Hello VOA សុខភាព៖ អាការៈមួយចំនួនបង្ហាញពីសញ្ញានៃការអស់រដូវរបស់ស្ត្រី
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា អាការៈអស់រដូវរបស់ស្រ្តីចែកចេញជាពីរដំណាក់កាល។ ដំណាក់កាលទីមួយគេហៅថា មុនពេលអស់រដូវ ឬ (Pre-menopause) កើតឡើងនៅពេលស្រ្តីមានអាយុពី៤៧ឆ្នាំ-៤៧ឆ្នាំ។ ពេលនោះស្រ្តីចាប់ផ្តើមមានរដូវមិនទៀង កើតមានអាការៈក្តៅមុខក្តៅមាត់បន្តិចបន្តួច ជាតិខ្លាញ់កើនឡើង មានអារម្មណ៍ប្រែប្រួល ហើយឆ្អឹងចាប់ផ្តើមស្តើងបន្តិចម្តងៗ។ ដំណាក់កាលទីពី២ហៅថាអស់រដូវ ឬ (Menopause) កើតឡើងនៅអាយុ៥១ឆ្នាំឡើងទៅ។ ពេលនោះនឹងមានអាការៈផ្សេងៗកើតឡើង ប៉ុន្តែរោគសញ្ញាដែលកើតឡើងខ្លាំងជាងគេ គឺក្តៅមុខក្តៅមាត់ ចាប់ផ្តើមក្តៅក្នុងទ្រូងហើយសាយភាយពេញខ្លួន ឬ Hot Flashes។ អាការៈនេះកើតឡើងពី៣ទៅ៤នាទីរៀងរាល់ថ្ងៃ។ ស្រ្តីខ្លះមានអាការៈបែបនេះបន្តរហូតដល់មួយឆ្នាំ ហើយវានឹងបាត់ទៅវិញខ្លួនឯង។ ប៉ុន្តែស្រ្តីខ្លះអាចមានរហូតដល់បួនទៅប្រាំឆ្នាំ។ នៅស្របពេលជាមួយគ្នានោះស្បែកយោនីរបស់ស្រ្តីចាប់ផ្តើមស្ងួត និងមានអាការៈរមាស់ សំរាន្តមិនលក់ និងឡើងទម្ងន់ជាដើម។ លោកវេជ្ជបណ្ឌិតបានប្រសាសន៍បន្ថែមទៀតថា ការអស់រដូវទាក់ទងនឹងជាតិអ័រម៉ូនម៉្យាងមានឈ្មោះថា Estrogen (អេស្រ្តូហ្សែន)។ នៅពេលដែលជាតិ Estrogen ធ្លាក់ចុះកាន់តែខ្លាំងអាចធ្វើឲ្យស្រ្តីកើតជំងឺពុកឆ្អឹង ជំងឺបេះដូង និងជំងឺផ្សេងៗបណ្តាលមកពីសសៃឈាម។ លោកវេជ្ជបណ្ឌិតបានថ្លែងផងដែរថា អាការៈមានរដូវមិនទៀងដែលស្រី្តភាគច្រើនតែងតែជួបប្រទះនោះ គឺបណ្តាលមកពីកត្តាផ្សេងៗ ដូចជា ឡើងទម្ងន់ខ្លាំងពេក ធ្វើលំហាត់ប្រាណលើសកំរិត មានសម្ពាធក្នុងចិត្តច្រើន ឬមានអាការៈរលាកនៅក្នុងស្បូនជាដើម។ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ២១ ធ្នូ ២០១៧)