ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រសួងយុត្តិធម៌ថា មិនមាន «ភាពមិនប្រក្រតី» ក្នុងការពន្លឿនសំណុំរឿងកកស្ទះជិត ២ម៉ឺន៨ពាន់នោះទេ។ មុខវិជ្ជាសុខភាពផ្លូវចិត្ត សុខភាពផ្លូវភេទ នឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សាចាប់ពីឆ្នាំ២០២២។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាអំពី «ស្ត្រីវ័យក្មេង និងអាហារូបករណ៍ SHE CAN»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា វិបត្តិជំងឺកូវីដ១៩ ដែលរើបឡើងវិញក្នុងប្រទេសម៉ាឡេស៊ី ប៉ះពាល់សេដ្ឋកិច្ចកាន់តែខ្លាំង។ លោក Trump និងលោក Biden ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមបណ្ដារដ្ឋដែលមានការប្រជែងខ្លាំង។ បាតុករថៃរាប់ពាន់នាក់ នៅបន្តតវ៉ាប្រឆាំងនឹងលោក Prayuth ទោះមានបម្រាមហាមការជួបជុំលើសពី ៤ នាក់ក៏ដោយ។ អាមេនី និងអាស៊ែបៃហ្សង់ ចោទគ្នាទៅវិញទៅមកថាបានរំលោភលើកិច្ចព្រមព្រៀងផ្អាកការវាយប្រយុទ្ធគ្នា។ លោកស្រី Pelosi ថា កញ្ចប់ជំនួយថ្មីសម្រាប់វិបត្តិជំងឺកូវីដ១៩ សម្រេចបានឬមិនបានអាស្រ័យលើរដ្ឋបាលលោក Trump។ ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តបានសម្លាប់មនុស្សយ៉ាងតិច ១៥ នាក់នៅអាហ្វហ្គានីស្ថាន៕