ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា៖ ខណៈសំណុំរឿងដីធ្លីរបស់ពួកគេនៅតុលាការមិនទាន់បញ្ចប់ សកម្មជនដីធ្លីក្នុងខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងផលវិបាកផ្នែកហិរញ្ញវត្ថុ។ រដ្ឋាភិបាលកម្ពុជាកំណត់តម្លៃធ្វើតេស្តជំងឺកូវីដសម្រាប់ជនបរទេស ខណៈមានការតម្រូវឲ្យពួកគេតម្កល់ប្រាក់៣.០០០ដុល្លារ។ នៅក្នុងកម្មវិធី Hello VOA លោក សាយ មុន្នី នៃវីអូអ បានពិភាក្សាជាមួយវាគ្មិន លោក ប៉ិច ពិសី អំពីការជៀសវាងទំនាស់ផលប្រយោជន៍នៅកន្លែងធ្វើការក្នុងគ្រាវិបត្តិកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា៖ នៅសហរដ្ឋអាមេរិក ករណីឆ្លងវីរុសកូរ៉ូណាបានកើនជិត ២លាននាក់។ លោកប្រធានាធិបតី Donald Trump ពិចារណាចំណាត់ការដើម្បីដោះស្រាយបញ្ហាដែលជំរុញបាតុកម្មតវ៉ាប្រឆាំងទូទាំងប្រទេស ខណៈលោកក៏ត្រៀមចាប់ផ្តើមការជួបជុំនយោបាយឡើងវិញ ដើម្បីធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលកន្លងមកបង្អាក់ដោយវិបត្តិកូវីដ១៩។ ធនាគារកណ្តាលអាមេរិកថា អត្រាការប្រាក់នឹងនៅទាបរហូតដល់ឆ្នាំ ២០២០។ រដ្ឋាភិបាលក្រុង Mexico City នៃប្រទេសម៉ិកស៊ិក ចាប់ផ្តើមយុទ្ធនាការធ្វើតេស្តជំងឺកូវីដ១៩ក្នុងទ្រង់ទ្រាយដ៏ធំមួយ៕