ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន សាទរជ័យជម្នះរបស់លោក បៃដិន ហើយប្តេជ្ញាធ្វើការជាមួយរដ្ឋបាលថ្មីរបស់អាមេរិក។ សាលាក្រុងស្នើជាថ្មីឲ្យក្រុមសិទ្ធិមនុស្សពន្យារការជួបជុំនៅទីលានប្រជាធិបតេយ្យ។ សិស្សមួយចំនួនបង្ហាញការអាក់អន់ចិត្ត ក្រោយក្រសួងអប់រំសម្រេចមិនមានការប្រឡងបាក់ឌុបនិងមិនកំណត់និទ្ទេស។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី«ថ្នាំអង្គបដិបក្ខម៉ូណូក្លូណុល(Monoclonal)សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩នៅក្រៅមន្ទីរពេទ្យ»។ ព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកជំនាញសហរដ្ឋអាមេរិកនឹងប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះរឿងវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Moderna។ សហរដ្ឋអាមេរិកចាត់ទុកប្រទេសស្វីសនិងវៀតណាមជាប្រទេសក្រឡុករូបិយវត្ថុ។ ប្រធានាធិបតីបារាំងលោក Emmanuel Macron ធ្វើតេស្តឃើញឆ្លងជំងឺកូវីដ១៩។ ប្រទេសប៉ាគីស្ថានបានឲ្យដឹងថា ខ្លួនមាន «ក្ដីបារម្ភយ៉ាងខ្លាំង» អំពីការដាក់ទណ្ឌកម្ម «ជាឯកតោភាគី» របស់សហរដ្ឋអាមេរិកលើប្រទេសទួរគី និងបានសង្កត់ធ្ងន់អំពីតម្រូវការនៅក្នុងការដោះស្រាយបញ្ហាទាំងអស់តាមរយ:ការចរចា។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា រដ្ឋាភិបាលចិននឹងស្វាគមន៍ក្រុមស៊ើបអង្កេតអន្តរជាតិអំពីជំងឺកូវីដ១៩ ដែលគ្រោងធ្វើដំណើរទៅប្រទេសចិននៅខែមករាខាងមុខនេះ។ រដ្ឋចំនួន ១០ នៅសហរដ្ឋអាមេរិកប្ដឹងក្រុមហ៊ុន Google ថាបាន «ប្រឆាំងការប្រកួតប្រជែង» ទាក់ទិននឹងការផ្សាយពាណិជ្ជកម្មតាមអនឡាញ។ មេដឹកនាំគណបក្សសាធារណរដ្ឋក្នុងព្រឹទ្ធសភាស.រ.អ.ទទួលស្គាល់ជ័យជំនះលោក Biden៕