ព័ត៌មានអំពីកម្ពុជាមានដូចជា ការនិវត្តមកកម្ពុជារបស់លោកស្រី មូរ សុខហួរ មានសញ្ញាមិនជាក់លាក់។ តុលាការភ្នំពេញថាសវនាការលោក កឹម សុខា មិនមែនជាអាទិភាព ដោយសារលោកនៅក្រៅឃុំ។ តុលាការខេត្តព្រះសីហនុឃុំខ្លួនតំណាងសហគមន៍ដីធ្លីម្នាក់ ខណៈអ្នកផ្សេងទៀតភ័យខ្លាចការចាប់ខ្លួន។ អតីតស្រ្តីជនភៀសខ្លួនខ្មែរទី១ស្បថចូលកាន់តំណែងតំណាងរាស្ត្រថ្នាក់រដ្ឋនៅរដ្ឋម៉ាស្សាឈូសេត។ ព័ត៌មានអន្តរជាតិមានដូចជា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Pompeo បំពេញទស្សនកិច្ចនៅការិយាល័យ VOA និងបានសរសើរ VOA។ រដ្ឋសភាសហរដ្ឋអាមេរិកចាត់វិធានការដើម្បីព្យាយាមដកលោកប្រធានាធិបតី Trump ពីតំណែង។ សន្តិសុខត្រូវបានរឹតបន្តឹង ខណ:ដែលអភិបាលរដ្ឋធានី Washington មិនលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមពិធីស្បថចូលកាន់តំណែងលោក Biden។ ជិត៣ភាគ៤នៃអ្នកបោះឆ្នោតអាមេរិកជឿថា លទ្ធិប្រជាធិបតេយ្យអាមេរិកកំពុងរងការគំរាមកំហែង។ អង្គការសុខភាពពិភពលោក (WHO) ថាខ្លួនមិនមែនចង់ទម្លាក់កំហុសទេ ស្របពេលដែលខ្លួនទៅស៊ើបអង្កេតប្រភពនៃជំងឺកូវីដ១៩នៅប្រទេសចិន។ មហាក្សត្រម៉ាឡេស៊ីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅពេលការឆ្លងកូវីដ១៩ កើនឡើងខ្លាំង និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕