Hello VOA សុខភាព៖ វិធីព្យាបាល៥ចំណុចអាចជួយបំបាត់រោគសញ្ញានៃអាការៈអស់រដូវរបស់ស្រ្តី
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា វិធីព្យាបាលរោគសញ្ញានៃអាការៈអស់រដូវរបស់ស្ត្រីមាន៥ចំណុចដែលសំខាន់ៗ។ ចំណុចទី១គឺអាការៈក្តៅក្រហល់ក្រហាយ ឬ Hot flashes។ ប្រសិនបើមានអាការៈបែបនេះ គេគួរជៀងវាងកុំទទួលទានអាហារណាដែលមានគ្រឿងទេសច្រើន កុំទទួលទានគ្រឿងស្រវឹង កាហេ្វ ជាពិសេសកុំឲ្យមានសំពាធក្នុងចិត្ត។ ចំណុចទី២ គឺបញ្ហាស្ងួតក្នុងយោនី ដែលគេអាចប្រើប្រាស់ទឹករំអិលលាបស្បែកក្នុងយោនី។ ចំណុចទី៣ គឺ អាការៈរាគនោមនៅពេលដែលស្រ្តីក្អក កណ្តាស ឬ សើច។ ការហាត់ប្រាណ (Kagel) អាចជួយឲ្យសាច់ដុំដែលជួយប្លោកនោមមានភាពរឹងមាំឡើងវិញ។ ប្រសិនបើធ្ងន់ធ្ងរ ត្រូវឈានដល់ការវះកាត់ដើម្បីព្យាបាល។ ចំណុចទី៤ គឺអាការៈធ្លាក់ទឹកចិត្ត។ គេអាចប្រើ Estrogen (អេស្រ្តូហ្សែន) ឬ ថ្នាំជួយផ្នែកអារម្មណ៍ដូចបានរៀបរាប់ខាងលើ។ ចំណុចទី៥ គឺជាអាការៈពុកឆ្អឹង។ គេអាចប្រើថ្នាំដើម្បីជំនួយដល់ឆ្អឹងមានដូចជា Biphosphonate, កាល់ស្យូម (Calcium) វិតាម៉ីនDជាដើម៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA, វ៉ាស៊ីនតោន, ១៨ មករា ២០១៨)