Hello VOA សុខភាព៖ ការលើសជាតិស្ករនិងសម្ពាធឈាមលើសជាកត្តាចម្បងបង្កជាជំងឺខូចតម្រងនោមរ៉ាំរ៉ៃឬជំងឺខូចក្រលៀន
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា ក្រលៀនឬតម្រងនោមមានមុខងារសំខាន់ណាស់សម្រាប់លាងសំណល់ទាំងអស់នៅក្នុងឈាមដើម្បីបញ្ចេញជាទឹកនោម។ ជំងឺខូចតម្រងនោមរ៉ាំរ៉ៃចែកចេញជា៥ដំណាក់កាល គឺចាប់ពីដំណាក់ទី១ដែលជាដំណាក់កាលស្រាលបន្តបន្ទាប់រហូតដល់ដំណាក់កាលទី៥ជាដំណាក់កាលធ្ងន់ធ្ងរ។ ជំងឺលើសឈាមឬសម្ពាធឈាមខ្ពស់គឺជាមូលហេតុចម្បងដែលបំផ្លាញសរសៃឈាមតូចៗដែលមានសារៈសំខាន់ចំពោះដំណើរការនៃមុខងារតម្រងនោម។ ការយកទឹកនោមឬឈាមទៅពិនិត្យអាចឲ្យគេរកឃើញថា អ្នកជំងឺមានផ្ទុកជំងឺខូចតម្រង់នោមឬខូចក្រលៀន៕ (ស៊ូ ពេជ្រចិន្តាុ, Hello VOA, វ៉ាស៊ីនតោន, ២៩ វិច្ឆិកា ២០១៨)