ការពិភាក្សានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ឆ្នាំ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផ្តោតសំខាន់ច្រើនលើការរីកចម្រើនខាងបច្ចេកវិទ្យា។ វេទិកានេះត្រូវបានធ្វើឡើងពីថ្ងៃទី១០ដល់១២ ខែឧសភានេះ ក្រោមប្រធានបទស្តីពី «យុវជន បច្ចេកវិទ្យា និងការរីកចម្រើន»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា ក៏បានលើកឡើងពីការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់បដិវត្តន៍ឧស្សាហកម្មលើកទី៤ ដែលជានិន្នាសាកលផ្តោតសំខាន់លើការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ នៅក្នុងថ្ងៃទី២ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនេះ គេសង្កេតឃើញមានប្រមុខដឹកនាំនៃប្រទេសអាស៊ានមួយចំនួនចូលរួមផងដែរ រួមទាំងលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ផងដែរ។ យ៉ាងហោចណាស់ មានគណៈប្រតិភូមកពីវិស័យឯកជន រដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ និងសង្គមស៊ីវិល ចំនួនប្រមាណ ៧០០នាក់ មកពី៤០ប្រទេស បានមកចូលរួមក្នុងវេទិការយៈពេលបីថ្ងៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃពុធកន្លងទៅនេះ៕