Hello VOA សុខភាព៖ ជំងឺពុកឆ្អឹងជាជំងឺដែលកើតឡើងយ៉ាងស្ងៀមស្ងាត់ ភាគច្រើនកើតឡើងចំពោះស្ត្រីដែលអស់រដូវ
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា ជំងឺពុកឆ្អឹងភាគច្រើនកើតឡើងទៅលើស្ត្រីដែលអស់រដូវជាពិសេសចាប់ពីអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។ ជំងឺពុកឆ្អឹងជាជំងឺគ្មានរោគសញ្ញាប្រាប់ឲ្យដឹងជាមុន ហើយភាគច្រើនកើតឡើងនៅត្រង់ឆ្អឹងត្រគៀក កដៃ ខ្នង និងឆ្អឹងជំនី។ លោកបានបន្ថែមថា អ្នកជំងឺដែលធ្លាប់កើតជំងឺបាក់ខ្នង ឬបាក់ចង្កេះ ភាគច្រើនបានស្លាប់បាត់បង់ជីវិតក្នុងរយៈពេល១ឆ្នាំក្រោយមក ដោយសារតែជំងឺផ្សេងទៀត។ ជំងឺពុកឆ្អឹងនេះកើតឡើងទៅលើស្រ្តីអាស៊ី និងស្រ្តីស្បែកស ច្រើនជាងស្រ្តីស្បែកខ្មៅ។ លោកវេជ្ជបណ្ឌិតបានថ្លែងបន្តថា អ្នកដែលប្រឈមនឹងហានិភ័យខ្ពស់អាចកើតជំងឺនេះមានដូចជា ស្រ្តីដែលឆាប់អស់រដូវនៅមុនអាយុ៤០ឆ្នាំ អ្នកដែលខ្វះជាតិកាល់ស្យូម និងវិតាម៉ីនD អ្នកជក់បារី និងអ្នកដែលប្រើប្រាស់ថ្នាំមួយចំនួនដែលបង្កឲ្យកើតជំងឺពុកឆ្អឹង។ (ស៊ូ ពេជ្រចិន្តា, Hello VOA Health, វ៉ាស៊ីនតោន, ២០ មេសា ២០១៧)