សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃសុក្រនេះ បានច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់មន្រ្តីសិទ្ធិមនុស្សអាដហុកចំនួន៤រូប និងមន្រ្តីគ.ជ.ប.មួយរូប ដោយសម្រេចឲ្យសាលាដំបូងរាជធានីបន្តឃុំខ្លួនដើម្បីស៊ើបសួរ ស្របពេលដែលមន្រ្តីអាដហុកម្នាក់ក្នុងចំណោមនោះកំពុងមានជំងឺ។ អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្ត្រីការពារសិទ្ធិមនុស្ស ដែលមានលោកនី សុខា លោកយី សុខសាន្ត លោកណៃ វ៉ង់ដា និងលោកស្រីលឹម មុនី ទៅសាកសួរ បន្ទាប់ពីនាងខុម ចាន់តារ៉ាទី ហៅស្រីមុំ បានឆ្លើយថា មន្ត្រីសិទ្ធិមនុស្សទាំងនេះបង្គាប់ឲ្យនាងកុហកទាក់ទងនឹងរឿងអាស្រូវស្នេហាគួរឲ្យមន្ទិលរវាងនាងជាមួយលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីចុងខែមេសាកន្លងមក៕
កម្រងរូបភាព៖ មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.បម្នាក់បន្តជាប់ឃុំ

១
លោក ណៃ វ៉ង់ដា មន្រ្តីការពារសិទ្ធិមនុស្សសមាគមអាដហុក ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នពាក់ព័ន្ធនឹងសំណុំរឿងបង្គាប់សាក្សីឲ្យកុហកតុលាការ ត្រូវបានសមត្ថកិច្ចបណ្តើរចូលសវនាការ ខណៈកំពុងមានជំងឺនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

២
លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សី ត្រូវបានសមត្ថកិច្ចបណ្តើរចូលសវនាការ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

៣
លោកស្រី លឹម មុនី មន្រ្តីការពារសិទ្ធិមនុស្សសមាគមអាដហុក ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នពាក់ព័ន្ធនឹងសំណុំរឿងបង្គាប់សាក្សីឲ្យកុហកតុលាការ ត្រូវបានសមត្ថកិច្ចរុញចូលរថយន្ត នៅរាជភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

៤
លោក នី សុខា (ស្តាំ) និង លោក យី សុខសាន (ឆ្វេង) មន្រ្តីការពារសិទ្ធិមនុស្សសមាគមអាដហុក ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នពាក់ព័ន្ធនឹងសំណុំរឿងបង្គាប់សាក្សីឲ្យកុហកតុលាការ ត្រូវបានសមត្ថកិច្ចបណ្តើរចូលសវនាការ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។