ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ច្រានចោល​សំណើ​នៅ​ក្រៅ​ឃុំ​របស់​លោក​ នី​ ចរិយា​ជាលើកទីបួន


រូបឯកសារ៖ លោក​ នី ចរិយា អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សូកប៉ាន់​សាក្សី ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចូល​សវនាការ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ ​វិច្ឆិកា/VOA)
រូបឯកសារ៖ លោក​ នី ចរិយា អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សូកប៉ាន់​សាក្សី ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចូល​សវនាការ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ ​វិច្ឆិកា/VOA)

«ខ្ញុំ​សង្ឃឹម​ទាំងពីរ​ ទីមួយ​ដោយសារ​រឿង​នេះ​ វា​ចូល​លក្ខណៈ​ជារឿង​នយោបាយ​ ហើយ​ខ្ញុំ​សង្ឃឹម​ទាំង​ផ្លូវច្បាប់​ ហើយ​និង​សង្ឃឹម​ទាំង​ផ្លូវ​នយោបាយ​ ហើយ​នៅក្នុង​រឿង​នេះ​ បើ​មិនមាន​ពីរ​ហ្នឹង​ដើរ​ទន្ទឹម​គ្នា​ គឺ​ខ្ញុំ​គិត​ថា​ មិន​អាច​ទៅ​រួចទេ​ គឺ​សង្ឃឹម​លើ​នយោបាយ​ផងដែរ»។​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​ ​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ នី ចរិយា​ ជា​អគ្គ​លេខា​ធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) និង​ជា​អតីត មន្ត្រី​សិទ្ធិមនុស្ស​របស់​សមាគម​ការ​ពារ​សិទិ្ធ​មនុស្ស​ អាដហុក​ ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទ​ ​សមគំនិត​ក្នុង​អំពើ​សូក​ប៉ាន់​សាក្សី។​

តាម​ដីកា​របស់​ចៅក្រម​ស៊ើប​សួរ​ លោក​ ធាម ច័ន្ទពិសិដ្ឋ​ ចុះ​ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ​ ២០១៧​នេះ​ ឲ្យ​ដឹង​ថា​ ​បទចោទ​ប្រកាន់​ប្រឆាំង​លោក​ ​នី ចរិយា​ ​គឺ​ជា ​បទ​ឧក្រិដ្ឋ​ដែល​អាច​ប្រឈម​នឹង​ ដាក់​ពន្ធនា​គារ​លើស​ពីមួយ​ឆ្នាំ​ ដែល​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ដោះលែង​នៅ​ក្រៅ​ឃុំ។​

ដីកា​សម្រេច​ដដែល​នោះ​បាន​សរសេរ​ក្នុង​ន័យដើម​ថា៖​

«យល់​ឃើញថា ​ការ​ស្នើសុំឲ្យ​នៅក្រៅឃុំ​បណ្តោះអាសន្ន​ របស់​លោក​ សំ សុខគង់​ ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ឈ្មោះ​ នី ចរិយា​ បាន​សុំឲ្យ​ដោះលែង​កូនក្តី​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ជាលើក​ទី៤​ ក្នុង​ខណៈ​ពេល​ដែល​ដំណើរ​ការ​ នៃការស៊ើប​សួរ​ពុំទាន់​ចប់​សព្វ​គ្រប់​នៅ​ឡើយ​ ដើម្បី​ជា​មធ្យោបាយ​ រារាំង​ កុំ​ឲ្យ​មាន​ការ​ត្រូវ​រ៉ូវ​គ្នា​រវាង​ជន​ត្រូវ​ចោទ​ និង​ការ​គាប​សង្កត់​ទៅលើ​សាក្សី​ និង​ដើម្បី​ធានា​រក្សា​ទុក​ជន​ត្រូវ​ចោទ​ជូន​តុលាការ​ចាត់​ការ​តាម​នីតិវិធី​ ក្នុង​ការ​បំពេញ​កិច្ច​របស់​ចៅក្រម​ស៊ើបសួរ​ គប្បី​រក្សា​ការ​សម្រេច​តាមដីកា​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ន»។​

លោក​សំ សុគង់​ ​មេធាវី​ការពារ​ក្តី​លោក​ នី ចរិយា​បាន​ច្រាន​ចោល​ដីកាសម្រេច​មិនព្រម​ដោះលែង​នេះ។ ​លោកថ្លែង​ប្រាប់​ VOA ​យ៉ាង​ដូច្នេះ៖​

«មេធាវី​ការ​ពារ​ហ្នឹង​ មិន​អាច​ទទួល​យក​បាន​ទេ​ ដោយ​សារ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ គឺយើង​ឃើញ​ថា​ ជន​សង្ស័យ​ ឬ​ក៏ជន​ត្រូវចោទ​ហ្នឹង​ គឺត្រូវបានគេ​ចាប់​ ហើយ​ឃុំ​ខ្លួន​នៅក្នុង​ពន្ធនាគារ​ ផ្សេង​ៗ​គ្នា​ហើយ​ទីមួយ​។ ហើយ​ទីពីរ​ យើង​ឃើញ​នីតិវិធី​ របស់​តុលាការ​ហ្នឹង​គឺ​ នៅពេលដែល​ធ្វើ​ការ​ស៊ើប​អង្កេត​ហ្នឹង​ក៏​មិនមាន​ការ​ចោទ​ប្រកាន់​ ទៅ​លើ​ជន​សង្ស័យ​ ឬ​ជន​ជាប់​ចោទ​ណា​ផ្សេង​ទៀត​ដែរ»។​

លោក​ សំ សុគង់​ បាន​ឲ្យ​ដឹង​បន្ថែម​ថា ​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​សារទុក្ខ​ ទៅ​សាលាឧទ្ធរណ៍​នា​រសៀល​ថ្ងៃព្រហស្បតិ៍​នេះ​ ប្រឆាំង​ដីកា​សម្រេច​មិន​ព្រម​ដោះលែង​កូនក្តីឲ្យ​ក្រៅ​ឃុំ​ ​និង​បន្តជំរុញ​ឲ្យ​តុលាការ​បញ្ចប់​ការ​ស៊ើបសួរ​ឲ្យបាន​ឆាប់​ ហើយ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ។ ​លោក​ពន្យល់ថាការ​ បន្ត​ឃុំ​ខ្លួន​មន្ត្រី​អាដហុក​ទាំងបួន​ និង​លោក​ ​នី ចរិយា​ ក្នុង​ថេរវេលា​មួយ​យូរ​នោះ​ នឹង​ប៉ះពាល់​សិទ្ធិ​ធ្ងន់ធ្ងរ​ក្នុង​ការ​ទទូល​បាន​ការ​ជំនុំជម្រះ​ឆាប់​រហ័ស។​

រូបឯកសារ៖ លោក សំ សុគង់ មេធាវី​ការពារ​ក្តី​លោក​ នី ចរិយា​។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក សំ សុគង់ មេធាវី​ការពារ​ក្តី​លោក​ នី ចរិយា​។ (កាន់ វិច្ឆិកា/VOA)

លោក​ ​នី ចរិយា​ ជា​ជន​ជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​ជនជាប់​ចោ​ទបួននាក់​ផ្សេង​ទៀត ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​សំណុរឿង​សូកប៉ាន់​សាក្សី។ ពួក​គេទាំងបួន​អ្នកនោះ ​គឺជាមន្ត្រី​សិទ្ធិមនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដហុក។​ ​រឿង​ក្តីក្តាំ​របស់​ពួក​គេ​ ផ្តើម​ចេញ​ពីទំនាក់​ទំនង​ស្នេហា​លួចលាក់ដែល​គេ​នៅ​សង្ស័យ​ថា​ ជារបស់​លោក​ ​កឹម សុខា​ ដែល​ពេល​នេះ​ជាមេបក្ស​ប្រឆាំង​ ​និង​នារីកាត់​សក់​ម្នាក់​ឈ្មោះ​ នាង​ ខុម ចាន់​តារាទី​ ​ហៅ​ស្រីមុំ។

VOA​ ​មិនទាន់​សុំ​សេចក្តី​អធិប្បាយ​ពី​ចៅក្រម​ស៊ើបសួរ​ លោក​ ​ធាម ច័ន្ទពិសិដ្ឋ​ នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ទេ​នាថ្ងៃ​ព្រហស្បតិ៍​នេះ។​

មេធាវីសំ សុគង់​ ក៏​បាន​បញ្ជាក់​ប្រាប់​ ​VOA​ ​ថា​ ​មេធាវី​មិន​អាច​ទទួល​យក​បាន​ការ​សំអាង​ហេតុ​របស់​តុលាការ នៅត្រង់​ថា​តាមនីតិវិធី​នៃ​ការ​ស៊ើប​សួរ​ គឺ​ចៅក្រ​ម​ ហើយ​នឹងសមត្ថកិច្ច​បាន​ធ្វើការ​សាកសួរ​ ជន​ដែល​ត្រូវ​ចោទ​ទាំង​ប្រាំនាក់​រួច​ហើយ។​ ​ហើយសាក្សី​ជាច្រើន​ក៏​បាន​កោះ​ហៅ​មក​សួរ​អស់​ដែរ​ ដូច្នេះ​ពុំមាន​ការ​បារម្ភ​ដែល​ថា​ ​លោក​ ​នី ចរិយា​ ត្រូវរ៉ូវ​គ្នា​ជាមួយ​ជន​សង្ស័យ​ផ្សេងៗ​ទៀតនោះ​ឡើយ។

យ៉ាង​ណាក្តី​ ដោយហេតុ​ រឿង​ក្តី​លោក​ នី ចរិយា​ ជារឿង​មាន​ការ​ពាក់​ព័ន្ធ​នឹង​នយោបាយ​ លោក​ សំ សុគង់​ ក៏​រំពឹង​លើ​ស្ថានភាព​នយោបាយ​ដែល​លោក​ជឿថា អាច​នាំ​ដល់​ការ​ទទួល​បាន​សេរីភាព​សម្រាប់​កូនក្តីលោក។​

លោក​ សំ សុគង់​ មេធាវី​របស់​លោក​ នី ចរិយា៖

«ខ្ញុំ​សង្ឃឹម​ទាំងពីរ​ ទីមួយ​ដោយសារ​រឿង​នេះ​ វា​ចូល​លក្ខណៈ​ជារឿង​នយោបាយ​ ហើយ​ខ្ញុំ​សង្ឃឹម​ទាំង​ផ្លូវច្បាប់​ ហើយ​និង​សង្ឃឹម​ទាំង​ផ្លូវ​នយោបាយ​ ហើយ​នៅក្នុង​រឿង​នេះ​ បើ​មិនមាន​ពីរ​ហ្នឹង​ដើរ​ទន្ទឹម​គ្នា​ គឺ​ខ្ញុំ​គិត​ថា​ មិន​អាច​ទៅ​រួចទេ​ គឺ​សង្ឃឹម​លើ​នយោបាយ​ផងដែរ»។​

ការ​ចាប់​ឃុំខ្លួន​ លោក​ នី ចរិយា​ ​និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​បួន​នាក់​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ បាន​ស្ថិតក្នុង​ការស្រាវជ្រាវ​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ ដែល​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​មាន​ចំណង​ជើង​ថា៖ «តុលាការ​អយុត្តិធម៌​ ការ​បង្ក្រាប​ភាព​សកម្ម​និយម​តាម​រយៈ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​នៅ​កម្ពុជា»។

ក្នុង​សេចក្តី​ពណ៌នា​អំពី​ការ​ចាប់​ឃុំ​អ្នក​ទាំងប្រាំ​នាក់​នេះ​ របាយការណ៍​ចាត់​ទុក​ទាំង​ប្រាំ​ថា​ បានក្លាយ​ជា​ជន​រងគ្រោះ​នៃ​ការ​រំលោភ​បំពាន​លើ​វិសាលភាព​ធំធេង​នៃ​សិទិ្ធ​ទទួល​បាន​ការ​កាត់​ទោស​ត្រឹម​ត្រូវ​ ក្នុង​នោះ​មាន​សិទ្ធិ​សន្មត់​ជាមុន​ពី​ដំណើរ​គ្មាន​ទោស​ពៃរ៍​ ភាព​ស្មើគ្នា​ចំពោះ​មុខ​តុលាការ​ និង​ការ​ប្រឹក្សា​ខាង​ច្បាប់។​

ការ​ឃុំខ្លួន​អ្នក​ទំាង​ប្រាំ​នេះ​ ​បាន​បង្ក​ក្តី​បារម្ភ​ដល់​សហគមន៍​អន្តរជាតិ​នានា​ ដូចជា​សហភាព​អឺរ៉ុប​ ​សហរដ្ឋ​អាមេរិក​ និង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ជា​ដើម៕

XS
SM
MD
LG