្គការពាណិជ្ជកម្មពិភពលោក។ អ្នកតំណាងពាណិជ្ជកម្មរបស់លោក Biden ត្រូវគេរំពឹងថា នឹងតតាំងជាមួយប្រទេសចិន។ សហរដ្ឋអាមេរិកថា ខ្លួនប្រុងប្រៀបហើយដើម្បីចរចាជាមួយអ៊ីរ៉ង់អំពីកិច្ចព្រមព្រៀងនុយក្លែអ៊ែរ។ យានរុករក Perseverance របស់ NASA បានចុះចតលើភពព្រះអង្គារដោយជោគជ័យ និងព័ត៌មានផ្សេងៗទៀត៕