ប្រជាជាតិខ្មែរកាន់ទុក្ខអ្នកស្លាប់នៅកោះពេជ្រ
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃព្រហស្បតិ៍ទី២៥ខែវិច្ឆិកាឆ្នាំ២០១០ ជាទិវាកាន់ទុក្ខជាតិ។ នៅថ្ងៃនេះស្ថាប័នរដ្ឋទាំងអស់ត្រូវបានតម្រូវឲ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង ហើយពិធីគោរពវិញ្ញាណក្ខន្តផ្លូវការមួយ ត្រូវបានប្រារព្ធឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះនៅក្បែរស្ពានពេជ្រ ជាកន្លែងដែលមានកើតការផ្អើលជាន់គ្នាកាលពីយប់ថ្ងៃច័ន្ទ។ នៅក្នុងពិធីនោះ គេឃើញនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន និង ភរិយាលោក លោកស្រី ប៊ុនរ៉ានី បានយំខ្សឹកខ្សួលនិងជូតទឹកភ្នែកផង។ ក្រុមគ្រួសារនិងមិត្តភក្តិជនរងគ្រោះក៏បានទ្រហោយំ និងបាននាំយកផ្កា ចេក និងផ្លែឈើដទៃទៀតមកអុជធូបសែនដល់ព្រលឹងអ្នកជាទីស្រឡាញ់ដែលបានចែកឋានទៅ។ ពួកគេបានបួងសួងឲ្យព្រលឹងអ្នកស្លាប់ទាំងនោះបានទៅដល់សុគតិភពនិងមិនមកវិលវល់មកលងនៅស្ពាននេះវិញទេ។ (រូបភាពដោយ ហេង រស្មី វីអូអេ ខ្មែរ និង AP)