ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រកួត​យក​ពាន​រង្វាន់​បាល់​ទាត់​​ពិភព​​​លោក​​​លើ​​សង្គម​​អាហ្វ្រិក​​ខាងត្បូង​


ដោយ NICO COLOMBANT ប្រែ​សម្រួល​ដោយ​លី​ សុខ​ឃាង

ការ​ប្រកួត​យក​ពានរង្វាន់បាល់​ទាត់​ពិភព​លោក​ គឺ​ជា​ពិធី​មួយ​ ដែលត្រូវ​បានប្រារព្ធ​ធ្វើ​ឡើង​ សម្រាប់កីឡាបាល់ទាត់​ ​និង​ប្រវត្តិ​នៃ​ការ​បង្កើត​កីឡា​នេះ។​ ក៏​ប៉ុន្តែ​ ក្រុម​អ្នក​សង្គម​វិទ្យា​ និងសេដ្ឋវិទូ​សហ​រដ្ឋ​អាមេរិកព្រួយ​បារម្ភអំពីផលប៉ះ​ពាល់​ផ្នែក​សង្គម​ប្រកប​ដោយសក្តានុពល​របស់​វា ទៅ​លើ​ប្រជាពលរដ្ឋ​ធម្មតា​នៅក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង។

លោក ថូនី រ៉ូស្សាន សាម៉ា​រ៉ា (Tony Roshan Samara) នៃ​សាកល​វិទ្យាល័យ ចច ម៉េសិន (George Mason University) ក្នុង​រដ្ឋ​វីជីនៀ (Virginia) បាន​កំពុង​តាម​ដាន​មើល​អំពី​ដំណើរ​វិវត្តន៍​នៃ​ទី​ក្រុង​ម្ចាស់​ផ្ទះខេបថោន (Cape Town) ដែលជា​ក្រុង​មួយ ក្នុង​ចំណោម​ទីក្រុង​ម្ចាស់​ផ្ទះ​ជាច្រើន​ទៀត​ក្នុង​ទសវត្ស៍​កន្លង​ទៅ។​ ពហុកីឡាដ្ឋាន​ថ្មី​មួយ​ ដែលត្រូវចំណាយ​ប្រាក់​អស់​ជាង​៦០០​លានដុល្លារ ត្រូវ​បាន​កសាង​នៅ​ក្នុង​ទី​ក្រុង​នោះ​ ដើម្បី​បំពេញ​តាម​បទដ្ឋាន​នៃ​ការ​ប្រកួតកីឡា ក្នុងពេល​ធ្វើ​ជា​ម្ចាស់ផ្ទះការប្រកួត​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត។​ លោក​មាន​ប្រសាសន៍​ថា៖

"នៅ​ក្នុង​ទី​ក្រុង​មួយ​ដែល​អ្នក​កំពុង​ពុះ​ពារ​ដើម្បី​ផ្តល់​លំនៅដ្ឋាន​ ការ​អប់រំ​ សេវាកម្ម​ប្រឹក្សាយោបល់ អំពីថ្នាំ​ញៀន។​ នៅ​ក្នុង​ទី​ក្រុង​មួយ​ដែល​កំពុង​ដោះ​ស្រាយ​ជា​មួយ នឹង​ភាព​រីក​រាលដាល​ដ៏​ធ្ងន់​ធ្ងរ​នៃ​ថ្នាំ​ញៀនមេ​ថាម​ហ្វិតា​ម៉ីន (methamphetamines) ការ ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​បែប​នោះ​ទៅ​លើ​ការ​សាង​សង់​ពហុកីឡាដ្ឋាន​មួយ​ វា​ជា​បញ្ហា​នៃ​ការ​បែង​ចែក​ធន​ធាន​ ថា​តើ​វា​ជា​ការ​បែង​ចែកប្រកប​ដោយ​ភាព​ឆ្លាតវៃ​ដែរ​ឬ​ទេ​ សម្រាប់​ការប្រកួត​បាល់​ទាត់រយៈ​ពេល​តែ​៩០​នាទី នៅ​ពេលដែល​អ្នកមានទី​ក្រុង​មួយ​កំពុង​ប្រឈម​នឹងបញ្ហា​សង្គម​ និង​បញ្ហានៃ​ការអភិវឌ្ឍយ៉ាងច្រើន​បែប​នេះ"។

លោក​ សាម៉ារ៉ា​ ដែល​កំពុង​សរសេរ​សៀវភៅ​មួយ​អំពី​ទីក្រុង​ខេបថោន​ បាន​ឲ្យ​ដឹង​ថា​ ដើម្បីត្រៀម​រៀប​ចំ​កីឡាបាល់ទាត់​ពិភព​លោក​ ពលរដ្ឋ​ដែល​គ្មាន​ផ្ទះ​សម្បែងត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ជំរុំ​មួយនៅ​ខាង​ក្រៅ​ក្រុង។ លោក​សាម៉ារ៉ា​បន្តថា៖

"វាជា​ជំរុំ​មួយ​ ដែល​ពួក​គេ​បាន​បញ្ជូន​អ្នក​គ្មាន​ផ្ទះ​សម្បែង​ទាំង​អស់​ ឬក៏ភាគច្រើននៃអ្នក​គ្មាន​ផ្ទះ​សម្បែង​ ដែល​ធ្លាប់​រស់​នៅ​ទី​ប្រជុំ​ជនទៅ​នៅ។ ​ ហើយ​សំខាន់​នោះ​គឺ​ថា​ វា​ជា​ជំរុំ​មាន​ហ៊ុម​ព័ទ្ធ​ដោយ​ខ្សែ​លួស​បន្លា​ ដែល​អ្នក​ទាំង​អស់​នោះ​ត្រូវ​បាន​រក្សា​ទុក​ ហើយ​នេះជា​បញ្ហា​នៃ​ការ​ផ្លាស់​ប្តូរ​ទីក​ន្លែង​ដ៏​គួរ​ឲ្យ​រន្ធត់​ចិត្ត​បំផុត"។

អ្នក​សង្គមវិទ្យា​របស់​សាក​ល​វិទ្យាល័យ ចច ម៉េសិន ក៏​បាន​លើក​ឡើង​អំពី អ្នក​ប្រកប​មុខ​របរតូច​តាចតាម​ផ្លូវ​ការ​រាប់រយ​នាក់ ដែលត្រូវ​បាន​បញ្ជូន​ចេញ​ពី​ពហុកីឡាដ្ឋាន​ថ្មី​ដែរ។ លោក​ថ្លែងថា៖

"ទីតាំង​ពហុកីឡាដ្ឋាន​នេះ​ ធ្លាប់​ជា​ទីតាំង​ជួប​ជុំ​គ្នា​របស់​អ្នក​រក​ស៊ី ប្រហែល​៨០០​នាក់​ជា​រៀង​រាល់​សប្តាហ៍ ដើម្បី​ប្រកបមុខ​របរ។​ ទីតាំង​នេះ​ធ្លាប់​ជា​ទីផ្សារ។​ ទីផ្សារ​ស្ថិត​នៅត្រង់​ចំណុចនេះ​ អស់​រយៈ​ពេល​ប្រហែល​២០​ឆ្នាំ​មក​ហើយ។ វា មើលទៅ​ដូច​ជា​គេ​លែង​មាន​ឱកាស​ជួប​ជុំ​គ្នា​ជា​រៀង​រហូត​ហើយ"។

លោកសាម៉ារ៉ា​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​យក​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ ត្រូវ​បាន​ចាត់​ទុក​ថា​ ជាឱកាស​សេដ្ឋកិច្ច​មួយ​សម្រាប់​ពលរដ្ឋ​អាហ្វ្រិក​ខាងត្បូង។​ ប៉ុន្តែ លោកអះអាងថា វា​ជា​ការបែក​បាក់​បន្ថែម​ទៀតដល់​សង្គម ដែល​បាន​បែក​បាក់​រួចហើយ​ក្រោយ​របប​អាផាថេត។

លោក​ ចេមស៍ ស្ទូវ៉ត (James Stewart) ដែល ​ជាសេដ្ឋ​វិទូ​ និង​អ្នក​ជំនាញ​ខាង​ទ្វីបអាហ្វ្រិករបស់​សហរដ្ឋអាមេរិក​ កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ត្រឡប់​មក​ពី​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច នៅប្រទេស​អាហ្វ្រិកខាងត្បូង។ លោក ក៏​មាន​ការ​ព្រួយ​បារម្ភដែរ​ ចំពោះ​ការ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ហួស​ប្រមាណ របស់​ក្រុម​មន្ត្រី​ទៅ​លើ​ព្រឹត្តការណ៍កីឡានេះ។ លោក​ស្ទូវ៉តមាន​ប្រសាសន៍​ថា៖

"ពួក​គេ​កំពុង​ចំណាយ​ទឹក​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​ពួក​គេ​គួរ​តែ​ចំណាយទៅលើការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ការ​រស់​នៅ​ របស់​អ្នក​ដែល​គ្មាន​លទ្ធភាព​ភាគ​ច្រើន​បំផុត។​ ហើយ​វាច្បាស់​ណាស់​សម្រាប់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ចំនួន​ពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព​ និង​ក្រីក្រមាន​ច្រើន"។

លោក​ ស្ទូវ៉ត​ មាន​ប្រសាសន៍ថា លោកគិត​ថា​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នឹង​ក្លាយ​ជា​ម្ចាស់​ផ្ទះ​ដ៏​ល្អ​សម្រាប់ ការ​ប្រកួត​យក​ពាន​រង្វាន់បាល់​ទាត់​ពិភពលោក​ ហើយក៏ជា​តំណាងល្អដែរ សម្រាប់​ប្រទេសទាំង​អស់​នៅ​ទី្វប​អាហ្វ្រិក។​ ក៏​ប៉ុន្តែ លោកបន្ថែម​ថា​ មាន​កិច្ចការ​ជា​ច្រើន​ទៀតដែលត្រូវ​ធ្វើ។

លោក​ ស្ទូវ៉ត បាន​ឲ្យ​ដឹង​ថា​ គាត់​មើល​ឃើញ​ពី​ភាព​ស្រដៀង​គ្នា​រវាង​សហរដ្ឋ​អាមេរិក​ និង​អាហ្វ្រិក​ខាង​ត្បូង។ លោក និយាយ​ថា​ មាន​ការ​ប្រឈម​មុខ​ដូចគ្នា ​ដើម្បីដោះ​ស្រាយ​ការអភិវឌ្ឍ​ថ្មីៗ​ ដែល​ធានាឲ្យប្រាកដ​ថា​ សមាជិក​សង្គម​ដែល​កំពុង​ជួប​ការ​លំបាក​ខាង​សេដ្ឋកិច្ច​រួច​ហើយ​ មិន​ទទួល​រង​គ្រោះ​ច្រើន​ថែម​ទៀត​ទេ។

ទស្សនៈ​ស្រដៀង​គ្នា​ត្រូវ​បានបង្ហាញ ជា​សារតាមប្រព័ន្ធ​អ៊ីនធឺណិត​ មុន​ពេលការ​ប្រកួតយក​ពានរង្វាន់បាល់ទាត់​ពិភពលោក។​ អ្នក​និពន្ធ​ម្នាក់​ ដែលឆ្ងល់​ថា​តើ​ហេតុអ្វី​បាន​ជាទឹក​ប្រាក់​យ៉ាង​ច្រើនត្រូវ​បាន​ចំណាយ​ទៅ​លើ​ការ​ប្រកួត​កីឡា បាន​និយាយ​ថា ​គាត់​ស្រឡាញ់កីឡាបាល់ទាត់​ ប៉ុន្តែ​ថា​ ជីវិត​មនុស្ស​គួរ​តែ​គិត​គូរ​មុន​កីឡា​បាល់​ទាត់។

សេដ្ឋ​វិទូផ្សេងៗ ដែល​ជាអ្នក​រៀប​ចំ​កីឡា​បាល់​ទាត់​ និង​មន្រ្តី​អាហ្វ្រិក​ខាង​ត្បូងនិយាយ​ថា ការ​ប្រកួត​យក​ពាន​រង្វាន់បាល់​ទាត់​ពិភពលោក ​នឹង​នាំ​មក​នូវឱកាសសេដ្ឋកិច្ចសម្រាប់​ពេល​ឥឡូវ​ និង​ពេលអនាគត សម្រាប់​ប្រជាពលរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង​ទាំង​អស់​ និង​សម្រាប់​ទ្វីប​អាហ្រ្វិក ជា​ទូទៅ តាម​រយៈការទាញការយក​ចិត្ត​ទុក​ដាក់​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនា​សម្ពន័្ធ​ សក្តានុពលទេសចរណ៍​ និង​ឧស្សាហកម្ម​ទូរស័ព្ទ​ដៃ​ដ៏​រស់​រវើក​របស់​ទី្វប​មួយ​នេះ៕

XS
SM
MD
LG