Hello VOA៖ ការជំរុញឲ្យមានផលិតករជាស្ត្រីកាន់តែច្រើននឹងជួយឲ្យភាពយន្តខ្មែរកាន់តែឆ្លុះបញ្ចំាងពីរឿងពិតៗក្នុងសង្គម
ការកើនប្រជាប្រិយភាពនៃភាពយន្តរឿងភាគខ្មែរក្នុងចំណោមទស្សនិកជនខ្មែរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបានផ្តល់ឱកាសដល់យុវជនខ្មែរជាច្រើន ទាំងបុរសនិងស្ត្រី ឲ្យចូលចាប់អាជីពក្នុងវិស័យភាពយន្តខ្មែរ នេះបើតាមប្រសាសន៍របស់ កញ្ញា សុធា អ៊ីណែស អាយុ២៩ឆ្នាំ ស្ថាបនិកនិងជានាយប្រតិបត្តិនៃក្រុមហ៊ុនផលិតកម្ម ComeTogether Films និងផលិតកររឿង«វិបល្លាស»។ ប៉ុន្តែកញ្ញាថ្លែងក្នុងកម្មវិធី Hello VOA ថា ខុសពីអ្នកដឹកនាំរឿងជាបុរស ផលិតករជាស្ត្រីនៅជួបការលំបាកច្រើន ដោយសារមានស្ត្រីតិចតួចនៅឡើយដែលជាអ្នកដឹកនាំក្នុងវិស័យភាពយន្តខ្មែរ កង្វះការគាំទ្រពីក្រុមគ្រួសារចំពោះស្ត្រីក្នុងអាជីពមួយដែលមានការធ្វើដំណើរច្រើន និងកង្វះថវិកាសម្រាប់ការផលិតសាច់រឿងដែលទាក់ទងនឹងតថភាពពិតៗក្នុងសង្គម។ យ៉ាងនេះក្តី កញ្ញា អ៊ីណែស យល់ថា ការណ៍ដែលមានផលិតករជាស្ត្រីកាន់តែច្រើន នឹងជំរុញឲ្យមានគំនិតរបស់ស្ត្រីកាន់តែច្រើនចូលក្នុងភាពយន្តខ្មែរ និងមានការផ្តិតយកតថភាពពិតៗក្នុងសង្គមកាន់តែច្រើនបន្ថែមពីលើរឿងរ៉ាវកម្សាន្តទៀតផង។ (សឹង សុផាត, Hello VOA សំឡេងជំនាន់ថ្មី, ១៩ កុម្ភៈ ២០១៨)