ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រុមរដ្ឋមន្រ្តីថា កង្វះថវិកា និងមន្រ្តីជំនាញនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស នៅតែជាបញ្ហា។ អ្នកពាក់ព័ន្ធថា ការបន្ធូរបន្ថយលក្ខខណ្ឌ និងការបើកផ្លូវធ្វើដំណើរក្នុងអាស៊ានអាចជួយស្ដារវិស័យទេសចរណ៍របស់កម្ពុជា។ អង្គការសិទ្ធិមនុស្សនិងការពារសេរីភាពសារព័ត៌មានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាឈប់ប្រើ«លេស»កូវីដបង្ក្រាបក្រុមប្រឆាំងនិងសិទ្ធិបញ្ចេញមតិ។ កម្ពុជាបញ្ជាក់ជំហរជាថ្មីគាំទ្រការអនុវត្តច្បាប់សន្តិសុខជាតិរបស់ចិននៅទីក្រុងហុងកុង។ ព័ត៌មានអន្តរជាតិវិញមាន ការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនរវាងឥណ្ឌានិងចិនកាន់តែរីកធំឡើង។ វិបត្តិអាភៀនលេចឡើងនៅទ្វីបអាស៊ី ក្រោយមានការរឹបអូសគ្រឿងញៀនជាច្រើន។ តំបន់អាស៊ីអាគ្នេយ៍ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន នៅពេលមានវិបត្តិជំងឺកូវីដ១៩៕