ព័ត៌មានអំពីកម្ពុជាមានដូចជា ពលរដ្ឋចាកចោលផ្ទះគេចពីជំនន់ស្ទឹងព្រែកត្នោតដែលលិចជាយខាងត្បូងក្រុងភ្នំពេញ។ សហជីពថា កម្មករចាប់ផ្តើមប្រមូលសំរាម ក្រោយក្រុមហ៊ុនស៊ីនទ្រីព្រមព្រៀងបើកប្រាក់អត្ថប្រយោជន៍នៅដើមឆ្នាំក្រោយ។ អង្គការសិទ្ធិមនុស្សធំៗថ្កោលទោសការផ្តល់រង្វាន់របស់ក្រសួងយុត្តិធម៌ថៃដល់ក្រុមហ៊ុនស្ករស Mitr Phol ដែលបំពានសិទ្ធិមនុស្សនៅកម្ពុជា។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden និងលោក Trump បន្តឌឺដងដាក់គ្នាក្នុងរដ្ឋសំខាន់ៗមុនពេលបោះឆ្នោត។ ការអះអាងរបស់លោក Trump អំពីការលួចបន្លំសន្លឹកឆ្នោត អាចបណ្តាលឲ្យមានចម្រូងចម្រាសនៃការបោះឆ្នោតដោយប្រតិភូ។ បេក្ខជនចៅក្រមតុលាការកំពូលអាមេរិកអ្នកស្រី Barrett បដិសេធមិនឆ្លើយសំណួរទាក់ទិននឹងរឿងក្ដីសំខាន់ៗរបស់តុលាការកំពូល។ ចៅក្រមសហព័ន្ធនៅសហរដ្ឋអាមេរិករារាំងការពន្លឿនថ្ងៃផុតកំណត់ជំរឿនជាតិ។ ក្រុមបាតុករថៃប្រជែងគ្នាពីរក្រុម បង្ហាញកម្លាំងដាក់គ្នាក្នុងទីក្រុងបាងកក។ រាជវាំងម៉ាឡេស៊ីពន្យារពេលប្រជុំដោយសារការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេស។ កាលពីពេលថ្មីៗនេះលោក Anwar ប្រឹងប្រែងបានកាន់តំណែងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ពលរដ្ឋតៃវ៉ាន់ភ័យព្រួយ ខណៈសកម្មភាពយន្តហោះចម្បាំងរបស់ចិនកើនឡើង៕