ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបំពេញដំណើរទស្សនកិច្ចនៅក្នុងប្រទេសសេដ្ឋកិច្ចធំចំនួនបីនៅតំបន់អាស៊ី គឺប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន ចាប់តាំងពីថ្ងៃទី៥ ខែវិច្ឆិកាមក។ លោក ត្រាំ បានជួបពិភាក្សាជាមួយនឹងមេដឹកនាំរបស់ប្រទេសទាំងបី រួមមានលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-In និងលោកប្រធានាធិបតីចិន Xi Jinping ដើម្បីពង្រឹងទំនាក់ទំនងការទូត សេដ្ឋកិច្ច និងយោធារវាងសហរដ្ឋអាមេរិក និងប្រទេសមហាអំណាចនៅអាស៊ីទាំងបី។ នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកានេះ លោកប្រធានាធិបតី ត្រាំ កំពុងទស្សនកិច្ចនៅប្រទេសចិន ហើយលោកនឹងបន្តដំណើរទៅកាន់ប្រទេសវៀតណាមនៅថ្ងៃទី១០ ខែវិច្ឆិកា មុននឹងលោកធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីនដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅថ្ងៃទី១២ ខែវិច្ឆិកាខាងមុខនេះ៕
កម្រងរូបភាព៖ ដំណើរទស្សនកិច្ចប្រធានាធិបតី ត្រាំ នៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន

១
លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកស្រី Melania Trump ថតរូបជាមួយនឹងលោកប្រធានាធិបតីចិន Xi Jinping និងភរិយារបស់លោក គឺលោកស្រី Peng Liyuan នៅក្នុងដំណើរទស្សនានៅអតីតរាជវាំងកំបាំង Forbidden City នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង ប្រទេសចិន។ លោក ត្រាំ កំពុងតែធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួនប្រាំនៅតំបន់អាស៊ី រួមមាន ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និងហ្វីលីពីន។ (AP Photo/Andrew Harnik)

២
កុមារកុមារីចិន នាំគ្នាក្រវីទង់ជាតិអាមេរិក និងទង់ជាតិចិន ស្វាគមន៍លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅពេលដែលលោកបានមកដល់អាកាសយានដ្ឋានប៉េកាំង កាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង ប្រទេសចិន។ លោក ត្រាំ កំពុងតែធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួនប្រាំនៅតំបន់អាស៊ី រួមមាន ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និងហ្វីលីពីន។ (AP Photo/Andrew Harnik)

៣
លោកប្រធានាធិបតី ដូណាល់ ត្រាំ (កណ្តាល) និងលោកស្រី Melania Trump (កណ្តាលខាងស្តាំ) ឈរអមលោកប្រធានាធិបតីចិន Xi Jinping និងភរិយារបស់លោក គឺលោកស្រី Peng Liyuan នៅពេលថតរូបជាមួយនឹងអ្នកសម្តែងសិល្បៈនៅអតីតរាជវាំងកំបាំង Forbidden City នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង ប្រទេសចិន។

៤
លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-In ចាប់ដៃគ្នានៅក្នុងអំឡុងសន្និសីទកាសែតមួយ នៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House នៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

៥
លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-In និងគណៈប្រតិភូនៃប្រទេសទាំងពីរ ជួបពិភាក្សាគ្នា នៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House នៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

៦
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (កណ្តាល) ឈរអមដោយមេបញ្ជាការយោធាអាមេរិកប្រចាំឧបទ្វីបកូរ៉េ លោក Vincent Brooks (កណ្តាលខាងឆ្វេង) និងលោករដ្ឋមន្ត្រីការបរទេស Rex Tillerson (បន្ទាប់ស្តាំបង្អស់) ថតរូបជាមួយកងយោធាអាមេរិក នៅមជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការយោធា Eighth Army Operational Command Center នៅជំរំ Humphreys នៅទីក្រុង Pyeongtaek កូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

៧
អ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចូលរួមដើរហែក្បួនមួយ នៅកណ្តាលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

៨
លោកស្រី Melania Trump ភរិយាលោកប្រធានាធិបតីអាមេរិក និងលោកស្រី Kim Jung-sook ភរិយាលោកប្រធានាធិបតីកូរ៉េខាងត្បូង ដើរទៅសំណេះសំណាលជាមួយក្មេងៗនៃប្រទេសទាំងពីរ នៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House នៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

៩
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ដៃលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នៅក្នុងអំឡុងសន្និសីទកាសែតមួយ នៅវិមាន Akasaka នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃច័ន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោក ត្រាំ កំពុងតែធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួនប្រាំនៅតំបន់អាស៊ី រួមមាន ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និងហ្វីលីពីន។

១០
លោកប្រធានាធិតបីអាមេរិក ដូណាល់ ត្រាំ សំណេះសំណាលជាមួយព្រះអធិរាជជប៉ុន Akihito ហើយលោកស្រី Melania Trump សំណេះសំណាលជាមួយព្រះអធិបរាជនី Michiko នៅព្រះរាជវាំងជប៉ុន នៅទីក្រុងតូក្យូ កាលពីថ្ងៃច័ន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

១១
លោកប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ដៃគ្នាជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នៅក្នុងអំឡុងពេលជួបសំណេះសំណាលជាមួយនឹងក្រុមគ្រួសារជប៉ុន ដែលត្រូវបានចាប់ជំរិតដោយកូរ៉េខាងជើង នៅទីក្រុងតូក្យូ កាលពីថ្ងៃច័ន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

១២
លោកស្រី Melania Trump ភរិយាប្រធានាធិបតីអាមេរិក និងលោកស្រី Akie ភរិយាលោកនាយករដ្ឋមន្ត្រីជប៉ុន បង្ហាញអក្សរដែលលោកស្រីទាំងពីរបានសរសេរ នៅពេលធ្វើដំណើរទស្សនកិច្ចនៅកាន់សាលាបឋមសិក្សា Kyobashi Tsukiji នៅទីក្រុងតូក្យូ កាលពីថ្ងៃច័ន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧។