ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការបញ្ចប់ការស៊ើបអង្កេតលើព្រះអង្គ លួន សុវ៉ាត ពីបទ«រំលោភសេពសន្ថវៈ» និង«បរិហារកេរ្តិ៍ជាសាធារណៈ»។ ពលរដ្ឋមួយចំនួនស្ទាក់ស្ទើរចាក់វ៉ាក់សាំងកូវីដរបស់ចិន ខណៈលោក ហ៊ុន សែន ប្រាប់ឲ្យទុកចិត្ត។ មជ្ឈមណ្ឌលប្រឹក្សាពីការអប់រំនៅអាមេរិក បើកដំណើរការនៅខេត្តសៀមរាប។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ពិព័រណ៍ស្រ្តី២០២១ នឹងជំរុញឲ្យបញ្ហាស្រ្តីត្រូវបានដោះស្រាយតាមរយៈស្រ្តីអ្នកសិល្បៈសហសម័យ»។ ចំណែកឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden គ្រោងនឹងបង្ហាញចក្ខុវិស័យ«វិជ្ជមាននិងប្រកបដោយសុទិដ្ឋិនិយម»នៅឯពិធីស្បថចូលកាន់តំណែង។ ក្រុមរដ្ឋអាជ្ញាពីរដ្ឋសភាដែលដឹកនាំការចោទប្រកាន់ដកប្រធានាធិបតីចេញពីតំណែងថា លោក Trump បានមើលការវាយប្រហារវិមានសភាតាមទូរទស្សន៍។ FBI ពិនិត្យមើលទាហានឆ្មាំការពារនៅរដ្ឋធានីវ៉ាស៊ីនតោន នៅពេលមានការភ័យខ្លាចការវាយប្រហារពីជួរផ្ទៃក្នុង។ លោក Navalny អ្នករិះគន់រដ្ឋាភិបាលរុស្ស៊ីត្រូវបានចាប់ខ្លួន នៅពេលទៅដល់ទីក្រុងម៉ូស្គូ។ ក្រុមតាលីបង់យល់ថាលោក Ghani ជាឧបសគ្គសម្រាប់កិច្ចចរចាសន្តិភាពអាហ្វហ្គានីស្ថាន៕