ព័ត៌មានសំខាន់ៗអំពីកម្ពុជា សហរដ្ឋអាមេរិក និងតំបន់អាស៊ី មានដូចជា៖ អគ្គស្នងការរងនគរបាលជាតិឲ្យដឹងថា សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនមេបញ្ជាការរងមួយរូបនៃទីបញ្ជាការមូលដ្ឋានសមុទ្ររាម ពាក់ព័ន្ធនឹងករណីបាញ់បោះជាមួយជនជាតិចិននៅកោះរ៉ុង។ ធនាគារពិភពលោកឲ្យដឹងថា វិបត្តិជំងឺកូវីដ១៩ បណ្តាលឲ្យពលរដ្ឋកម្ពុជា ១,៧លាននាក់ ស្ថិតក្នុងហានិភ័យសេដ្ឋកិច្ច ខណៈសន្ទុះសេដ្ឋកិច្ចកម្ពុជាថមថយខ្លាំង។ ក្រសួងមហាផ្ទៃ ឲ្យដឹងថា ក្នុងឆ្នាំ ២០១៩ ពលករចំណាកស្រុកកម្ពុជាជាង១៤.០០០នាក់ ត្រូវបានបញ្ជូនពីប្រទេសថៃមកកម្ពុជាវិញ ដោយសារការធ្វើចំណាកស្រុកខុសច្បាប់។ នៅក្នុងកម្មវិធី Hello VOA ពិសេស វាគ្មិនរបស់យើង ពិភាក្សាអំពី ស្ថានភាពការងារនៅកម្ពុជានិងដំណោះស្រាយ ក្នុងគ្រាវិបត្តិកូវីដ១៩។ នៅសហរដ្ឋអាមេរិក អភិបាលក្រុង Minneapolis ប្រកាសដាក់ទីក្រុងក្នុងភាពអាសន្ន បន្ទាប់ពីមានបាតុកម្មហិង្សារក្រោយការស្លាប់របស់បុរសជនជាតិស្បែកខ្មៅគឺលោក George Floyd។ លោកប្រធានាធិបតី ត្រាំ ពិចារណាសំណើដកទិដ្ឋាការរបស់និស្សិតចិននៅសហរដ្ឋអាមេរិក ខណៈមានភាពតានតឹងរវាងរដ្ឋាភិបាលចិននិងអាមេរិកកំពុងកើនឡើង ។ រដ្ឋាភិបាលជប៉ុនកោះហៅទូតចិនមកបកស្រាយអំពីចំណាត់ការរបស់រដ្ឋសភាចិនដោយអនុម័តច្បាប់សន្តិសុខក្រុងហុងកុង។ ព័ត៌មានអន្តរជាតិផ្សេងៗទៀតរួមមាន សហភាពអឺរ៉ុបចាប់ផ្តើមយុទ្ធនាការរៃអង្គាសថវិកាសម្រាប់ការធ្វើតេស្ត ព្យាបាល និងផលិតវ៉ាក់សាំង៕