ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ចិននិងកម្ពុជាត្រៀមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ខណៈកម្ពុជាសម្លឹងមើលសក្តានុពលនាំចេញផលិតផលកសិកម្ម។ បទសន្ទនារវាងអ្នកយកព័ត៌មានឲ្យវីអូអេ៖ ពិធីរំឭកខួប៤ឆ្នាំនៃមរណភាពលោកកែម ឡី ត្រូវបានធ្វើឡើងដោយមានការតាមដាននិងរឹតត្បិតពីអាជ្ញាធរ។ ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា អំពាវនាវឲ្យមានការស៊ើបអង្កេតបន្ថែមលើករណីឃាតកម្មលើលោក កែម ឡី។ ជនរងគ្រោះថា កម្ពុជាគួរប្រារព្ធទិវាថ្នាក់ជាតិ ដើម្បីរំឭកការចងចាំអំពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោកប្រធានាធិបតី Donald Trump ដាក់សម្ពាធឲ្យអភិបាលរដ្ឋនានាបើកដំណើរការសាលារៀនឡើងវិញ។ សហរដ្ឋអាមេរិកបានកំណត់ត្រាករណីឆ្លងវីរុសកូរ៉ូណាខ្ពស់បំផុតមួយក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។ កូរ៉េខាងជើងថា ខ្លួនមិនចាប់អារម្មណ៍លើជំនួបជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ទេ។ ករណីផ្ទុះរោងចក្រផលិតកាំជ្រួចនៅតំបន់ Guanghan ខេត្តស៊ីឈួន ប្រទេសចិន បានបណ្តាលឲ្យមនុស្ស ៦នាក់រងរបួស និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕