Hello VOA សុខភាព៖ ព្យាបាលជំងឺស្ទះសរសៃឈាមក្នុងខួរក្បាលកាន់តែឆាប់អាចសង្គ្រោះជីវិតអ្នកជំងឺពីការស្លាប់បាន
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា ការព្យាបាលជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬstrokeឲ្យបានកាន់តែឆាប់ក្នុងចន្លោះពី៤ទៅ៦ម៉ោង អាចជួយសង្គ្រោះជីវិតអ្នកជំងឺ បាន។ គ្រូពេទ្យត្រូវព្យាបាលជាបន្ទាន់ ពេលអ្នកជំងឺទៅដល់មន្ទីពេទ្យភ្លាម ដោយការប្រើប្រាស់ថ្នាំសម្រាប់រំលាយឈាមកក ឬដោយការចាក់ម្ជុលញែកសរសៃយកឈាមកកចេញឲ្យបានកាន់ឆាប់រហ័ស អាចជួយអ្នកជំងឺឲ្យជៀសផុតពីការស្លាប់ និងឆាប់ជាសះស្បើយបានកាន់តែប្រសើរ។ លោកវេជ្ជបណ្ឌិតក៏បានថ្លែងបន្តទៀតថា អ្នកកើតជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសមានហានិភ័យខ្ពស់ក្នុងការកើតជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល។ ការហាត់ប្រាណឲ្យបានទៀងទាត់ និងការបរិភោគអាហារដែលជួយដល់សុខភាព ដូចជាបន្លែនិងផ្លែឈើឲ្យបានច្រើន ជាពិសេសគឺកាត់បន្ថយការបរិភោគអាហារមានជាតិប្រៃ ខ្លាញ់ និងការឈប់ជក់បារី អាចជួយទប់ស្កាត់ការកើតជំងឺស្ទះសរសៃឈាមនេះបាន។ (ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន/ផ្លរីដា, ១៦ មិនា ២០១៧)