ព័ត៌មានអំពីកម្ពុជាមានដូចជា កសិដ្ឋានធំៗកាប់ដើមកៅស៊ូដាំដើមចេក និងដំណាំផ្សេងតម្រង់ទៅទីផ្សារចិន។ របាយការណ៍អង្គការសិទ្ធិមនុស្សបានឲ្យដឹងថា សេរីភាពមូលដ្ឋានបន្តរឹតត្បិតនៅកម្ពុជា ខណៈពលរដ្ឋរឹតត្បិតខ្លួនឯងក្នុងការបញ្ចេញមតិ។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោកវេជ្ជបណ្ឌិត Fauci ច្រានចោលការអះអាងជាថ្មីរបស់លោក Trump ដែលថា ថ្នាំ hydroxychloroquine មានប្រសិទ្ធភាពនៅក្នុងការព្យាបាលជំងឺកូវីដ១៩។ សពរបស់លោក John Lewis ដែលជាសមាជិកសភា និងជានិមិត្តិរូបសិទ្ធិពលរដ្ឋសហរដ្ឋអាមេរិក នឹងតម្កល់ជាសាធារណៈនៅវិមានសភារដ្ឋ Georgia។ វៀតណាមប្រឹងប្រែងទប់ទល់នឹងការផ្ទុះឡើងជាថ្មីនូវករណីឆ្លងជំងឺកូវីដ១៩។ ក្រសួងកសិកម្មសហរដ្ឋអាមេរិកជំរុញពលរដ្ឋឲ្យជៀសវាងការដាំ «គ្រាប់ពូជដំណាំរបស់ចិន» ដែលត្រូវបានគេផ្ញើឲ្យដោយមិនដឹងខ្លួន។ សហរដ្ឋអាមេរិកនិងអូស្រ្តាលី ស្វះស្វែងរកកិច្ចសហប្រតិបត្តិការថ្មីខាងយោធានៅក្នុងការប្រឈមជាមួយចិន។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិកការពារយ៉ាងស្វិតស្វាញចំពោះការឆ្លើយតបរបស់សហរដ្ឋអាមេរិកដល់ការតវ៉ាប្រឆាំង។ ការតវ៉ាប្រឆាំងរដ្ឋាភិបាល រីកកាន់តែធំឡើងនៅក្នុងប្រទេសថៃ នៅពេលដែលយុវជនថៃទាមទារឲ្យមានការផ្លាស់ប្តូរ និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕