ព្រះមហាក្សត្រជំរុញឱ្យរដ្ឋសភាអាណត្តិថ្មីធានាសិទ្ធិស្មើភាពនិងសិទ្ធិគ្រប់បែបយ៉ាងរបស់ពលរដ្ឋខ្មែរ
- នៅ វណ្ណារិន
- VOA Khmer
ក្រុមតំណាងរាស្ត្រចំនួន ១២៥រូប រួមមានមន្ត្រីសំខាន់ៗរបស់បក្សកាន់អំណាច ដែលបានជាប់ឆ្នោតបានចូលរួម ក្នុងប្រជុំជាលើកដំបូងរបស់រដ្ឋសភាខ្មែរនៅព្រឹកថ្ងៃពុធនេះ បើទោះជារងការរិះគន់ពីបស្ចឹមប្រទេសនិងមិនមានការចូលរួមពីអង្គទូតនានារបស់ប្រទេសទាំងនោះ។ ថ្លែងទៅកាន់ សមាជិករដ្ឋសភាថ្មីទាំង ១២៥រូប ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ក្នុងស្រុក និងបណ្តាញសង្គម ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី បានក្រើនរំឮកពីការបញ្ចប់នៃការបែកបាក់ជាតិ និងការអភិវឌ្ឍជាតិក្នុងរយៈពេលជាង២៥ឆ្នាំចុងក្រោយ។ ព្រះមហាក្សត្រខ្មែរក៍បានជំរុញឱ្យរដ្ឋសភាអាណត្តិទី៦ ធានាឱ្យបាននូវ«ការអនុវត្តន៍ច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូបនិងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ពលរដ្ឋ»ខ្មែរ៕