ព័ត៌មានអំពីកម្ពុជាមានដូចជា បុគ្គលិកកាស៊ីណូណាហ្គាវើលស្វះស្វែងរកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលចំនួន ៤០ ដុល្លារក្នុងមួយខែ ដើម្បីជួយទប់ទល់នឹងជីវភាពប្រចាំថ្ងៃ ក្រោយកាស៊ីណូបានផ្អាកដំណើរការជាង ២ ខែមកនេះ។ ខណៈថៃរង់ចាំការផ្ទៀងផ្ទាត់ព័ត៌មានបាត់ខ្លួនសកម្មជនថៃនៅភ្នំពេញ ប៉ូលិសកម្ពុជាថា រថយន្តដែលថតបាននោះពាក់ស្លាកលេខក្លែងក្លាយ។ លោក សម រង្ស៊ី ថា ការចាប់សកម្មជនរបស់ខ្លួនបង្ហាញពីការភ័យខ្លាចចំពោះការងើបប្រឆាំងរដ្ឋាភិបាល។ ព័ត៌មានអន្តរជាតិវិញមាន នាយិការបស់ VOA លាលែងពីតំណែង។ និយតករសហរដ្ឋអាមេរិកឈប់ឲ្យប្រើឱសថព្យាបាលជំងឺគ្រុនចាញ់សម្រាប់ការព្យាបាលជំងឺកូវីដ១៩។ លោក Trump នឹងចុះហត្ថលេខាលើបទបញ្ជាអំពីការកែទម្រង់មួយចំនួនលើផ្នែកប៉ូលិស។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបន្ទាន់ផ្ដោតលើបញ្ហាជាតិសាសន៍នៅសហរដ្ឋអាមេរិក។ កូរ៉េខាងជើងកម្ទេចការិយាល័យទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕