ក្រុមតំណាងបាតុករពលរដ្ឋខ្មែរអាមេរិកាំងមកពីតាមបណ្តារដ្ឋជាច្រើននៅសហរដ្ឋអាមេរិក បានធ្វើបាតុកម្មនៅមុខការិយាល័យអង្គការសហប្រជាជាតិ នៅថ្ងែសុក្រ ទី២២ ខែកញ្ញា ដើម្បីទាមទារឲ្យលោកអគ្គលេខាធិការអ.ស.ប ជួយដោះស្រាយបញ្ហានៅកម្ពុជា ទាក់ទងនឹងការបញ្ឈប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយប្រឆាំងនឹងក្រុមជំទាស់ ការធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ត្រឹមត្រូវ នៅឆ្នាំ២០១៨ខាងមុខ ហើយនឹងផ្តល់សេរីភាពព័ត៌មានឡើងវិញ។ លោក សុខ ខេមរា នៃ VOA ដែលកំពុងយកព័ត៌មាននៅឯបូរីញូវយ៉កដោយផ្ទាល់ បានរាយការណ៍មកថា ក្រុមបាតុករនឹងដាក់ញតិជាផ្លូវការទៅកាន់អ.ស.ប បន្ទាប់ពីការបញ្ចប់ការធ្វើបាតុកម្មដែលពួកគេអះអាងថា អាចនឹងដាក់នៅថ្ងៃនេះ ឬថ្ងៃខាងមុខ បន្ទាប់ពីកិច្ចប្រជុំមហាសន្និបាតអ.ស.ប មិនសូវរវល់ពេក។ ការធ្វើបាតុកម្មនេះ គឺចំពេលដែលមន្ត្រីដែលជាតំណាងកម្ពុជាលោករដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ហៀបនឹងថ្លែងការណ៍ពីស្ថានការណ៍កម្ពុជាទៅកាន់មហាសន្និបាត អ.ស.ប ប្រចាំឆ្នាំនៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧៕