ព័ត៌មានអំពីកម្ពុជាមានដូចជា បវេសនកាលថ្មីចាប់ផ្ដើម ខណៈទិន្នន័យបឋមបង្ហាញថាសិស្សធ្លាក់ចុះជិត២ម៉ឺននាក់។ អ្នកចិញ្ចឹមត្រីនៅខេត្តព្រៃវែងសង្ឃឹមតម្លៃត្រីកើនឡើង ក្រោយការផ្អាកនាំចូលត្រីពីវៀតណាម។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ស្ថានភាពបច្ចុប្បន្ននៃសេរីភាពសារព័ត៌មាននិងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា»។ ព័ត៌មានអន្តរជាតិមានដូចជា ក្រុមគណបក្សប្រជាធិបតេយ្យក្នុងរដ្ឋសភាសហរដ្ឋអាមេរិកជំរុញឲ្យប្តឹងទម្លាក់លោកប្រធានាធិបតី Trump ចេញពីតំណែង។ ប្រធានប៉ូលិសវិមានសភាអាមេរិកដែលចាកចេញពីតំណែងថា ពួកមន្ត្រីបានច្រានចោលគម្រោងសម្រាប់ការត្រៀមជួយរបស់ឆ្មាំការពារជាតិ។ លោក Schumerព្រមានពីលទ្ធភាពនៃអំពើហិង្សាជុំវិញពិធីស្បថចូលកាន់តំណែងរបស់លោក Biden។ ជំងឺកូវីដ១៩ វិវត្តថ្មីរបស់ចក្រភពអង់គ្លេស ប្រទេសអាហ្វ្រិកខាងត្បូងបានរាលដាលជុំវិញពិភពលោក។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ចប់ការរឹតត្បិតការទាក់ទងជាមួយមន្ត្រីកោះតៃវ៉ាន់។ កងទ័ពជើងទឹកឥណ្ឌូណេស៊ីរកឃើញប្រអប់ខ្មៅដែលផ្ទុកទិន្នន័យអំពីហោះហើររបស់យន្តហោះដែលធ្លាក់ក្នុងសមុទ្រជ្វា។ បញ្ហាប្រឈមដ៏ធំបំផុតរបស់លោក Biden គឺធ្វើឲ្យគណបក្សប្រជាធិបតេយ្យរួបរួមគ្នា។ ប្រទេសថៃប្រឈមនឹងវិបត្តិទ្វេក្នុងឆ្នាំ២០២០ គឺជំងឺរាតត្បាតនិងបញ្ហានយោបាយ៕