ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ៣សប្តាហ៍នៃការបាត់ខ្លួនសកម្មជនថៃលោក Wanchalearm Satsaksit នៅរាជធានីភ្នំពេញ ប៉ូលិសកម្ពុជាមិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មាន ខណៈភាគីថៃបន្តស្ងាត់ស្ងៀម។ នៅក្នុងកម្មវិធី Hello VOA វាគ្មិនរបស់យើងនឹងពិភាក្សាអំពី «ស្ថានភាពលំបាករបស់ពលករចំណាកស្រុកនិងជនភៀសខ្លួននយោបាយ ក្នុងគ្រាវិបត្តិកូវីដ១៩»។ ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា៖ ក្រុមអ្នកកែទម្រង់ដាក់សម្ពាធលើលោក Biden បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ឲ្យបង្កើតគោលនយោបាយដែលនាំមកនូវការផ្លាស់ប្តូរស៊ីជម្រៅ។ ការបន្តធ្វើតេស្តជំងឺកូវីដ១៩កាន់តែច្រើនឡើងនៅសហរដ្ឋអាមេរិក បង្កឲ្យមានការជជែកដេញដោលកាន់តែច្រើនរវាងអ្នកនយោបាយអាមេរិក ខណៈករណីឆ្លងកំពុងកើនឡើងក្នុងរដ្ឋមួយចំនួន។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទស្សន៍ទាយថា សេដ្ឋកិច្ចនៅទូទាំងពិភពលោកនឹងប្រឈមកំណើនលូតលាស់អវិជ្ជមានជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក អំពាវនាវឲ្យសហរដ្ឋអាមេរិកប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងចិន។ សន្និបាតតែងតាំងលោក Joe Biden ជាបេក្ខជនប្រធានាធិបតីប្រចាំគណបក្សប្រជាធិបតេយ្យ នឹងធ្វើឡើងតាមអនឡាញ។ ប្រទេសអាហ្រ្វិកខាងត្បូង ធ្វើការសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើមនុស្សជាលើកដំបូង។ កូរ៉េខាងត្បូងប្រារព្ធខួប៧០ឆ្នាំនៃសង្គ្រាមក្នុងឧបទ្វីបកូរ៉េ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕