ការរាយការណ៍ព័ត៌មាននៅប្រទេសវ៉េណេស៊ុយអេឡាកំពុងរងការវិនាស ពោរពេញដោយគ្រោះថ្នាក់និងចលាចល
ស្ថានភាពជាប់គាំងនយោបាយរវាងរដ្ឋាភិបាលលោក Nicholas Maduro និងមេបក្សប្រឆាំងគឺលោកJuan Guaido ក្នុងប្រទេសវ៉េណេស៊ុយអេឡា មានសភាពកាន់តែតានតឹងឡើង ដោយអំពើហិង្សា បានក្លាយជាការគំរាមមិនត្រឹមតែដល់ពលរដ្ឋប៉ុណ្ណោះទេ តែថែមទាំងដល់អ្នកសារព័ត៌មានដែលរាយការណ៍អំពីវិបត្តិនយោបាយនេះផងដែរ។ លោក Maduro បានតម្រង់គោលដៅទៅលើសេរីភាពសារព័ត៌មានជាយូរយារណាស់មកហើយ ដោយបានអំពាវនាវឱ្យមាន«ការធ្វើសង្គ្រាមប្រព័ន្ធផ្សព្វផ្សាយ» និងធ្វើឱ្យមានការកើនឡើងនូវការត្រួតពិនិត្យខ្លឹមសារមុនការផ្សាយ។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ពិន្ទុនៃសេរីភាពសារព័ត៌មានរបស់ប្រទេសវ៉េណេស៊ុយអេឡា បានធ្លាក់ចុះដល់ទៅ៣២ពិន្ទុ គឺស្ទើរតែនៅបាតតារាង ពោលគឺស្ថិតនៅលំដាប់លេខរៀងទី១៤៨ ក្នុងចំណោម១៨០ប្រទេស។ ប៉ុន្តែ អ្នកសារព័ត៌មាន មានបញ្ហាប្រឈមដែលត្រូវដោះស្រាយ ច្រើនជាងការសង្កត់សង្កិនរបស់រដ្ឋាភិបាលទៅទៀត ដោយសារប្រទេសរបស់ពួកគេ កំពុងតែបែកខ្ញែកជាបំណែកៗ ដោយមានកង្វះស្បៀងអាហារ ទឹកនិងអគ្គិសនីជាដើម។ វីអូអេ បានធ្វើដំណើរទៅកាន់រដ្ឋធានីការ៉ាកាស ដើម្បីធ្វើសេចក្ដីរាយការណ៍អំពីស្ថាប័នព័ត៌មានចំនួនបី និងការព្យាយាមជម្នះការលំបាកដែលអ្នកសារព័ត៌មាននៃស្ថាប័នទាំងនោះ កំពុងជួបប្រទះ។ លោក សាយ មុន្នី ជូនសេចក្ដីប្រែសម្រួលដូចតទៅ៕